២ កូរិនថូស 4:1-12
២ កូរិនថូស 4:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ដោយសារយើងបានទទួលសេចក្តីមេត្តាករុណារបស់ព្រះ ទើបយើងមានការងារបម្រើនេះ ហើយយើងមិនរសាយចិត្តឡើយ។ យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។ ប្រសិនបើដំណឹងល្អរបស់យើងត្រូវគ្របបាំង នោះគ្របបាំងតែចំពោះអស់អ្នកដែលកំពុងតែវិនាសប៉ុណ្ណោះ ជាអ្នកដែលព្រះរបស់លោកីយ៍នេះ បានធ្វើឲ្យគំនិតរបស់គេដែលមិនជឿ ទៅជាងងឹត មិនឲ្យគេឃើញពន្លឺដំណឹងល្អនៃសិរីល្អរបស់ព្រះគ្រីស្ទ ដែលជារូបអង្គព្រះភ្លឺដល់គេ។ យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយរាប់ខ្លួនយើងជាបាវបម្រើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវ។ ដ្បិតព្រះដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត» ទ្រង់បានបំភ្លឺក្នុងចិត្តយើង ដើម្បីឲ្យយើងស្គាល់ពន្លឺសិរីល្អរបស់ព្រះ ដែលភ្លឺពីព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។ ប៉ុន្ដែ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីបញ្ជាក់ថា ព្រះចេស្ដាដ៏លើសលុបនេះជារបស់ព្រះ មិនមែនជារបស់យើងទេ។ យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លច្រក ត្រូវវិលវល់ តែមិនអស់សង្ឃឹម យើងត្រូវគេបៀតបៀន តែមិនត្រូវបោះបង់ចោលឡើយ ត្រូវគេវាយឲ្យដួល តែមិនស្លាប់ទេ យើងផ្ទុកសេចក្តីសុគតរបស់ព្រះយេស៊ូវនៅក្នុងរូបកាយជានិច្ច ដើម្បីឲ្យព្រះជន្មរបស់ព្រះយេស៊ូវបានសម្ដែងមកក្នុងរូបកាយរបស់យើងដែរ។ ដ្បិតយើងដែលរស់នៅ នោះយើងប្រគល់ដល់សេចក្តីស្លាប់ជានិច្ច ដោយព្រោះព្រះយេស៊ូវ ដើម្បីឲ្យព្រះជន្មរបស់ព្រះយេស៊ូវបានសម្ដែងមកក្នុងរូបសាច់របស់យើង ដែលតែងតែស្លាប់នេះ។ ដូច្នេះហើយបានជាសេចក្តីស្លាប់កំពុងធ្វើការនៅក្នុងយើង តែជីវិតកំពុងធ្វើការនៅក្នុងអ្នករាល់គ្នាវិញ។
២ កូរិនថូស 4:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា ប្រគល់មុខងារនេះមកឲ្យយើងបំពេញ យើងមិនបាក់ទឹកចិត្តឡើយ។ យើងបដិសេធមិនប្រព្រឹត្តការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្តលើយើង នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ ប្រសិនបើអត្ថន័យនៃដំណឹងល្អ*នៅតែលាក់កំបាំង គឺលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្តរាយប៉ុណ្ណោះ ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្តគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អរបស់ព្រះគ្រិស្ត ជាតំណាង របស់ព្រះជាម្ចាស់នោះឡើយ។ យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែព្រះយេស៊ូនេះហើយ។ ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ព្រះអង្គក៏បានបំភ្លឺចិត្តគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពីព្រះភ័ក្ត្ររបស់ព្រះគ្រិស្តដែរ។ យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។ គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ ក្នុងរូបកាយយើង យើងផ្ទុកសេចក្ដីឈឺចាប់របស់ព្រះយេស៊ូជានិច្ច ដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ ព្រោះតែព្រះយេស៊ូ យើងដែលកំពុងរស់ តែងតែប្រឈមមុខទល់នឹងសេចក្ដីស្លាប់ជានិច្ច ដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង ដែលតែងតែស្លាប់។ ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចម្រើនឡើង។
២ កូរិនថូស 4:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្ដីមេត្តាករុណា ដែលយើងខ្ញុំទទួលមក យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្តាក់ខ្លួន នឹងបញ្ញាចិត្តរបស់មនុស្សទាំងអស់ នៅចំពោះព្រះ ដោយសំដែងសេចក្ដីពិតវិញ បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ ជាពួកអ្នក ដែលព្រះរបស់លោកីយនេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ ដ្បិតគឺជាព្រះ ដែលមានបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្ដីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ យើងខ្ញុំផ្ទុកសេចក្ដីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបកាយយើងខ្ញុំដែរ ដ្បិតយើងរាល់គ្នាដែលរស់នៅ នោះយើងត្រូវប្រគល់ដល់សេចក្ដីស្លាប់ជាដរាប ដោយព្រោះព្រះយេស៊ូវ ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបសាច់យើង ដែលតែងតែស្លាប់នេះ ហេតុនោះបានជាសេចក្ដីស្លាប់កំពុងតែចំរើនឡើងក្នុងយើងខ្ញុំ តែជីវិតចំរើនក្នុងអ្នករាល់គ្នាវិញ