២ កូរិនថូស 4:2-6

២ កូរិនថូស 4:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​បាន​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស យើង​មិន​ប្រព្រឹត្ត​ដោយ​ល្បិច​កល ឬ​បំប្លែង​ព្រះ‌បន្ទូល​របស់​ព្រះ​ឡើយ គឺ​យើង​បង្ហាញ​ខ្លួន​យើង​ដល់​មន‌សិការ​របស់​មនុស្ស​ទាំង​អស់ ដោយ​បើក​សម្ដែង​សេចក្តី​ពិត នៅ​ចំពោះ​ព្រះ។ ប្រសិន‌បើ​ដំណឹង​ល្អ​របស់​យើង​ត្រូវ​គ្រប​បាំង នោះ​គ្រប​បាំង​តែ​ចំពោះ​អស់​អ្នក​ដែល​កំពុង​តែ​វិនាស​ប៉ុណ្ណោះ ជា​អ្នក​ដែល​ព្រះ​របស់​លោកីយ៍​នេះ បាន​ធ្វើ​ឲ្យ​គំនិត​របស់​គេ​ដែល​មិន​ជឿ ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​ដំណឹង​ល្អ​នៃ​សិរី​ល្អ​របស់​ព្រះ‌គ្រីស្ទ ដែល​ជា​រូប​អង្គ​ព្រះ​ភ្លឺ​ដល់​គេ។ យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ហើយ​រាប់​ខ្លួន​យើង​ជា​បាវ​បម្រើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌យេស៊ូវ។ ដ្បិត​ព្រះ​ដែល​មាន​ព្រះ​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត» ទ្រង់​បាន​បំភ្លឺ​ក្នុង​ចិត្ត​យើង ដើម្បី​ឲ្យ​យើង​ស្គាល់​ពន្លឺ​សិរី​ល្អ​របស់​ព្រះ ដែល​ភ្លឺ​ពី​ព្រះ‌ភក្ត្រ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

ចែក​រំលែក
អាន ២ កូរិនថូស 4

២ កូរិនថូស 4:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​បដិសេធ​មិន​ប្រព្រឹត្ត​ការ​លួច​លាក់​ណា​ដែល​គួរ​ឲ្យ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ឲ្យ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​ឲ្យ​ទុក​ចិត្ត​លើ​យើង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ ប្រសិន​បើ​អត្ថ‌ន័យ​នៃ​ដំណឹង‌ល្អ*​នៅ​តែ​លាក់​កំបាំង គឺ​លាក់​កំបាំង​តែ​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ​ប៉ុណ្ណោះ ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នៃ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត ជា​តំណាង របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។ យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​អំពី​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់ ហើយ​យើង​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​បងប្អូន ព្រោះ​តែ​ព្រះ‌យេស៊ូ​នេះ​ហើយ។ ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ព្រះអង្គ​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់​នូវ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដែល​ភ្លឺ​ចាំង​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌គ្រិស្ត​ដែរ។

ចែក​រំលែក
អាន ២ កូរិនថូស 4

២ កូរិនថូស 4:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យើង​ខ្ញុំ​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ឬ​បំប្លែង​ព្រះ‌បន្ទូល​ឡើយ គឺ​យើង​ខ្ញុំ​ផ្ទុក‌ផ្តាក់​ខ្លួន នឹង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់ នៅ​ចំពោះ​ព្រះ ដោយ​សំដែង​សេចក្ដី​ពិត​វិញ បើ​សិន​ណា​ជា​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ​ត្រូវ​គ្រប​បាំង នោះ​គឺ​ត្រូវ​គ្រប​បាំង​ចំពោះ​តែ​ពួក​អ្នក ដែល​កំពុង​វិនាស​ទេ ជា​ពួក​អ្នក ដែល​ព្រះ​របស់​លោកីយ​នេះ បាន​បង្អាប់​ដល់​គំនិត​ពួក​គេ​ដែល​មិន​ជឿ ក្រែង​រស្មី​ពន្លឺ​នៃ​ដំណឹង​ល្អ ដែល​សំដែង​ពី​សិរី‌ល្អ​នៃ​ព្រះ‌គ្រីស្ទ​ដ៏​ជា​រូប​អង្គ​ព្រះ បាន​ភ្លឺ​មក​ដល់​គេ យើង​ខ្ញុំ​មិន​ប្រកាស​ប្រាប់​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បំរើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​ដែរ ដ្បិត​គឺ​ជា​ព្រះ ដែល​មាន​បន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរី‌ល្អ​របស់​ព្រះ ដែល​នៅ​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ។

ចែក​រំលែក
អាន ២ កូរិនថូស 4