២ កូរិនថូស 13:7-9

២ កូរិនថូស 13:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ យើង​អធិស្ឋាន​ដល់​ព្រះ សូមកុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​គួរ​នោះ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ ទោះ​ជា​មើល​ទៅ​ហាក់​ដូច​ជា​យើង​បាន​ធ្លាក់​ចេញ​ពី​ការ​ល្បង‌ល​ក៏​ដោយ។ ដ្បិត​យើង​មិន​អាច​ធ្វើ​អ្វី​ទាស់​នឹង​សេចក្តី​ពិត​បាន​ឡើយ គឺ​ធ្វើ​បាន​តែ​អ្វី​ដែល​សម្រាប់​សេចក្តី​ពិត​ប៉ុណ្ណោះ។ ព្រោះ​យើង​មាន​អំណរ នៅ​ពេល​ណា​យើង​ខ្សោយ ហើយ​អ្នក​រាល់​គ្នា​រឹង​មាំ។ យើង​អធិស្ឋាន​សូម​សេចក្តី​នេះ​ទៀត គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍។

២ កូរិនថូស 13:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​បងប្អូន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ឡើយ។ យើង​គ្មាន​បំណង​ចង់​បង្ហាញ​ភស្ដុតាង​ថា យើង​មាន​ព្រះអង្គ​គង់​ជា​មួយ​ហើយ​នោះ​ទេ យើង​គ្រាន់​តែ​ចង់​ឃើញ​បងប្អូន​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ ទោះ​បី​ការ​ពិនិត្យ‌ពិច័យ​នេះ​បែរ​ជា​បង្ហាញ​ថា យើង​គ្មាន​ភស្ដុតាង​អំពី​ព្រះអង្គ​គង់​ជា​មួយ​ក៏​ដោយ ដ្បិត​យើង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ពិត​ឡើយ គឺ​យើង​គ្រាន់​តែ​អាច​បម្រើ​សេចក្ដី​ពិត​ប៉ុណ្ណោះ។ យើង​សប្បាយ​ចិត្ត នៅ​ពេល​ណា​យើង​ទន់​ខ្សោយ ហើយ​បងប្អូន​មាន​កម្លាំង។ យើង​អធិស្ឋាន​សុំ​សេចក្ដី​តែ​មួយ​នេះ គឺ​សូម​ឲ្យ​បងប្អូន​បាន​គ្រប់​លក្ខណៈ។

២ កូរិនថូស 13:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះ សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រាប់​ជា​គួរ​ទេ គឺ​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្ដី​ល្អ​តែ​ប៉ុណ្ណោះ ហើយ​ឲ្យ​យើង​ខ្ញុំ​ទុក​ដូច​ជា​ត្រូវ​កាត់​ចេញ​វិញ​ចុះ ដ្បិត​យើង​ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​អ្វី ទាស់​នឹង​សេចក្ដី​ពិត​បាន​ទេ ធ្វើ​បាន​តែ​អ្វី​ដែល​សំរាប់​សេចក្ដី​ពិត​វិញ ពី​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្ដី​អំណរ ក្នុង​កាល​ដែល​យើង​ខ្ញុំ​ខ្សោយ ហើយ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ឡើង តែ​យើង​ខ្ញុំ​អធិស្ឋាន​សូម​សេចក្ដី​នេះ​ទៀត គឺ​ឲ្យ​ពួក​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ទាំង​អស់​គ្នា