២ កូរិនថូស 6:1-16

២ កូរិនថូស 6:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដោយ​យើង​ធ្វើ​ការ​ជា​មួយ​ព្រះ យើង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ទទួល​ព្រះ‌គុណ​របស់​ព្រះ ជា​អសា​ឥត​ការ​ឡើយ។ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​បាន​ស្តាប់​អ្នក នៅ​វេលា​ដែល​យើង​គាប់​ចិត្ត ហើយ​យើង​បាន​ជួយ​អ្នក នៅ​ថ្ងៃ​ដែល​យើង​សង្គ្រោះ »។ មើល៍ វេលា​ដែល​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ គឺ​ឥឡូវ​នេះ​ហើយ! មើល៍ ថ្ងៃ​ដែល​ព្រះ‌សង្គ្រោះ គឺ​ឥឡូវ​នេះ​ហើយ! យើង​មិន​បង្អាក់​បង្អន់​ចិត្ត​អ្នក​ណា​ម្នាក់​ក្នុង​កិច្ច‌ការ​អ្វី​ឡើយ ក្រែង​មាន​អ្នក​ណា​ចាប់​កំហុសមុខងារ​បម្រើ​របស់​យើង ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​បង្ហាញ​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ ដោយការ​ទ្រាំ‌ទ្រ​ជា​ច្រើន ក្នុង​សេចក្ដី​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀត​ចង្អល់ ការ​វាយ​ដំ ដាក់​គុក កើត​វឹក‌វរ ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្តី​ស្រឡាញ់​ឥត​ពុត​មា​យា ដោយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត និង​ព្រះ‌ចេស្តា​របស់​ព្រះ ព្រម​ទាំង​កាន់​អាវុធ​នៃ​សេចក្ដី​សុចរិត​ជាប់​នឹង​ដៃ ទាំង​ស្តាំ​ទាំង​ឆ្វេង ទាំង​មាន​គេ​គោរព មាន​គេ​បន្ទាប​បន្ថោក ទាំង​មាន​គេ​និយាយ​អាក្រក់ មាន​គេ​និយាយ​ល្អ។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​បោក​ប្រាស់ តែ​យើង​ទៀង​ត្រង់។ ដូច​ជា​គ្មាន​អ្នក​ណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​យ៉ាង​ច្បាស់ ដូច​ជា​ហៀប​នឹង​ស្លាប់ តែ​មើល៍ យើង​មាន​ជីវិត ដូច​ជា​ត្រូវ​គេ​ធ្វើ​ទោស តែ​មិន​ដល់​ស្លាប់​ទេ។ ដូច​ជា​មាន​ទុក្ខ​ព្រួយ តែ​សប្បាយ​ជា‌និច្ច ដូច​ជា​ទ័ល‌ក្រ តែ​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ជា​មាន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ។ បង‌ប្អូន​អ្នក​ក្រុង​កូរិន‌ថូស​អើយ យើង​បាន​និយាយ​មក​កាន់​អ្នក​រាល់​គ្នា ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់​លៀម​អ្វី​ឡើយ។ យើង​មិន​ចង្អៀត​ចង្អល់​នឹង​អ្នក​រាល់​គ្នា​ទេ គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​តើ​ដែល​ចង្អៀត​ចង្អល់។ ឥឡូវ​នេះ ខ្ញុំ​និយាយ​មក​អ្នក​រាល់​គ្នា ដូច​ជា​និយាយ​ទៅ​កាន់​កូន ដូច្នេះ ជា​ការ​តប​ស្នង ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ទូលាយ​ឡើង។ មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ ដ្បិត​តើ​សេចក្តី​សុចរិត និង​សេចក្ដី​ទទឹង​ច្បាប់ មាន​អ្វី​ប្រកប​នឹង​គ្នា? ឬ​ពន្លឺ និង​សេចក្ដី​ងងឹត លាយ​ឡំ​គ្នា​ដូច​ម្តេច​បាន? តើ​ព្រះ‌គ្រីស្ទ និង​អារក្ស​បេ‌លាល​ត្រូវ​គ្នា​ដូច​ម្ដេច​បាន? ឬ​មួយ​អ្នក​ជឿ​មាន​ចំណែក​អ្វី​ជាមួយ​អ្នក​មិន​ជឿ? តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង» ។

