២ កូរិនថូស 10:3-6

២ កូរិនថូស 10:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ទោះ​ជា​យើង​រស់​នៅ​ខាង​សាច់​ឈាមក៏​ដោយ ក៏​យើង​មិន​តយុទ្ធ​តាម​សាច់​ឈាម​ដែរ ដ្បិត​គ្រឿង​សស្ត្រា‌វុធ​របស់​យើង មិន​មែន​ខាង​សាច់​ឈាម​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ចេស្ដា​មក​ពី​ព្រះ ដែល​អាច​នឹង​រំលំ​ទី​មាំ‌មួន​នានា ហើយ​រំលំ​អស់​ទាំង​គំនិត​ដែល​រិះ​គិត និង​គ្រប់​ទាំង​អំនួត​ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​របស់​ព្រះ ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះ‌គ្រីស្ទ​វិញ។ យើង​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​ធ្វើ​ទោស​អ្នក​ឯទៀត​ដែល​មិន​ស្ដាប់​បង្គាប់ ពេល​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​ពេញ​លេញ។

២ កូរិនថូស 10:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទោះ​បី​យើង​មាន​និស្ស័យ​ជា​មនុស្ស​ក៏​ដោយ ក៏​យើង​មិន​តយុទ្ធ​តាម​របៀប​មនុស្ស​លោកីយ៍​ដែរ ដ្បិត​គ្រឿង​សស្ត្រា‌វុធ​ដែល​យើង​ប្រើ មិន​មែន​ជា​អាវុធ​ខាង​លោកីយ៍​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ឫទ្ធា‌នុភាព​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​អាច​រំលំ​កំពែង​បន្ទាយ​នានា។ យើង​រំលំ​ការ​រិះគិត និង​គំនិត​ឆ្មើង‌កន្ទ្រើង​ទាំង​ប៉ុន្មាន ដែល​រារាំង​មិន​ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់។ យើង​កៀរ​ប្រមូល​ចិត្ត​គំនិត​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌គ្រិស្ត​វិញ។ នៅ​ពេល​ណា​បងប្អូន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ហើយ​នោះ យើង​ក៏​ប្រុង​ប្រៀប​ខ្លួន​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ដែរ។

២ កូរិនថូស 10:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ទោះ​បើ​យើង​ខ្ញុំ​ដើរ​ក្នុង​សាច់​ឈាម​មែន គង់​តែ​មិន​ត‌យុទ្ធ​តាម​សាច់​ឈាម​ទេ ព្រោះ​គ្រឿង​សស្ត្រា‌វុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិ‌ឫទ្ធិ​ដែល​មក​ពី​ព្រះ សំរាប់​នឹង​រំលំ​ទី​មាំ‌មួន​វិញ ដែល​អាច​នឹង​រំលាយ​អស់​ទាំង​គំនិត​ដែល​គេ​រិះ‌គិត នឹង​គ្រប់​ទាំង​សេចក្ដី​យ៉ាង​ខ្ពង់‌ខ្ពស់ ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​នៃ​ព្រះ ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះ‌គ្រីស្ទ​វិញ ក៏​ប្រុង​ប្រៀប​ទុក​ជា​ស្រេច នឹង​ធ្វើ​ទោស​ដល់​គ្រប់​ទាំង​សេចក្ដី​រឹង‌ចចេស ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ហើយ។