២ កូរិនថូស 13:7-11

២ កូរិនថូស 13:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ យើង​អធិស្ឋាន​ដល់​ព្រះ សូមកុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​គួរ​នោះ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ ទោះ​ជា​មើល​ទៅ​ហាក់​ដូច​ជា​យើង​បាន​ធ្លាក់​ចេញ​ពី​ការ​ល្បង‌ល​ក៏​ដោយ។ ដ្បិត​យើង​មិន​អាច​ធ្វើ​អ្វី​ទាស់​នឹង​សេចក្តី​ពិត​បាន​ឡើយ គឺ​ធ្វើ​បាន​តែ​អ្វី​ដែល​សម្រាប់​សេចក្តី​ពិត​ប៉ុណ្ណោះ។ ព្រោះ​យើង​មាន​អំណរ នៅ​ពេល​ណា​យើង​ខ្សោយ ហើយ​អ្នក​រាល់​គ្នា​រឹង​មាំ។ យើង​អធិស្ឋាន​សូម​សេចក្តី​នេះ​ទៀត គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍។ ហេតុ​នោះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា ខ្ញុំ​សរ‌សេរ​សេចក្ដី​នេះ ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹង‌រ៉ឹង តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សម្រាប់​ស្អាង​អ្នក​រាល់​គ្នា មិន​មែន​បំផ្លាញ​ទេ។ ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ចូរ​មាន​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​មាន​ចិត្ត​ក្សេមក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជាមួយ​គ្នា នោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុខ‌សាន្ត នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។

២ កូរិនថូស 13:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​បងប្អូន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ឡើយ។ យើង​គ្មាន​បំណង​ចង់​បង្ហាញ​ភស្ដុតាង​ថា យើង​មាន​ព្រះអង្គ​គង់​ជា​មួយ​ហើយ​នោះ​ទេ យើង​គ្រាន់​តែ​ចង់​ឃើញ​បងប្អូន​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ ទោះ​បី​ការ​ពិនិត្យ‌ពិច័យ​នេះ​បែរ​ជា​បង្ហាញ​ថា យើង​គ្មាន​ភស្ដុតាង​អំពី​ព្រះអង្គ​គង់​ជា​មួយ​ក៏​ដោយ ដ្បិត​យើង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ពិត​ឡើយ គឺ​យើង​គ្រាន់​តែ​អាច​បម្រើ​សេចក្ដី​ពិត​ប៉ុណ្ណោះ។ យើង​សប្បាយ​ចិត្ត នៅ​ពេល​ណា​យើង​ទន់​ខ្សោយ ហើយ​បងប្អូន​មាន​កម្លាំង។ យើង​អធិស្ឋាន​សុំ​សេចក្ដី​តែ​មួយ​នេះ គឺ​សូម​ឲ្យ​បងប្អូន​បាន​គ្រប់​លក្ខណៈ។ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បងប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បងប្អូន តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ ព្រះអង្គ​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។ នៅ​ទី​បញ្ចប់ បងប្អូន​អើយ ចូរ​មាន​អំណរ​ឡើង ចូរ​ខំ​ប្រឹង​ឲ្យ​បាន​គ្រប់​លក្ខណៈ ចូរ​លើក​ទឹក​ចិត្ត​គ្នា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជា​មួយ​គ្នា នោះ​ព្រះ‌ជាម្ចាស់​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ‌សាន្ត មុខ​ជា​គង់​ជា​មួយ​បងប្អូន​មិន​ខាន។

២ កូរិនថូស 13:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះ សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រាប់​ជា​គួរ​ទេ គឺ​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្ដី​ល្អ​តែ​ប៉ុណ្ណោះ ហើយ​ឲ្យ​យើង​ខ្ញុំ​ទុក​ដូច​ជា​ត្រូវ​កាត់​ចេញ​វិញ​ចុះ ដ្បិត​យើង​ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​អ្វី ទាស់​នឹង​សេចក្ដី​ពិត​បាន​ទេ ធ្វើ​បាន​តែ​អ្វី​ដែល​សំរាប់​សេចក្ដី​ពិត​វិញ ពី​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្ដី​អំណរ ក្នុង​កាល​ដែល​យើង​ខ្ញុំ​ខ្សោយ ហើយ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ឡើង តែ​យើង​ខ្ញុំ​អធិស្ឋាន​សូម​សេចក្ដី​នេះ​ទៀត គឺ​ឲ្យ​ពួក​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ទាំង​អស់​គ្នា ហេតុ​នោះ​បាន​ជា​កាល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ ក្រែង​កាល​ណា​ខ្ញុំ​មក​នៅ​ជា​មួយ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹង‌រុឹង តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​នឹង​ផ្តួល​ទេ។ ឯ​សេចក្ដី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​មាន​សេចក្ដី​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​មាន​ចិត្ត​ក្សេម‌ក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​នៅ​ដោយ​មេត្រី​នឹង​គ្នា​ចុះ នោះ​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​សុខ‌សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា