២ កូរិនថូស 11:22-30
២ កូរិនថូស 11:22-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើគេជាសាសន៍ហេព្រើរឬ? ខ្ញុំក៏ជាសាសន៍ហេព្រើរដែរ។ តើគេជាសាសន៍អ៊ីស្រាអែលឬ? ខ្ញុំក៏ជាសាសន៍អ៊ីស្រាអែលដែរ។ តើគេជាពូជរបស់លោកអ័ប្រាហាំឬ? ខ្ញុំក៏ជាពូជរបស់លោកដែរ។ តើគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតទៅចុះថា ខ្ញុំលើសជាងអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់លើសជាងគេ ខ្ញុំជាប់គុកច្រើនជាងគេ ខ្ញុំត្រូវរំពាត់ហួសប្រមាណ ហើយសឹងតែនឹងស្លាប់ជាច្រើនលើក។ សាសន៍យូដាបានវាយខ្ញុំសែសិបរំពាត់ខ្វះមួយ ចំនួនប្រាំដង ។ គេវាយខ្ញុំនឹងដំបងបីដង គេចោលខ្ញុំនឹងថ្មម្ដង ខ្ញុំត្រូវលិចសំពៅម្តង ខ្ញុំអណ្ដែតនៅក្នុងសមុទ្រអស់មួយថ្ងៃមួយយប់។ ជាញឹកញាប់ ពេលធ្វើដំណើរ ខ្ញុំជួបនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់ដោយសាសន៍របស់ខ្ញុំ គ្រោះថ្នាក់ដោយសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ដោយពួកបងប្អូនក្លែងក្លាយ។ ខ្ញុំត្រូវធ្វើការទាំងនឿយលំបាក ត្រូវអត់ងងុយជាញឹកញាប់ ត្រូវស្រេកឃ្លាន ត្រូវអត់អាហារជាញឹកញាប់ ត្រូវរងា ហើយត្រូវអាក្រាតទៀតផង។ ក្រៅពីការទាំងនេះ មានបន្ទុករាល់ថ្ងៃគ្របសង្កត់ខ្ញុំ ដោយគិតដល់ក្រុមជំនុំទាំងអស់។ អ្នកណាដែលខ្សោយ តើខ្ញុំមិនខ្សោយទេឬ? អ្នកណាដែលគេធ្វើឲ្យជំពប់ដួល តើខ្ញុំមិនឈឺឆ្អាលទេឬ? ប្រសិនបើត្រូវអួតខ្លួន នោះខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ។
២ កូរិនថូស 11:22-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកទាំងនោះជាសាសន៍ហេប្រឺឬ? ខ្ញុំក៏ជាសាសន៍ហេប្រឺដែរ! អ្នកទាំងនោះជាសាសន៍អ៊ីស្រាអែលឬ? ខ្ញុំក៏ជាសាសន៍អ៊ីស្រាអែលដែរ! អ្នកទាំងនោះជាពូជពង្សរបស់លោកអប្រាហាំឬ? ខ្ញុំក៏ជាពូជពង្សរបស់លោកដែរ! អ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះគ្រិស្ត*ឬ? ខ្ញុំសូមនិយាយដូចជាមនុស្សវង្វេងស្មារតីទាំងស្រុងទៅចុះថា ខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គលើសអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់ច្រើនជាងអ្នកទាំងនោះ ខ្ញុំបានជាប់ឃុំឃាំងច្រើនជាង ខ្ញុំត្រូវគេវាយដំច្រើនជាងហួសប្រមាណ ហើយខ្ញុំក៏មានគ្រោះថ្នាក់ជិតស្លាប់ជាញឹកញាប់ដែរ។ ខ្ញុំត្រូវជនជាតិយូដាវាយសាមសិបប្រាំបួនរំពាត់ចំនួនប្រាំដង។ គេវាយខ្ញុំនឹងដំបងចំនួនបីលើក គេយកដុំថ្មគប់សម្លាប់ខ្ញុំម្ដង ខ្ញុំត្រូវលិចសំពៅបីដង ហើយមានម្ដងខ្ញុំអណ្ដែតនៅក្នុងសមុទ្រមួយថ្ងៃមួយយប់។ ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ ព្រោះតែពួកបងប្អូនក្លែងក្លាយ។ ខ្ញុំបានធ្វើការទាំងនឿយលំបាក និងត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារ ត្រូវរងា និងខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។ លើសពីនេះទៅទៀត ខ្ញុំខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ក្រុមជំនុំទាំងអស់ផងដែរ! ប្រសិនបើមានអ្នកណាម្នាក់ទន់ខ្សោយ ខ្ញុំក៏ទន់ខ្សោយដែរ ប្រសិនបើមានអ្នកណាម្នាក់ឃ្លាតចេញពីជំនឿ ខ្ញុំឈឺចុកចាប់ណាស់! ប្រសិនបើខ្ញុំត្រូវអួតខ្លួន នោះខ្ញុំនឹងអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។
២ កូរិនថូស 11:22-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើគេជាពួកហេព្រើរឬអី ខ្ញុំក៏ដែរ គេជាសាសន៍អ៊ីស្រាអែលឬអី ខ្ញុំក៏ដែរ គេជាពូជលោកអ័ប្រាហាំឬអី ខ្ញុំក៏ដែរ គេជាអ្នកបំរើព្រះគ្រីស្ទឬអី (ខ្ញុំនិយាយបែបដូចជាវង្វេងស្មារតីហើយ) ខ្ញុំក៏លើសជាងគេទៅទៀត ក្នុងការនឿយហត់លើសជាងគេ ដោយត្រូវរំពាត់ហួសល្បត់ ទាំងត្រូវជាប់គុកច្រើនជាងគេ ក៏ដល់នូវភាពជិតស្លាប់ជាញឹកញយ ប្រាំដងហើយ សាសន៍យូដាវាយខ្ញុំ៤០រំពាត់ខ្វះ១ គេវាយខ្ញុំនឹងដំបង៣ដង គេចោលខ្ញុំនឹងថ្ម១ដង ខ្ញុំត្រូវសំពៅលិច៣ដង ខ្ញុំនៅនាសមុទ្រជ្រៅអស់១ថ្ងៃ១យប់ ខ្ញុំដើរដំណើរជាច្រើន ក៏មានសេចក្ដីអន្តរាយនៅទន្លេ អន្តរាយដោយពួកចោរប្លន់ អន្តរាយដោយសាសន៍របស់ខ្ញុំ អន្តរាយដោយសាសន៍ដទៃ ក៏អន្តរាយក្នុងទីក្រុង ក្នុងទីរហោស្ថាន ក្នុងសមុទ្រ ក្នុងពួកបងប្អូនក្លែងក្លាយដែរ ត្រូវនឿយហត់ ហើយលំបាក ត្រូវចាំយាមជាញយ ត្រូវស្រេកឃ្លាន ត្រូវអត់ជាញឹកញយ ត្រូវរងា ហើយត្រូវអាក្រាតផង ក្រៅពីការខាងសាច់ឈាមទាំងនោះ ក៏មានសេចក្ដីកង្វល់ខាងឯពួកជំនុំទាំងប៉ុន្មាន ដែលប្រជ្រៀតមកលើខ្ញុំ រាល់តែថ្ងៃជានិច្ចថែមទៀត តើអ្នកឯណាខ្សោយ ហើយខ្ញុំមិនបានខ្សោយផង តើអ្នកឯណាអាក់អន់ចិត្ត ហើយខ្ញុំមិនឈឺឆ្អាលផង បើសិនជាគួរនឹងអួតខ្លួន នោះខ្ញុំនឹងអួតពីសេចក្ដីកំសោយរបស់ខ្ញុំវិញ