២ កូរិនថូស 10:11-18
២ កូរិនថូស 10:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវឲ្យមនុស្សបែបនោះយល់ថា ពេលយើងមិននៅជាមួយ យើងសរសេរនៅក្នុងសំបុត្រយ៉ាងណា នោះពេលនៅជាមួយ យើងក៏នឹងប្រព្រឹត្តយ៉ាងនោះដែរ។ ដ្បិតយើងមិនហ៊ានរាប់ខ្លួន ឬផ្ទឹមខ្លួននឹងអ្នកខ្លះដែលលើកតម្កើងខ្លួននោះឡើយ ប៉ុន្តែ ពេលអ្នកទាំងនោះវាស់ខ្លួនឯងនឹងគ្នាឯង ហើយផ្ទឹមខ្លួនឯងនឹងគ្នាឯង នោះគេគ្មានប្រាជ្ញាទេ។ រីឯយើងវិញ យើងមិនអួតហួសកម្រិតឡើយ គឺធ្វើតាមតែខ្នាតដែលព្រះបានកំណត់ឲ្យយើងប៉ុណ្ណោះ ជាខ្នាតដែលបានឈានរហូតមកដល់អ្នករាល់គ្នានេះ។ ដ្បិតយើងមិនបានឈានរំលងហួសខ្នាតរបស់យើង ទុកដូចជាយើងឈានមិនដល់អ្នករាល់គ្នានោះឡើយ ដ្បិតយើងបាននាំដំណឹងល្អរបស់ព្រះគ្រីស្ទ មកដល់អ្នករាល់គ្នាមុនគេ។ យើងមិនអួតហួសកម្រិត គឺមិនអួតពីការនឿយហត់របស់អ្នកដទៃនោះឡើយ ដ្បិតយើងសង្ឃឹមថា ពេលជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង នោះកិច្ចការរបស់យើងក្នុងចំណោមអ្នករាល់គ្នា ក៏នឹងទូលំទូលាយជាបរិបូរឡើងដែរ ដើម្បីឲ្យយើងបានប្រកាសដំណឹងល្អតាមតំបន់នានា នៅខាងនាយអ្នករាល់គ្នា ដោយមិនអួតពីកិច្ចការដែលអ្នកដទៃបានធ្វើរួចហើយនោះឡើយ។ «អ្នកណាដែលអួត ត្រូវអួតពីព្រះអម្ចាស់» ។ ដ្បិតមិនមែនជាអ្នកដែលលើកតម្កើងខ្លួននោះទេ ដែលគេទុកចិត្ត គឺអ្នកដែលព្រះអម្ចាស់លើកតម្កើងនោះវិញ។
២ កូរិនថូស 10:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកដែលនិយាយដូច្នេះត្រូវគិតថា ពេលយើងមិននៅ យើងនិយាយបែបណា ពេលយើងនៅជាមួយ យើងក៏នឹងប្រព្រឹត្តបែបនោះដែរ។ យើងមិនហ៊ានលើកខ្លួនឲ្យស្មើនឹងអ្នកខ្លះដែលតែងតាំងខ្លួនឯង ឬក៏ប្រៀបផ្ទឹមខ្លួនយើងទៅនឹងគេនោះឡើយ។ អ្នកទាំងនោះបានលើកខ្លួនតាំងជារង្វាស់សម្រាប់វាស់ខ្លួនឯង ហើយប្រៀបផ្ទឹមខ្លួនឯងទៅនឹងខ្លួនឯង! គេគ្មានប្រាជ្ញាទាល់តែសោះ! រីឯយើងវិញ យើងមិនអួតខ្លួនហួសកម្រិតទេ គឺយើងធ្វើតាមកម្រិតនៃព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុក ដោយប្រទានឲ្យយើងបានមកដល់ស្រុកបងប្អូននេះ។ បងប្អូនស្ថិតនៅក្នុងព្រំដែន ដែលព្រះជាម្ចាស់បានកំណត់ទុកឲ្យយើង ដូច្នេះ នៅពេលយើងបានមកដល់ទីនេះមុនគេ ដើម្បីនាំដំណឹងល្អរបស់ព្រះគ្រិស្ត យើងមិនធ្វើអ្វីហួសកំណត់ព្រំដែននេះទេ។ យើងមិនអួតខ្លួនហួសកម្រិត គឺមិនអួតអំពីកិច្ចការដែលអ្នកដទៃបានធ្វើនោះឡើយ។ យើងសង្ឃឹមថា ជំនឿរបស់បងប្អូននឹងចម្រើនឡើង ហើយយើងអាចនឹងបំពេញកិច្ចការកាន់តែប្រសើរឡើងថែមទៀតក្នុងចំណោមបងប្អូន តាមព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុកឲ្យយើង។ បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានា នៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ។ អ្នកដែលគួរឲ្យគេទុកចិត្ត មិនមែនអ្នកដែលតែងតាំងខ្លួនឯងទេ គឺអ្នកដែលព្រះអម្ចាស់តែងតាំងនោះវិញ។
២ កូរិនថូស 10:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យមនុស្សយ៉ាងនោះបានយល់ថា កាលណាយើងខ្ញុំនៅជាមួយ នោះយើងខ្ញុំនឹងប្រព្រឹត្ត ដូចជាយើងខ្ញុំបានសរសេរចុះក្នុងសំបុត្រ ពីកាលដែលមិនបាននៅជាមួយដែរ ដ្បិតយើងខ្ញុំមិនហ៊ានរាប់ខ្លួនជាមួយនឹងពួកអ្នកនោះខ្លះ ឬផ្ទឹមខ្លួននឹងគេ ដែលផ្ទុកផ្តាក់ខ្លួនគេនោះឡើយ ពួកអ្នកនោះដែលគេវាស់ ហើយផ្ទឹមខ្លួននឹងខ្លួនគេ នោះគ្មានប្រាជ្ញាទេ រីឯយើងខ្ញុំៗមិនព្រមអួតពីការក្រៅខ្នាតរបស់យើងខ្ញុំឡើយ គឺអួតតាមតែមាត្រាខ្នាត ដែលព្រះដ៏ជាម្ចាស់នៃខ្នាត ទ្រង់បានចែកមកយើងខ្ញុំ ជាខ្នាតដែលបានលូកមករហូតដល់អ្នករាល់គ្នាផង ដ្បិតយើងខ្ញុំមិនមែនលូករំលងហួសខ្នាតយើងខ្ញុំ ទុកដូចជាខ្នាតនោះមិនដល់អ្នករាល់គ្នានោះទេ ពីព្រោះយើងខ្ញុំបានមកដល់អ្នករាល់គ្នា ក្នុងដំណឹងល្អនៃព្រះគ្រីស្ទដែរ ហើយយើងខ្ញុំមិនអួតពីការអ្វីក្រៅខ្នាត ដែលមនុស្សឯទៀតបានធ្វើនោះឡើយ ដ្បិតយើងខ្ញុំមានសេចក្ដីសង្ឃឹមថា កាលណាសេចក្ដីជំនឿរបស់អ្នករាល់គ្នា បានចំរើនឡើង នោះយើងខ្ញុំនឹងបានដំកើងធំឡើងជាបរិបូរ ក្នុងពួកអ្នករាល់គ្នា តាមមាត្រារបស់យើងខ្ញុំដែរ ប្រយោជន៍ឲ្យបានផ្សាយដំណឹងល្អ ទៅខាងនាយអ្នករាល់គ្នាទៅទៀត ឥតអួតពីការអ្វីដែលរៀបចំជាស្រេច ក្នុងមាត្រានៃមនុស្សឯទៀតឡើយ ឯអ្នកណាដែលអួត នោះត្រូវអួតតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ ដ្បិតមិនមែនជាអ្នកដែលផ្ទុកផ្តាក់ខ្លួនឯង ដែលបានលើកតាំងនោះទេ គឺជាអ្នកណាដែលព្រះអម្ចាស់ទ្រង់ផ្ទុកផ្តាក់វិញទេតើ។