២ កូរិនថូស 5:17-21
២ កូរិនថូស 5:17-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ! គ្រប់ទាំងអស់មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងឲ្យជានានឹងព្រះអង្គវិញ តាមរយៈព្រះគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះមកយើង គឺនៅក្នុងព្រះគ្រីស្ទ ព្រះកំពុងផ្សះផ្សាមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេទៀត ហើយព្រះអង្គបានប្រគល់ព្រះបន្ទូលនៃការផ្សះផ្សានោះមកយើង។ ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង គឺយើងអង្វរអ្នករាល់គ្នាជំនួសព្រះគ្រីស្ទថា ចូរជានានឹងព្រះវិញទៅ។ ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
២ កូរិនថូស 5:17-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ត អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។ ការទាំងនេះកើតមកពីព្រះជាម្ចាស់ ដែលសម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ត ហើយប្រទានឲ្យយើងមានមុខងារសម្រុះសម្រួលមនុស្សម្នាឲ្យជានានឹងព្រះអង្គវិញដែរ។ នៅក្នុងអង្គព្រះគ្រិស្ត ព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ ដូច្នេះ យើងជាទូតរបស់ព្រះគ្រិស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រិស្តថា ទុកឲ្យព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញទៅ។ ព្រះគ្រិស្តគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យសុចរិត*រួមជាមួយព្រះគ្រិស្តដែរ។
២ កូរិនថូស 5:17-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ គ្រប់ទាំងអស់ក៏មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយនឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត ហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ។ ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។