២ កូរិនថូស 2:5-11

២ កូរិនថូស 2:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ បើ​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ អ្នក​នោះ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង‌អស់​ព្រួយ​ខ្លះ (ខ្ញុំ​និយាយ​ដូច្នេះ មិន​ចង់​បំផ្លើស​ទេ)។ ទោស​ដែល​អ្នក​រាល់​គ្នា​ភាគ​ច្រើន​បាន​ធ្វើ​ដល់​មនុស្ស​បែប​នេះ នោះ​ល្មម​ហើយ ផ្ទុយ​ទៅ​វិញ សូម​អ្នក​រាល់​គ្នា​អត់​ទោស ហើយកម្សាន្ត​ចិត្ត​គាត់ ក្រែង​គាត់​ត្រូវ​លេប​បាត់ ដោយ​សារ​កើត​ទុក្ខ​ព្រួយ​ហួស​ប្រមាណ។ ដូច្នេះ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ឲ្យ​បញ្ជាក់​ប្រាប់​គាត់​ថា អ្នក​រាល់​គ្នា​ស្រឡាញ់​គាត់។ ដ្បិត​ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​សរសេរ ដើម្បី​ល​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្តាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់ ឬ​យ៉ាង​ណា។ បើ​អ្នក​រាល់​គ្នា​អត់​ទោស​ឲ្យ​អ្នក​ណា នោះ​ខ្ញុំ​ក៏​អត់​ទោស​ឲ្យ​អ្នក​នោះ​ដែរ ចំពោះ​ខ្ញុំ ប្រសិន‌បើ​ខ្ញុំ​បាន​អត់​ទោស​ពី​រឿង​អ្វី​មួយ​មែន នោះ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌គ្រីស្ទ ដើម្បី​កុំ​ឲ្យ​អារក្ស​សាតាំង​មាន​ឱកាស​លើ​យើង ដ្បិត​យើង​មិន​មែន​មិន​ដឹង​ពី​កិច្ច‌កល​របស់​វា​នោះ​ឡើយ។

ចែក​រំលែក
អាន ២ កូរិនថូស 2

២ កូរិនថូស 2:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​នរណា​ម្នាក់​បង្កើត​ឲ្យ​មាន​ទុក្ខ​ព្រួយ មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ទេ គឺ​គាត់​ធ្វើ​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​ព្រួយ​ចិត្ត ឬ​យ៉ាង​ហោច​ណាស់ ក៏​ឲ្យ​បងប្អូន​មួយ​ចំនួន​ព្រួយ​ចិត្ត (ខ្ញុំ​ថា​ដូច្នេះ មក​ពី​មិន​ចង់​បំផ្លើស)។ បើ​បងប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។ សូម​បងប្អូន​អត់‌ទោស​ឲ្យ​គាត់ និង​លើក​ទឹក​ចិត្ត​គាត់​ផង​ទៅ ក្រែង​លោ​គាត់​ពិបាក​ចិត្ត​ខ្លាំង​ពេក រហូត​ដល់​ទៅ​អស់​សង្ឃឹម។ ដូច្នេះ ខ្ញុំ​សូម​ទូន្មាន​បងប្អូន​ធ្វើ​យ៉ាង​ណា​បង្ហាញ​ឲ្យ​ឃើញ​ថា បងប្អូន​ស្រឡាញ់​គាត់។ ខ្ញុំ​សរសេរ​មក ដើម្បី​ល​ចិត្ត​បងប្អូន​មើល ចង់​ដឹង​ថា តើ​បងប្អូន​ពិត​ជា​ស្ដាប់​តាម​សេចក្ដី​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់ ឬ​យ៉ាង​ណា។ បើ​បងប្អូន​លើក‌លែង​ទោស​ឲ្យ​អ្នក​ណា ខ្ញុំ​ក៏​លើក‌លែង​ទោស​ឲ្យ​អ្នក​នោះ​ដែរ។ ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ (ប្រសិន​បើ​មាន​ហេតុ​ដែល​ខ្ញុំ​ត្រូវ​អត់‌ទោស​ឲ្យ​នរណា​ម្នាក់) ខ្ញុំ​លើក‌លែង​ទោស​ឲ្យ​គេ ព្រោះ​តែ​បងប្អូន ដោយ​ខ្ញុំ​យល់​ដល់​ព្រះ‌គ្រិស្ត ដើម្បី​កុំ​ឲ្យ​យើង​ចាញ់​បោក​មារ*​សា‌តាំង ដ្បិត​យើង​ស្គាល់​គម្រោង‌ការ​របស់​វា​ស្រាប់​ហើយ។

ចែក​រំលែក
អាន ២ កូរិនថូស 2

២ កូរិនថូស 2:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ បើ​មាន​អ្នក​ណា​បាន​បណ្តាល​ឲ្យ​កើត​មាន​សេចក្ដី​ព្រួយ នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​មាន​ទុក្ខ​ខ្លះ​វិញ ដ្បិត​ខ្ញុំ​មិន​ចង់​និយាយ​ពន្លើស​ឡើយ ឯ​ទោស​ដែល​ច្រើន​គ្នា​បាន​ធ្វើ​ដល់​មនុស្ស​យ៉ាង​នោះ នោះ​ល្មម​ប៉ុណ្ណឹង​ហើយ បាន​ជា​ស៊ូ​ឲ្យ​អត់​ទោស ហើយ​កំសាន្ត​ចិត្ត​មនុស្ស​នោះ​វិញ ក្រែង​មនុស្ស​នោះ​ត្រូវ​ស្រូប​បាត់ ដោយ​កើត​ទុក្ខ​ព្រួយ​កាន់​តែ​ខ្លាំង​ឡើង ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទូន្មាន ឲ្យ​អ្នក​រាល់​គ្នា​សំដែង​សេចក្ដី​ស្រឡាញ់ ដល់​អ្នក​នោះ​ឲ្យ​ជាក់​លាក់ ដ្បិត​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ដែរ គឺ​ដើម្បី​នឹង​ល​មើល​អ្នក​រាល់​គ្នា​ឲ្យ​ដឹង តើ​នឹង​ស្តាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​ទេ បើ​អ្នក​រាល់​គ្នា​អត់​ទោស​ដល់​អ្នក​ណា​ពី​រឿង​អ្វី នោះ​ខ្ញុំ​ក៏​អត់​ទោស​ដែរ ហើយ​រឿង​អ្វី​ដែល​ខ្ញុំ​បាន​អត់​ទោស​ឲ្យ​គេ បើ​សិន​ជា​បាន​អត់​ទោស​អ្វី​មែន នោះ​គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌គ្រីស្ទ​ហើយ ដើម្បី​មិន​ឲ្យ​អារក្ស​សាតាំង​មាន​ឱកាស​នឹង​ឈ្នះ​យើង​បាន​ឡើយ ដ្បិត​យើង​ស្គាល់​អស់​ទាំង​កិច្ច‌កល​របស់​វា​ហើយ។

ចែក​រំលែក
អាន ២ កូរិនថូស 2