២ កូរិនថូស 6:3-10

២ កូរិនថូស 6:3-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​មិន​បង្អាក់​បង្អន់​ចិត្ត​អ្នក​ណា​ម្នាក់​ក្នុង​កិច្ច‌ការ​អ្វី​ឡើយ ក្រែង​មាន​អ្នក​ណា​ចាប់​កំហុសមុខងារ​បម្រើ​របស់​យើង ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​បង្ហាញ​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ ដោយការ​ទ្រាំ‌ទ្រ​ជា​ច្រើន ក្នុង​សេចក្ដី​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀត​ចង្អល់ ការ​វាយ​ដំ ដាក់​គុក កើត​វឹក‌វរ ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្តី​ស្រឡាញ់​ឥត​ពុត​មា​យា ដោយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត និង​ព្រះ‌ចេស្តា​របស់​ព្រះ ព្រម​ទាំង​កាន់​អាវុធ​នៃ​សេចក្ដី​សុចរិត​ជាប់​នឹង​ដៃ ទាំង​ស្តាំ​ទាំង​ឆ្វេង ទាំង​មាន​គេ​គោរព មាន​គេ​បន្ទាប​បន្ថោក ទាំង​មាន​គេ​និយាយ​អាក្រក់ មាន​គេ​និយាយ​ល្អ។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​បោក​ប្រាស់ តែ​យើង​ទៀង​ត្រង់។ ដូច​ជា​គ្មាន​អ្នក​ណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​យ៉ាង​ច្បាស់ ដូច​ជា​ហៀប​នឹង​ស្លាប់ តែ​មើល៍ យើង​មាន​ជីវិត ដូច​ជា​ត្រូវ​គេ​ធ្វើ​ទោស តែ​មិន​ដល់​ស្លាប់​ទេ។ ដូច​ជា​មាន​ទុក្ខ​ព្រួយ តែ​សប្បាយ​ជា‌និច្ច ដូច​ជា​ទ័ល‌ក្រ តែ​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ជា​មាន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ។

ចែក​រំលែក
អាន ២ កូរិនថូស 6

២ កូរិនថូស 6:3-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​មិន​ចង់​ឲ្យ​កើត​មាន​រឿង​អ្វី​មួយ ដែល​បណ្ដាល​ឲ្យ​នរណា​ម្នាក់​ជំពប់​ចិត្ត បាត់​ជំនឿ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​បន្ទោស​មុខងារ​របស់​យើង។ ផ្ទុយ​ទៅ​វិញ យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ដោយ​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ខ្វះ​ខាត ភ័យ​បារម្ភ គេ​វាយ‌ដំ​យើង គេ​ឃុំ‌ឃាំង​យើង គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​យើង។ យើង​ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ។ យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ដោយ​មាន​ចិត្ត​បរិសុទ្ធ* ដោយ​ស្គាល់​ព្រះ‌ជាម្ចាស់ ដោយ​មាន​ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ដោយ​មាន​ចិត្ត​ស្រឡាញ់​ឥត​ពុត‌ត្បុត ដោយ​ប្រកាស​សេចក្ដី​ពិត ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ យើង​យក​សេចក្ដី​សុចរិត*​ធ្វើ​ជា​អាវុធ​វាយ​ប្រយុទ្ធ និង​ការពារ ទាំង​ទ្រាំ‌ទ្រ នៅ​ពេល​គេ​គោរព​យើង​ក្ដី បន្ទាប​បន្ថោក​យើង​ក្ដី នៅ​ពេល​គេ​និយាយ​អាក្រក់ ឬ​និយាយ​ល្អ​ពី​យើង​ក្ដី។ គេ​ចាត់​ទុក​យើង​ថា​ជា​ជន​បោក​ប្រាស់ តែ​យើង​ជា​មនុស្ស​ទៀង​ត្រង់។ គេ​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដែល​គ្មាន​នរណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​ស្គាល់​យើង​យ៉ាង​ច្បាស់។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​ហៀប​នឹង​ស្លាប់ តែ​យើង​ពិត​ជា​នៅ​មាន​ជីវិត។ គេ​ធ្វើ​ទារុណ‌កម្ម​យើង តែ​យើង​គ្មាន​ទោស​ដល់​ស្លាប់​ទេ។ គេ​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ តែ​យើង​សប្បាយ​ចិត្ត​ជានិច្ច។ យើង​ដូច​ជា​អ្នក​ក្រ តែ​យើង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ជា​អ្នក​មាន យើង​ដូច​ជា​គ្មាន​អ្វី​សោះ តែ​យើង​មាន​សព្វ​គ្រប់​ទាំង​អស់​វិញ។

ចែក​រំលែក
អាន ២ កូរិនថូស 6

២ កូរិនថូស 6:3-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យើង​ខ្ញុំ​ក៏​មិន​បង្អាក់‌បង្អន់​ចិត្ត​ដល់​អ្នក​ណា​ក្នុង​កិច្ច‌ការ​អ្វី​ឡើយ ក្រែង​មាន​អ្នក​ណា​ថ្កោល​ទោស​ចំពោះ​ការ‌ងារ​នេះ ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​យើង​ខ្ញុំ​ខំ​ផ្ទុក‌ផ្តាក់​ខ្លួន ទុក​ដូច​ជា​អ្នក​បំរើ​ព្រះ គឺ​ក្នុង​ការ​ទ្រាំ‌ទ្រ​ជា​ច្រើន ក្នុង​ការ​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀត‌ចង្អល់ កាល​គេ​វាយ ដាក់​គុក កើត​វឹកវរ ក្នុង​ការ​នឿយ‌ហត់ ចាំ​យាម តម​អត់ ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្ដី​ស្រឡាញ់​ស្មោះ‌ត្រង់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​សុចរិត ទាំង​ស្តាំ​ទាំង​ឆ្វេង ដោយ​មាន​កេរ្តិ៍​ឈ្មោះ ហើយ​ត្រូវ​អាប់‌ឱន ដោយ​គេ​និយាយ​អាក្រក់ ឬ​ល្អ​ក្តី ទុក​ដូច​ជា​មនុស្ស​កំភូត តែ​ពិត​ត្រង់​ទេ ដូច​ជា​គ្មាន​អ្នក​ណា​ស្គាល់​យើង​ខ្ញុំ តែ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​វិញ ដូច​ជា​ហៀប​នឹង​ស្លាប់ តែ​មើល យើង​ខ្ញុំ​រស់​ទេ ដូច​ជា​ត្រូវ​វាយ‌ផ្ចាល តែ​មិន​បាន​ដល់​ស្លាប់​ទេ ដូច​ជា​មាន​សេចក្ដី​ព្រួយ តែ​ចេះ​តែ​បាន​សប្បាយ​វិញ ដូច​ជា​ទ័ល‌ក្រ តែ​កំពុង​តែ​ចំរើន​ដល់​មនុស្ស​ជា​ច្រើន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ។

ចែក​រំលែក
អាន ២ កូរិនថូស 6