២ កូរិនថូស 3:12-18

២ កូរិនថូស 3:12-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ដោយ​យើង​មាន​សេចក្តី​សង្ឃឹម​បែប​នេះ​ហើយ បាន​ជា​យើង​និយាយ​ដោយក្លា‌ហាន មិន​មែន​ដូច​លោក​ម៉ូសេ ដែល​យក​ស្បៃ​បាំង​មុខ ដើម្បី​កុំ​ឲ្យ​ប្រជា​ជន​អ៊ីស្រា‌អែល សម្លឹង​មើល​ចុង​បញ្ចប់​នៃ​អ្វី​ដែល​កំពុង​តែ​សាប​សូន្យ​ទៅ​នោះ​ឡើយ។ ប៉ុន្ដែ គំនិត​របស់​គេ​រឹង​រូស ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​គ្រប​ដដែល ព្រោះ​មាន​តែ​ក្នុង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ទើប​ស្បៃ​នោះ​សាប​សូន្យ​ទៅ។ ដរាប​មក​ទល់​ថ្ងៃ​នេះ កាល​ណា​គេ​អាន​គម្ពីរ​លោក​ម៉ូសេ នោះ​មាន​ស្បៃ​មួយ​បាំង​ចិត្ត​របស់​គេ ប៉ុន្ដែ នៅ​ពេល​គេ​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ក៏​ត្រូវ​បាន​ដោះ​ចេញ​ទៅ រីឯ​ព្រះ‌អម្ចាស់ ទ្រង់​ជា​ព្រះ‌វិញ្ញាណ ហើយកន្លែង​ណា​ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ កន្លែង​នោះ​មាន​សេរីភាព។ យើង​ទាំង‌អស់​គ្នា ដែល​គ្មាន​ស្បៃ​បាំង​មុខ កំពុង​តែ​រំពឹង​មើល​សិរី​ល្អ​របស់​ព្រះ‌អម្ចាស់ ដូច​ជា​រូប​ឆ្លុះ​នៅ​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី​ល្អ​មួយ ទៅ​សិរី​ល្អ​មួយ ដ្បិត​នេះ​មក​ពី​ព្រះ‌អម្ចាស់ ដែល​ជា​ព្រះ‌វិញ្ញាណ។

ចែក​រំលែក
អាន ២ កូរិនថូស 3

២ កូរិនថូស 3:12-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ យើង​ក៏​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ​ដែរ។ យើង​មិន​ធ្វើ​ដូច​លោក​ម៉ូសេ​ទេ គឺ​លោក​បាន​យក​ស្បៃ​មក​បាំង​មុខ កុំ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​សម្លឹង​មើល​រស្មី​ដែល​មិន​ស្ថិត‌ស្ថេរ​នោះ ចេញ​បាត់​ពី​ផ្ទៃ​មុខ​លោក។ ប៉ុន្តែ គំនិត​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ងងឹត​សូន្យ ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សម្ពន្ធ‌មេត្រី*​ចាស់ ស្បៃ​ដដែល​នោះ​នៅ​បាំង​គំនិត​របស់​គេ។ ស្បៃ​នៅ​បាំង​គេ​ដដែល លុះ​ដល់​គេ​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ទើប​ស្បៃ​នោះ​រសាត់​បាត់​ទៅ។ មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​គេ​អាន​គម្ពីរ​របស់​លោក​ម៉ូសេ មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ត​គេ​មិន​ឲ្យ​យល់ ក៏​ប៉ុន្តែ «នៅ​ពេល​គេ​បែរ​ចិត្ត​គំនិត​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ» ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ‌វិញ្ញាណ នៅ​ទី​ណា​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ នៅ​ទី​នោះ ក៏​មាន​សេរី‌ភាព​ដែរ។ យើង​ទាំង​អស់​គ្នា​ដែល​គ្មាន​ស្បៃ​នៅ​បាំង​មុខ យើង​បញ្ចេញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ដែល​ចាំង​មក​លើ​យើង ហើយ​យើង​នឹង​ផ្លាស់​ប្រែ​ឲ្យ​បាន​ដូច​ព្រះអង្គ គឺ​មាន​សិរី‌រុងរឿង​កាន់​តែ​ភ្លឺ​ឡើងៗ។ នេះ​ហើយ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន ២ កូរិនថូស 3

២ កូរិនថូស 3:12-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​មាន​សេចក្ដី​សង្ឃឹម​ជា​ខ្លាំង​ក្រៃ​ដល់​ម៉្លេះ នោះ​យើង​ខ្ញុំ​កើត​មាន​សេចក្ដី​ក្លាហាន​ណាស់ មិន​មែន​ដូច​លោក​ម៉ូសេ ដែល​យក​ស្បៃ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ជន‌ជាតិ​អ៊ីស្រាអែល បាន​សំឡឹង​មើល​ទៅ​ដល់​ចុង​នៃ​សេចក្ដី ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ​នោះ​ឡើយ តែ​ចិត្ត​គេ​បាន​រឹង‌ទទឹង​វិញ ដ្បិត​ដរាប​ដល់​ឥឡូវ​នេះ កាល​បើ​គេ​មើល​ក្នុង​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​ដដែល ឥត​បក​ចេញ​ឡើយ ដែល​ស្បៃ​នោះ​ត្រូវ​តែ​សូន្យ​បាត់​ទៅ ក្នុង​ព្រះ‌គ្រីស្ទ ដរាប​ដល់​ថ្ងៃ​នេះ កាល​ណា​គេ​មើល​គម្ពីរ​លោក​ម៉ូសេ នោះ​ក៏​គង់​តែ​នៅ​មាន​ស្បៃ​បាំង​ចិត្ត​គេ​នៅ​ឡើយ តែ​កាល​គេ​បាន​ងាក​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ នោះ​ទើប​ស្បៃ​នឹង​បាន​រដោះ​ចោល​ចេញ រីឯ​ព្រះ‌អម្ចាស់ ទ្រង់​ជា​ព្រះ‌វិញ្ញាណ ហើយ​កន្លែង​ណា​ដែល​មាន​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ នោះ​ក៏​មាន​សេរី‌ភាព​ដែរ ហើយ​យើង​រាល់​គ្នា​ទាំង​អស់ ដែល​កំពុង​តែ​រំពឹង​មើល​សិរី‌ល្អ​ព្រះ‌អម្ចាស់ ទាំង​មុខ​ទទេ ដូច​ជា​ឆ្លុះ​មើល​ទ្រង់​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ទៅ ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី‌ល្អ​ទៅ​ដល់​សិរី‌ល្អ គឺ​ដោយ‌សារ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌វិញ្ញាណ។

ចែក​រំលែក
អាន ២ កូរិនថូស 3