២ កូរិនថូស 5:6-10
២ កូរិនថូស 5:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ យើងមានចិត្តជឿជាក់ជានិច្ច ហើយដឹងថា ដរាបណាយើងជ្រកកោនក្នុងរូបកាយនេះនៅឡើយ នោះយើងនៅឃ្លាតពីព្រះអម្ចាស់ ដ្បិតយើងដើរដោយជំនឿ មិនមែនដោយមើលឃើញទេ។ យើងមានចិត្តជឿជាក់ ហើយយើងសុខចិត្តឃ្លាតពីរូបកាយនេះ ទៅនៅជាមួយព្រះអម្ចាស់ជាជាង។ ដូច្នេះ ទោះជាយើងនៅជ្រកកោន ឬឃ្លាតពីរូបកាយនេះក្តី យើងមានបំណងចង់ឲ្យបានគាប់ព្រះហឫទ័យព្រះអង្គ។ ដ្បិតយើងទាំងអស់គ្នាត្រូវឈរនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះនៅឡើយ ទោះល្អ ឬអាក្រក់ក្តី។
២ កូរិនថូស 5:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ យើងមានចិត្តក្លាហានជានិច្ច។ យើងដឹងថា ដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីព្រះអម្ចាស់ ដ្បិតយើងដើរដោយមានជំនឿ មិនមែនដោយមើលឃើញនោះទេ។ យើងមានចិត្តក្លាហាន យើងចូលចិត្តឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់ប្រសើរជាង។ ទោះបីយើងស្ថិតនៅក្នុងរូបកាយនេះ ឬក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្ដី យើងមានបំណងធ្វើយ៉ាងណាឲ្យតែបានគាប់ព្រះហឫទ័យព្រះអង្គ ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់ព្រះគ្រិស្ត ដើម្បីឲ្យម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។
២ កូរិនថូស 5:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ជាដរាប ហើយដឹងថា ដែលយើងខ្ញុំនៅក្នុងរូបកាយនេះ នោះយើងខ្ញុំនៅឃ្លាតពីព្រះអម្ចាស់ ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ ហើយក៏សុខចិត្តស៊ូចេញពីរូបកាយនេះ ទៅនៅជាមួយនឹងព្រះអម្ចាស់ជាជាង ហេតុនោះបានជាយើងខ្ញុំសង្វាត ឲ្យបានគាប់ដល់ព្រះហឫទ័យទ្រង់ ទោះនៅក្នុងរូបកាយ ឬឃ្លាតពីរូបកាយក្តី ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី