២ កូរិនថូស 4:16-18
២ កូរិនថូស 4:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
២ កូរិនថូស 4:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្តឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្តយើងកាន់តែចម្រើនឡើងជារៀងរាល់ថ្ងៃដែរ ដ្បិតទុក្ខលំបាកបន្តិចបន្តួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលុប ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ ដូច្នេះ យើងមិនចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលឃើញឡើយ គឺយើងចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលមិនឃើញនោះវិញ ដ្បិតអ្វីៗដែលភ្នែកមើលឃើញនៅស្ថិតស្ថេរតែមួយរយៈប៉ុណ្ណោះ តែអ្វីៗដែលភ្នែកមើលមិនឃើញនៅស្ថិតស្ថេរអស់កល្បជានិច្ច។
២ កូរិនថូស 4:16-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។