២ កូរិនថូស 2:12-17
២ កូរិនថូស 2:12-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីប្រកាសដំណឹងល្អអំពីព្រះគ្រីស្ទ មានទ្វារមួយបានបើកចំហឲ្យខ្ញុំក្នុងព្រះអម្ចាស់ តែចិត្តខ្ញុំមិនបានធូរស្បើយសោះ ព្រោះនៅទីនោះ ខ្ញុំរកទីតុស ជាបងប្អូនខ្ញុំមិនឃើញ។ ដូច្នេះ ខ្ញុំក៏លាគេ ហើយបន្តដំណើរទៅស្រុកម៉ាសេដូន។ ប៉ុន្ដែ អរព្រះគុណដល់ព្រះ ដែលទ្រង់នាំយើងឲ្យមានជ័យជម្នះជានិច្ចក្នុងព្រះគ្រីស្ទ ហើយតាមរយៈយើង ការស្គាល់ព្រះអង្គ សាយក្លិនក្រអូបនៅគ្រប់ទីកន្លែង។ ដ្បិតយើងជាក្លិនក្រអូបរបស់ព្រះគ្រីស្ទចំពោះព្រះ ក្នុងចំណោមអស់អ្នកដែលកំពុងតែបានសង្គ្រោះ និងក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាស។ ចំពោះមនុស្សមួយពួក ជាក្លិននៃសេចក្តីស្លាប់ ដែលនាំឲ្យស្លាប់ ចំពោះមនុស្សមួយពួកទៀត ជាក្លិននៃជីវិត ឲ្យមានជីវិត។ តើអ្នកណាមានសមត្ថភាពសម្រាប់កិច្ចការនេះ? ដ្បិតយើងមិនមែនរកចំណេញពីព្រះបន្ទូលរបស់ព្រះ ដូចមនុស្សជាច្រើននោះឡើយ តែក្នុងព្រះគ្រីស្ទ យើងនិយាយក្នុងនាមជាមនុស្សស្មោះត្រង់ ជាមនុស្សដែលព្រះបានចាត់ឲ្យមក នៅចំពោះព្រះអង្គ។
២ កូរិនថូស 2:12-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលខ្ញុំបានទៅដល់ក្រុងត្រូអាស ដើម្បីផ្សព្វផ្សាយដំណឹងល្អ*របស់ព្រះគ្រិស្ត ទោះបីព្រះអម្ចាស់បានបើកឱកាសឲ្យខ្ញុំក៏ដោយ ក៏ចិត្តខ្ញុំពុំបានស្ងប់ដែរ ព្រោះរកលោកទីតុសមិនឃើញ។ ហេតុនេះ ខ្ញុំក៏លាពួកបងប្អូននៅក្រុងត្រូអាស ធ្វើដំណើរឆ្ពោះទៅស្រុកម៉ាសេដូន។ សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានឲ្យយើងមានជ័យជម្នះរួមជាមួយព្រះគ្រិស្តជានិច្ច។ ព្រះអង្គប្រោសប្រទានឲ្យមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់ព្រះអង្គ តាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។ ចំពោះព្រះជាម្ចាស់ គឺយើងនេះហើយជាក្លិនក្រអូបរបស់ព្រះគ្រិស្ត ក្នុងចំណោមអស់អ្នកដែលបានទទួលការសង្គ្រោះ និងក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាសអន្តរាយ។ ចំពោះអ្នកវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំឲ្យគេស្លាប់ ចំពោះអ្នកដែលបានទទួលការសង្គ្រោះយើងជាក្លិននៃជីវិត ដែលនាំឲ្យគេមានជីវិត។ តើនរណាមានសមត្ថភាពអាចនឹងបំពេញកិច្ចការនេះបាន? យើងមិនមែនជាអ្នកក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចមនុស្សមួយចំនួនធំនោះឡើយ គឺយើងនិយាយដោយសុទ្ធចិត្ត ក្នុងនាមព្រះជាម្ចាស់ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងនៅក្នុងអង្គព្រះគ្រិស្ត។
២ កូរិនថូស 2:12-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ហើយមានទ្វារបើកឲ្យខ្ញុំ ដោយនូវព្រះអម្ចាស់ នោះខ្ញុំឥតមានធូរក្នុងចិត្តសោះ ដោយហេតុរកទីតុស ជាបងប្អូនខ្ញុំ មិនឃើញ បានជាខ្ញុំលាគេទៅឯស្រុកម៉ាសេដូនវិញ តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែងផង ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ ដល់ពួក១ជាក្លិននៃសេចក្ដីស្លាប់ ឲ្យត្រូវស្លាប់ ដល់ពួក១ទៀត ជាក្លិននៃជីវិត ឲ្យបានរស់នៅ តើអ្នកណាគួរនឹងសេចក្ដីទាំងនេះ ដ្បិតយើងខ្ញុំមិនមែនដូចជាមនុស្សច្រើនគ្នា ដែលបំប្លែងព្រះបន្ទូលនោះទេ គឺដូចជាអ្នកស្មោះត្រង់ ដែលមកពីព្រះវិញ ហើយយើងនិយាយចំពោះព្រះដោយនូវព្រះគ្រីស្ទ។