ចែក​រំលែក
អាន ២ កូរិនថូស 6

២ កូរិនថូស 6:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​យើង​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ យើង​សូម​ទូន្មាន​បងប្អូន​ថា កុំ​ទទួល​ព្រះ‌គុណ​របស់​ព្រះអង្គ យក​មក​ទុក​ចោល​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «យើង​បាន​ឆ្លើយ​តប​មក​អ្នក នៅ​គ្រា​ណា​ដែល​យើង​គាប់​ចិត្ត យើង​បាន​ជួយ​អ្នក​នៅ​ថ្ងៃ​ណា​ដែល​យើង សង្គ្រោះ​មនុស្ស​លោក» ។ គ្រា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ គឺ​ឥឡូវ​នេះ​ហើយ! គឺ​ឥឡូវ​នេះ​ហើយ ជា​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក!។ យើង​មិន​ចង់​ឲ្យ​កើត​មាន​រឿង​អ្វី​មួយ ដែល​បណ្ដាល​ឲ្យ​នរណា​ម្នាក់​ជំពប់​ចិត្ត បាត់​ជំនឿ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​បន្ទោស​មុខងារ​របស់​យើង។ ផ្ទុយ​ទៅ​វិញ យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ដោយ​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ខ្វះ​ខាត ភ័យ​បារម្ភ គេ​វាយ‌ដំ​យើង គេ​ឃុំ‌ឃាំង​យើង គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​យើង។ យើង​ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ។ យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ដោយ​មាន​ចិត្ត​បរិសុទ្ធ* ដោយ​ស្គាល់​ព្រះ‌ជាម្ចាស់ ដោយ​មាន​ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ដោយ​មាន​ចិត្ត​ស្រឡាញ់​ឥត​ពុត‌ត្បុត ដោយ​ប្រកាស​សេចក្ដី​ពិត ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ យើង​យក​សេចក្ដី​សុចរិត*​ធ្វើ​ជា​អាវុធ​វាយ​ប្រយុទ្ធ និង​ការពារ ទាំង​ទ្រាំ‌ទ្រ នៅ​ពេល​គេ​គោរព​យើង​ក្ដី បន្ទាប​បន្ថោក​យើង​ក្ដី នៅ​ពេល​គេ​និយាយ​អាក្រក់ ឬ​និយាយ​ល្អ​ពី​យើង​ក្ដី។ គេ​ចាត់​ទុក​យើង​ថា​ជា​ជន​បោក​ប្រាស់ តែ​យើង​ជា​មនុស្ស​ទៀង​ត្រង់។ គេ​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដែល​គ្មាន​នរណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​ស្គាល់​យើង​យ៉ាង​ច្បាស់។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​ហៀប​នឹង​ស្លាប់ តែ​យើង​ពិត​ជា​នៅ​មាន​ជីវិត។ គេ​ធ្វើ​ទារុណ‌កម្ម​យើង តែ​យើង​គ្មាន​ទោស​ដល់​ស្លាប់​ទេ។ គេ​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ តែ​យើង​សប្បាយ​ចិត្ត​ជានិច្ច។ យើង​ដូច​ជា​អ្នក​ក្រ តែ​យើង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ជា​អ្នក​មាន យើង​ដូច​ជា​គ្មាន​អ្វី​សោះ តែ​យើង​មាន​សព្វ​គ្រប់​ទាំង​អស់​វិញ។ បងប្អូន​អ្នក​ក្រុង​កូរិនថូស​អើយ យើង​និយាយ​មក​បងប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់‌លៀម​អ្វី​ឡើយ យើង​មិន​ចង្អៀត‌ចង្អល់​ចំពោះ​បងប្អូន​ទេ គឺ​បងប្អូន​ទេ​តើ ដែល​មាន​ចិត្ត​ចង្អៀត‌ចង្អល់។ ខ្ញុំ​និយាយ​មក​បងប្អូន​ដូច​និយាយ​ទៅ​កាន់​កូន​ចៅ​របស់​ខ្ញុំ ដូច្នេះ សូម​បងប្អូន​មាន​ចិត្ត​ទូ‌លាយ​ជា​មួយ​យើង ដូច​ជា​យើង​មាន​ចិត្ត​ទូ‌លាយ​ចំពោះ​បងប្អូន​ដែរ។ សូម​កុំ​សេព‌គប់​ជា​មួយ​អ្នក​មិន​ជឿ​ឡើយ។ តើ​សេចក្ដី​សុចរិត និង​សេចក្ដី​ទុច្ចរិត​ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ? តើ​ពន្លឺ និង​ភាព​ងងឹត ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ? តើ​ព្រះ‌គ្រិស្ត* និង​មារ*​សាតាំង​ចុះ​សម្រុង​គ្នា​កើត​ឬ​ទេ? តើ​អ្នក​ជឿ និង​អ្នក​មិន​ជឿ​មាន​ទំនាក់‌ទំនង​អ្វី​នឹង​គ្នា? តើ​ព្រះ‌វិហារ*​របស់​ព្រះ‌ជាម្ចាស់ និង​ព្រះ‌ក្លែងក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង» ។

