២ កូរិនថូស 13:5-14
២ កូរិនថូស 13:5-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរអ្នករាល់គ្នាពិចារណាមើលខ្លួនឯងទៅ តើអ្នករាល់គ្នាស្ថិតនៅក្នុងជំនឿមែនឬយ៉ាងណា។ ចូរល្បងមើលខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬ? ពិតមែន លើកលែងតែអ្នករាល់គ្នាធ្លាក់ចេញពីការល្បងលប៉ុណ្ណោះ! ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងដឹងថា យើងមិនបានធ្លាក់ចេញពីការល្បងលឡើយ។ ប៉ុន្តែ យើងអធិស្ឋានដល់ព្រះ សូមកុំឲ្យអ្នករាល់គ្នាធ្វើការអាក្រក់អ្វីឡើយ មិនមែនដើម្បីឲ្យយើងបានរាប់ជាគួរនោះទេ គឺឲ្យអ្នករាល់គ្នាប្រព្រឹត្តអ្វីដែលត្រឹមត្រូវប៉ុណ្ណោះ ទោះជាមើលទៅហាក់ដូចជាយើងបានធ្លាក់ចេញពីការល្បងលក៏ដោយ។ ដ្បិតយើងមិនអាចធ្វើអ្វីទាស់នឹងសេចក្តីពិតបានឡើយ គឺធ្វើបានតែអ្វីដែលសម្រាប់សេចក្តីពិតប៉ុណ្ណោះ។ ព្រោះយើងមានអំណរ នៅពេលណាយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ។ យើងអធិស្ឋានសូមសេចក្តីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។ ហេតុនោះហើយបានជាពេលខ្ញុំនៅឃ្លាតពីអ្នករាល់គ្នា ខ្ញុំសរសេរសេចក្ដីនេះ ដើម្បីកាលណាខ្ញុំមកដល់ កុំឲ្យខ្ញុំប្រព្រឹត្តនឹងអ្នករាល់គ្នាដោយតឹងរ៉ឹង តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំ គឺសម្រាប់ស្អាងអ្នករាល់គ្នា មិនមែនបំផ្លាញទេ។ ជាទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។ សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយថើបយ៉ាងបរិសុទ្ធ។ ពួកបរិសុទ្ធគ្រប់គ្នាសូមជម្រាបសួរមកអ្នករាល់គ្នា។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងសេចក្តីប្រកបរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។:៚
២ កូរិនថូស 13:5-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្ដីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ តែខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងដឹងថា យើងខ្ញុំមិនត្រូវកាត់ចោលចេញទេ ហើយខ្ញុំអធិស្ឋានដល់ព្រះ សូមកុំឲ្យអ្នករាល់គ្នាធ្វើការអាក្រក់អ្វីឡើយ មិនមែនដើម្បីឲ្យយើងខ្ញុំបានរាប់ជាគួរទេ គឺប្រយោជន៍ឲ្យអ្នករាល់គ្នាបានប្រព្រឹត្តសេចក្ដីល្អតែប៉ុណ្ណោះ ហើយឲ្យយើងខ្ញុំទុកដូចជាត្រូវកាត់ចេញវិញចុះ ដ្បិតយើងខ្ញុំពុំអាចនឹងធ្វើអ្វី ទាស់នឹងសេចក្ដីពិតបានទេ ធ្វើបានតែអ្វីដែលសំរាប់សេចក្ដីពិតវិញ ពីព្រោះយើងខ្ញុំមានសេចក្ដីអំណរ ក្នុងកាលដែលយើងខ្ញុំខ្សោយ ហើយអ្នករាល់គ្នាមានកំឡាំងឡើង តែយើងខ្ញុំអធិស្ឋានសូមសេចក្ដីនេះទៀត គឺឲ្យពួកអ្នករាល់គ្នាបានគ្រប់លក្ខណ៍ទាំងអស់គ្នា ហេតុនោះបានជាកាលខ្ញុំនៅឃ្លាតពីអ្នករាល់គ្នា នោះខ្ញុំធ្វើសំបុត្រនេះ ក្រែងកាលណាខ្ញុំមកនៅជាមួយ នោះខ្ញុំនឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដោយតឹងរុឹង តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំ គឺសំរាប់នឹងស្អាងចិត្តឡើង មិនមែននឹងផ្តួលទេ។ ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរមានសេចក្ដីអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរឲ្យមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូរនៅដោយមេត្រីនឹងគ្នាចុះ នោះព្រះនៃសេចក្ដីស្រឡាញ់ នឹងសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា សូមជំរាបសួរគ្នាទៅវិញទៅមក ដោយថើបយ៉ាងបរិសុទ្ធ។ ពួកបរិសុទ្ធគ្រប់គ្នាសូមជំរាបសួរមកអ្នករាល់គ្នា។ សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ នឹងសេចក្ដីស្រឡាញ់របស់ព្រះ ហើយនឹងសេចក្ដីរួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។:៚