២ កូរិនថូស 2:1-17
២ កូរិនថូស 2:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំមិនមកជួបអ្នករាល់គ្នាទាំងព្រួយចិត្តទៀតឡើយ។ ដ្បិតបើខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តទៅហើយ តើអ្នកណានឹងធ្វើឲ្យខ្ញុំសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើឲ្យព្រួយចិត្តនោះ? ហេតុនេះបានជាខ្ញុំសរសេរសំបុត្រនោះផ្ញើមកអ្នករាល់គ្នា ដើម្បីកាលណាខ្ញុំមកដល់ ខ្ញុំមិនកើតទុក្ខព្រួយពីអស់អ្នកដែលគួរតែធ្វើឲ្យខ្ញុំអរសប្បាយ ដ្បិតខ្ញុំទុកចិត្តនឹងអ្នករាល់គ្នាទាំងអស់ថា អំណររបស់ខ្ញុំ ក៏ជាអំណររបស់អ្នករាល់គ្នាដែរ។ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នា ទាំងពិបាកចិត្ត ទាំងថប់ព្រួយ ទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយចិត្តទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់ពីសេចក្តីស្រឡាញ់ជាបរិបូរ ដែលខ្ញុំមានចំពោះអ្នករាល់គ្នាវិញ។ ប៉ុន្តែ បើអ្នកណាម្នាក់ធ្វើឲ្យមានទុក្ខព្រួយ អ្នកនោះមិនបានធ្វើឲ្យខ្ញុំព្រួយទេ គឺឲ្យអ្នករាល់គ្នាទាំងអស់ព្រួយខ្លះ (ខ្ញុំនិយាយដូច្នេះ មិនចង់បំផ្លើសទេ)។ ទោសដែលអ្នករាល់គ្នាភាគច្រើនបានធ្វើដល់មនុស្សបែបនេះ នោះល្មមហើយ ផ្ទុយទៅវិញ សូមអ្នករាល់គ្នាអត់ទោស ហើយកម្សាន្តចិត្តគាត់ ក្រែងគាត់ត្រូវលេបបាត់ ដោយសារកើតទុក្ខព្រួយហួសប្រមាណ។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យបញ្ជាក់ប្រាប់គាត់ថា អ្នករាល់គ្នាស្រឡាញ់គាត់។ ដ្បិតដោយហេតុនេះបានជាខ្ញុំសរសេរ ដើម្បីលចិត្តអ្នករាល់គ្នាឲ្យដឹងថា តើអ្នករាល់គ្នាស្តាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ ឬយ៉ាងណា។ បើអ្នករាល់គ្នាអត់ទោសឲ្យអ្នកណា នោះខ្ញុំក៏អត់ទោសឲ្យអ្នកនោះដែរ ចំពោះខ្ញុំ ប្រសិនបើខ្ញុំបានអត់ទោសពីរឿងអ្វីមួយមែន នោះដោយព្រោះអ្នករាល់គ្នានៅចំពោះព្រះគ្រីស្ទ ដើម្បីកុំឲ្យអារក្សសាតាំងមានឱកាសលើយើង ដ្បិតយើងមិនមែនមិនដឹងពីកិច្ចកលរបស់វានោះឡើយ។ កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីប្រកាសដំណឹងល្អអំពីព្រះគ្រីស្ទ មានទ្វារមួយបានបើកចំហឲ្យខ្ញុំក្នុងព្រះអម្ចាស់ តែចិត្តខ្ញុំមិនបានធូរស្បើយសោះ ព្រោះនៅទីនោះ ខ្ញុំរកទីតុស ជាបងប្អូនខ្ញុំមិនឃើញ។ ដូច្នេះ ខ្ញុំក៏លាគេ ហើយបន្តដំណើរទៅស្រុកម៉ាសេដូន។ ប៉ុន្ដែ អរព្រះគុណដល់ព្រះ ដែលទ្រង់នាំយើងឲ្យមានជ័យជម្នះជានិច្ចក្នុងព្រះគ្រីស្ទ ហើយតាមរយៈយើង ការស្គាល់ព្រះអង្គ សាយក្លិនក្រអូបនៅគ្រប់ទីកន្លែង។ ដ្បិតយើងជាក្លិនក្រអូបរបស់ព្រះគ្រីស្ទចំពោះព្រះ ក្នុងចំណោមអស់អ្នកដែលកំពុងតែបានសង្គ្រោះ និងក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាស។ ចំពោះមនុស្សមួយពួក ជាក្លិននៃសេចក្តីស្លាប់ ដែលនាំឲ្យស្លាប់ ចំពោះមនុស្សមួយពួកទៀត ជាក្លិននៃជីវិត ឲ្យមានជីវិត។ តើអ្នកណាមានសមត្ថភាពសម្រាប់កិច្ចការនេះ? ដ្បិតយើងមិនមែនរកចំណេញពីព្រះបន្ទូលរបស់ព្រះ ដូចមនុស្សជាច្រើននោះឡើយ តែក្នុងព្រះគ្រីស្ទ យើងនិយាយក្នុងនាមជាមនុស្សស្មោះត្រង់ ជាមនុស្សដែលព្រះបានចាត់ឲ្យមក នៅចំពោះព្រះអង្គ។
២ កូរិនថូស 2:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ខ្ញុំសម្រេចថាខ្ញុំមិនវិលមករកបងប្អូនវិញ ទាំងព្រួយចិត្តនោះឡើយ។ បើខ្ញុំធ្វើឲ្យបងប្អូនព្រួយចិត្តទៅហើយ តើនរណានឹងធ្វើឲ្យខ្ញុំសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើឲ្យព្រួយចិត្តនោះ? សំបុត្រដែលខ្ញុំបានសរសេរមកជូនបងប្អូន មានគោលបំណងចៀសវាងកុំឲ្យខ្ញុំព្រួយចិត្ត នៅពេលខ្ញុំមកដល់ គឺកុំឲ្យខ្ញុំកើតទុក្ខព្រួយពីអស់អ្នក ដែលត្រូវធ្វើឲ្យខ្ញុំមានអំណរនោះឡើយ។ ខ្ញុំជឿជាក់ថា ពេលខ្ញុំមានអំណរ បងប្អូនទាំងអស់គ្នាក៏មានអំណររួមជាមួយខ្ញុំដែរ។ ខ្ញុំសរសេរមកបងប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ត ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើឲ្យបងប្អូនព្រួយចិត្តទេ គឺចង់សម្តែងឲ្យបងប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើសលុបរបស់ខ្ញុំចំពោះបងប្អូន។ ប្រសិនបើនរណាម្នាក់បង្កើតឲ្យមានទុក្ខព្រួយ មិនមែនធ្វើឲ្យខ្ញុំព្រួយចិត្តទេ គឺគាត់ធ្វើឲ្យបងប្អូនទាំងអស់គ្នាព្រួយចិត្ត ឬយ៉ាងហោចណាស់ ក៏ឲ្យបងប្អូនមួយចំនួនព្រួយចិត្ត (ខ្ញុំថាដូច្នេះ មកពីមិនចង់បំផ្លើស)។ បើបងប្អូនភាគច្រើនបានដាក់ទោសមនុស្សបែបនេះ ល្មមហើយ។ សូមបងប្អូនអត់ទោសឲ្យគាត់ និងលើកទឹកចិត្តគាត់ផងទៅ ក្រែងលោគាត់ពិបាកចិត្តខ្លាំងពេក រហូតដល់ទៅអស់សង្ឃឹម។ ដូច្នេះ ខ្ញុំសូមទូន្មានបងប្អូនធ្វើយ៉ាងណាបង្ហាញឲ្យឃើញថា បងប្អូនស្រឡាញ់គាត់។ ខ្ញុំសរសេរមក ដើម្បីលចិត្តបងប្អូនមើល ចង់ដឹងថា តើបងប្អូនពិតជាស្ដាប់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់ ឬយ៉ាងណា។ បើបងប្អូនលើកលែងទោសឲ្យអ្នកណា ខ្ញុំក៏លើកលែងទោសឲ្យអ្នកនោះដែរ។ ចំពោះខ្លួនខ្ញុំផ្ទាល់ (ប្រសិនបើមានហេតុដែលខ្ញុំត្រូវអត់ទោសឲ្យនរណាម្នាក់) ខ្ញុំលើកលែងទោសឲ្យគេ ព្រោះតែបងប្អូន ដោយខ្ញុំយល់ដល់ព្រះគ្រិស្ត ដើម្បីកុំឲ្យយើងចាញ់បោកមារ*សាតាំង ដ្បិតយើងស្គាល់គម្រោងការរបស់វាស្រាប់ហើយ។ ពេលខ្ញុំបានទៅដល់ក្រុងត្រូអាស ដើម្បីផ្សព្វផ្សាយដំណឹងល្អ*របស់ព្រះគ្រិស្ត ទោះបីព្រះអម្ចាស់បានបើកឱកាសឲ្យខ្ញុំក៏ដោយ ក៏ចិត្តខ្ញុំពុំបានស្ងប់ដែរ ព្រោះរកលោកទីតុសមិនឃើញ។ ហេតុនេះ ខ្ញុំក៏លាពួកបងប្អូននៅក្រុងត្រូអាស ធ្វើដំណើរឆ្ពោះទៅស្រុកម៉ាសេដូន។ សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានឲ្យយើងមានជ័យជម្នះរួមជាមួយព្រះគ្រិស្តជានិច្ច។ ព្រះអង្គប្រោសប្រទានឲ្យមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់ព្រះអង្គ តាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។ ចំពោះព្រះជាម្ចាស់ គឺយើងនេះហើយជាក្លិនក្រអូបរបស់ព្រះគ្រិស្ត ក្នុងចំណោមអស់អ្នកដែលបានទទួលការសង្គ្រោះ និងក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាសអន្តរាយ។ ចំពោះអ្នកវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំឲ្យគេស្លាប់ ចំពោះអ្នកដែលបានទទួលការសង្គ្រោះយើងជាក្លិននៃជីវិត ដែលនាំឲ្យគេមានជីវិត។ តើនរណាមានសមត្ថភាពអាចនឹងបំពេញកិច្ចការនេះបាន? យើងមិនមែនជាអ្នកក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចមនុស្សមួយចំនួនធំនោះឡើយ គឺយើងនិយាយដោយសុទ្ធចិត្ត ក្នុងនាមព្រះជាម្ចាស់ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងនៅក្នុងអង្គព្រះគ្រិស្ត។
២ កូរិនថូស 2:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែខ្ញុំបានគិតសំរេចសេចក្ដីនេះក្នុងខ្លួនខ្ញុំ គឺថា ខ្ញុំមិនមកឯអ្នករាល់គ្នា ដោយចិត្តព្រួយទៀតទេ ដ្បិតបើសិនជាខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយទៅហើយ នោះតើមានអ្នកណានឹងធ្វើឲ្យខ្ញុំសប្បាយបាន លើកតែអ្នកនោះឯងដែលព្រួយដោយសារខ្ញុំប៉ុណ្ណោះ ហើយខ្ញុំបានសរសេរសេចក្ដីនោះផ្ញើមកអ្នករាល់គ្នា ក្រែងកាលណាខ្ញុំមកដល់ នោះខ្ញុំនឹងកើតព្រួយចិត្តពីដំណើរអ្នកខ្លះ ដែលមុខគួរឲ្យខ្ញុំបានអរសប្បាយដោយសារគេវិញ ដោយទុកចិត្តនឹងអ្នករាល់គ្នាទាំងអស់ថា ការអ្វីដែលនាំឲ្យខ្ញុំរីករាយ នោះក៏នាំឲ្យអ្នករាល់គ្នារីករាយដែរ ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ដោយខ្ញុំមានចិត្តលំបាក ហើយថប់ព្រួយ ព្រមទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយដែរនោះទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់សេចក្ដីស្រឡាញ់ ដែលខ្ញុំមានជាបរិបូរដល់អ្នករាល់គ្នាប៉ុណ្ណោះឯង ប៉ុន្តែ បើមានអ្នកណាបានបណ្តាលឲ្យកើតមានសេចក្ដីព្រួយ នោះមិនមែនធ្វើឲ្យខ្ញុំព្រួយទេ គឺឲ្យអ្នករាល់គ្នាទាំងអស់មានទុក្ខខ្លះវិញ ដ្បិតខ្ញុំមិនចង់និយាយពន្លើសឡើយ ឯទោសដែលច្រើនគ្នាបានធ្វើដល់មនុស្សយ៉ាងនោះ នោះល្មមប៉ុណ្ណឹងហើយ បានជាស៊ូឲ្យអត់ទោស ហើយកំសាន្តចិត្តមនុស្សនោះវិញ ក្រែងមនុស្សនោះត្រូវស្រូបបាត់ ដោយកើតទុក្ខព្រួយកាន់តែខ្លាំងឡើង ហេតុនោះបានជាខ្ញុំទូន្មាន ឲ្យអ្នករាល់គ្នាសំដែងសេចក្ដីស្រឡាញ់ ដល់អ្នកនោះឲ្យជាក់លាក់ ដ្បិតដោយហេតុនោះបានជាខ្ញុំធ្វើសំបុត្រនេះដែរ គឺដើម្បីនឹងលមើលអ្នករាល់គ្នាឲ្យដឹង តើនឹងស្តាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ឬទេ បើអ្នករាល់គ្នាអត់ទោសដល់អ្នកណាពីរឿងអ្វី នោះខ្ញុំក៏អត់ទោសដែរ ហើយរឿងអ្វីដែលខ្ញុំបានអត់ទោសឲ្យគេ បើសិនជាបានអត់ទោសអ្វីមែន នោះគឺដោយព្រោះអ្នករាល់គ្នា នៅចំពោះព្រះគ្រីស្ទហើយ ដើម្បីមិនឲ្យអារក្សសាតាំងមានឱកាសនឹងឈ្នះយើងបានឡើយ ដ្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយ។ កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ហើយមានទ្វារបើកឲ្យខ្ញុំ ដោយនូវព្រះអម្ចាស់ នោះខ្ញុំឥតមានធូរក្នុងចិត្តសោះ ដោយហេតុរកទីតុស ជាបងប្អូនខ្ញុំ មិនឃើញ បានជាខ្ញុំលាគេទៅឯស្រុកម៉ាសេដូនវិញ តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែងផង ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ ដល់ពួក១ជាក្លិននៃសេចក្ដីស្លាប់ ឲ្យត្រូវស្លាប់ ដល់ពួក១ទៀត ជាក្លិននៃជីវិត ឲ្យបានរស់នៅ តើអ្នកណាគួរនឹងសេចក្ដីទាំងនេះ ដ្បិតយើងខ្ញុំមិនមែនដូចជាមនុស្សច្រើនគ្នា ដែលបំប្លែងព្រះបន្ទូលនោះទេ គឺដូចជាអ្នកស្មោះត្រង់ ដែលមកពីព្រះវិញ ហើយយើងនិយាយចំពោះព្រះដោយនូវព្រះគ្រីស្ទ។