ចែក​រំលែក
អាន ២ កូរិនថូស 6

២ កូរិនថូស 6:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ដែល​យើង​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ បាន​ជា​យើង​ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ទទួល​ព្រះ‌គុណ​របស់​ព្រះ ដោយ​បែប​ឥត​ប្រយោជន៍​ឡើយ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា «នៅ​វេលា​ដែល​គាប់​ចិត្ត​ដល់​អញ នោះ​អញ​បាន​ស្តាប់​ឯង ហើយ​ក្នុង​ថ្ងៃ​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង» មើល ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះ‌ហឫទ័យ​ទ្រង់ មើល ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ យើង​ខ្ញុំ​ក៏​មិន​បង្អាក់‌បង្អន់​ចិត្ត​ដល់​អ្នក​ណា​ក្នុង​កិច្ច‌ការ​អ្វី​ឡើយ ក្រែង​មាន​អ្នក​ណា​ថ្កោល​ទោស​ចំពោះ​ការ‌ងារ​នេះ ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​យើង​ខ្ញុំ​ខំ​ផ្ទុក‌ផ្តាក់​ខ្លួន ទុក​ដូច​ជា​អ្នក​បំរើ​ព្រះ គឺ​ក្នុង​ការ​ទ្រាំ‌ទ្រ​ជា​ច្រើន ក្នុង​ការ​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀត‌ចង្អល់ កាល​គេ​វាយ ដាក់​គុក កើត​វឹកវរ ក្នុង​ការ​នឿយ‌ហត់ ចាំ​យាម តម​អត់ ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្ដី​ស្រឡាញ់​ស្មោះ‌ត្រង់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​សុចរិត ទាំង​ស្តាំ​ទាំង​ឆ្វេង ដោយ​មាន​កេរ្តិ៍​ឈ្មោះ ហើយ​ត្រូវ​អាប់‌ឱន ដោយ​គេ​និយាយ​អាក្រក់ ឬ​ល្អ​ក្តី ទុក​ដូច​ជា​មនុស្ស​កំភូត តែ​ពិត​ត្រង់​ទេ ដូច​ជា​គ្មាន​អ្នក​ណា​ស្គាល់​យើង​ខ្ញុំ តែ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​វិញ ដូច​ជា​ហៀប​នឹង​ស្លាប់ តែ​មើល យើង​ខ្ញុំ​រស់​ទេ ដូច​ជា​ត្រូវ​វាយ‌ផ្ចាល តែ​មិន​បាន​ដល់​ស្លាប់​ទេ ដូច​ជា​មាន​សេចក្ដី​ព្រួយ តែ​ចេះ​តែ​បាន​សប្បាយ​វិញ ដូច​ជា​ទ័ល‌ក្រ តែ​កំពុង​តែ​ចំរើន​ដល់​មនុស្ស​ជា​ច្រើន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ។ ឱ​ពួក​កូរិន‌ថូស​អើយ មាត់​យើង​ខ្ញុំ​បើក​ចំពោះ​អ្នក​រាល់​គ្នា​ហើយ ចិត្ត​យើង​ខ្ញុំ​បាន​ទូលាយ​ឡើង អ្នក​រាល់​គ្នា​មិន​ចង្អៀត​ក្នុង​យើង​ខ្ញុំ​ទេ គឺ​ចង្អៀត​តែ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​វិញ ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​ដល់​កូន​ថា ចូរ​សង​ដូច​គ្នា​វិញ ដោយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង​ដូច្នោះ​ដែរ។ កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ ដ្បិត​ឯ​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទទឹង​ច្បាប់ តើ​មាន​ការ​ប្រកប​អ្វី​នឹង​គ្នា ឬ​ពន្លឺ នឹង​ងងឹត លាយ‌ឡំ​គ្នា​ដូច​ម្តេច​បាន តើ​ព្រះ‌គ្រីស្ទ នឹង​អារក្ស​បេ‌លាល​ត្រូវ​អ្វី​នឹង​គ្នា ឬ​អ្នក​ជឿ​មាន​ចំណែក​អ្វី​នឹង​អ្នក​ដែល​មិន​ជឿ តើ​វិហារ​នៃ​ព្រះ​សំណំ​អ្វី​នឹង​រូប​ព្រះ ដ្បិត​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ជា​ព្រះ​ទ្រង់​មាន​បន្ទូល​ថា «អញ​នឹង​នៅ​ក្នុង​គេ ហើយ​នឹង​ដើរ​ជា​មួយ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ»

ចែក​រំលែក
អាន ២ កូរិនថូស 6