២ កូរិនថូស 4:1-6
២ កូរិនថូស 4:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ដោយសារយើងបានទទួលសេចក្តីមេត្តាករុណារបស់ព្រះ ទើបយើងមានការងារបម្រើនេះ ហើយយើងមិនរសាយចិត្តឡើយ។ យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។ ប្រសិនបើដំណឹងល្អរបស់យើងត្រូវគ្របបាំង នោះគ្របបាំងតែចំពោះអស់អ្នកដែលកំពុងតែវិនាសប៉ុណ្ណោះ ជាអ្នកដែលព្រះរបស់លោកីយ៍នេះ បានធ្វើឲ្យគំនិតរបស់គេដែលមិនជឿ ទៅជាងងឹត មិនឲ្យគេឃើញពន្លឺដំណឹងល្អនៃសិរីល្អរបស់ព្រះគ្រីស្ទ ដែលជារូបអង្គព្រះភ្លឺដល់គេ។ យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយរាប់ខ្លួនយើងជាបាវបម្រើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវ។ ដ្បិតព្រះដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត» ទ្រង់បានបំភ្លឺក្នុងចិត្តយើង ដើម្បីឲ្យយើងស្គាល់ពន្លឺសិរីល្អរបស់ព្រះ ដែលភ្លឺពីព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
២ កូរិនថូស 4:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា ប្រគល់មុខងារនេះមកឲ្យយើងបំពេញ យើងមិនបាក់ទឹកចិត្តឡើយ។ យើងបដិសេធមិនប្រព្រឹត្តការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្តលើយើង នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ ប្រសិនបើអត្ថន័យនៃដំណឹងល្អ*នៅតែលាក់កំបាំង គឺលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្តរាយប៉ុណ្ណោះ ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្តគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អរបស់ព្រះគ្រិស្ត ជាតំណាង របស់ព្រះជាម្ចាស់នោះឡើយ។ យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែព្រះយេស៊ូនេះហើយ។ ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ព្រះអង្គក៏បានបំភ្លឺចិត្តគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពីព្រះភ័ក្ត្ររបស់ព្រះគ្រិស្តដែរ។
២ កូរិនថូស 4:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្ដីមេត្តាករុណា ដែលយើងខ្ញុំទទួលមក យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្តាក់ខ្លួន នឹងបញ្ញាចិត្តរបស់មនុស្សទាំងអស់ នៅចំពោះព្រះ ដោយសំដែងសេចក្ដីពិតវិញ បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ ជាពួកអ្នក ដែលព្រះរបស់លោកីយនេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ ដ្បិតគឺជាព្រះ ដែលមានបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។