២ កូរិនថូស 12:1-6

២ កូរិនថូស 12:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រាកដ​ជា​គ្មាន​ប្រយោជន៍​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ប៉ុន្តែ ខ្ញុំ​នឹង​និយាយ​អំពី​និមិត្ត និង​ការ​បើក​សម្ដែង​របស់​ព្រះ‌អម្ចាស់​ទៀត។ ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន‌សួគ៌​ជាន់​ទី​បី កាល​ពី​ដប់​បួន​ឆ្នាំ​មុន (ទោះ​ជា​ក្នុង​រូប‌កាយ ឬ​ក្រៅ​ពី​រូប‌កាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ ខ្ញុំ​ស្គាល់​មនុស្ស​នោះ (ទោះ​ជា​ក្នុង​រូប​កាយ ឬ​ក្រៅ​ពី​រូប​កាយ ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប) អ្នក​នោះ​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន‌បរម‌សុខ ហើយ​បាន​ឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ។ ខ្ញុំ​នឹង​អួត​ពី​មនុស្ស​នោះ តែ​សម្រាប់​ខ្លួន​ខ្ញុំ ខ្ញុំ​មិន​អួត​ទេ លើក​លែង​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ទោះ​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ក៏​ខ្ញុំ​មិន​មែន​ល្ងង់​ខ្លៅ​ដែរ ដ្បិត​ខ្ញុំ​និយាយ​សេចក្តី​ពិត។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​វិញ ក្រែង​លោ​អ្នក​ណា​ម្នាក់​ស្មាន​អំពី​ខ្ញុំ លើស​ជាង​អ្វី​ដែល​គេ​បាន​ឃើញ​ក្នុង​ខ្ញុំ ឬ​បាន​ឮ​ពី​ខ្ញុំ

២ កូរិនថូស 12:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​និមិត្ត​ឃើញ និង​សម្តែង​ឲ្យ​ខ្ញុំ​ដឹង។ ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​ព្រះ‌គ្រិស្ត* កាល​ពី​ដប់‌បួន​ឆ្នាំ​មុន ព្រះ‌អម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌​ជាន់​ទី​បី (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា រូប​កាយ​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ ខ្ញុំ​ក៏​ដឹង​ថា ព្រះ‌អម្ចាស់​លើក​បុរស​នោះ​ទៅ​ដល់​ស្ថាន​បរម‌សុខ* (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​រូប​កាយ​របស់​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ គាត់​បាន​ឮ​ព្រះ‌បន្ទូល​ដ៏​អស្ចារ្យ​រក​ថ្លែង​ពុំ​បាន ដែល​គ្មាន​មនុស្ស​ណា​មាន​សិទ្ធិ​នឹង​និយាយ​ឡើង​វិញ​ទេ។ ខ្ញុំ​អួត​តែ​ពី​បុរស​នោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​អួត​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងី‌ល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ។

២ កូរិនថូស 12:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប្រាកដ​ជា​គ្មាន​ប្រយោជន៍​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ប៉ុន្តែ ខ្ញុំ​នឹង​និយាយ​ពី​ការ​ជាក់​ស្តែង នឹង​ការ​បើក​សំដែង​មក​ពី​ព្រះ‌អម្ចាស់​ទៀត ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​បាន​លើក​ឡើង​ទៅ​ស្ថាន‌សួគ៌ នៅ​ជាន់​ទី​៣ នោះ​ប្រហែល​១៤​ឆ្នាំ​មក​ហើយ ទោះ​បើ​ក្នុង​រូប‌កាយ ឬ​ក្រៅ​ពី​រូប‌កាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប ខ្ញុំ​ស្គាល់​មនុស្ស​នោះ (ទោះ​បើ​ក្នុង​រូប‌កាយ ឬ​ក្រៅ​ពី​រូប‌កាយ​ក្តី ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប) ថា អ្នក​នោះ​បាន​លើក​ឡើង​ដល់​ស្ថាន‌បរម‌សុខ ហើយ​បាន​ឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ ខ្ញុំ​នឹង​មាន​សេចក្ដី​អំនួត​ពី​មនុស្ស​នោះ ខ្ញុំ​មិន​អួត​ពី​ខ្លួន​ខ្ញុំ​ទេ លើក​តែ​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ​ចេញ ទោះ​បើ​ខ្ញុំ​ចង់​អួត​ខ្លួន នោះ​គង់​តែ​ខ្ញុំ​មិន​មែន​ខ្លៅ​ល្ងង់​ទេ ដ្បិត​ខ្ញុំ​និយាយ​តាម​តែ​សេចក្ដី​ពិត ប៉ុន្តែ ខ្ញុំ​ឈប់​ស្លេះ​ចុះ ក្រែង​អ្នក​ណា​រាប់​ខ្ញុំ ទុក​ជា​លើស​ជាង​ភាព​ដែល​ឃើញ ឬ​ឮ​និយាយ​ពី​ខ្ញុំ។