២ កូរិនថូស 1:16-22

២ កូរិនថូស 1:16-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ម៉ា‌សេ‌ដូន ហើយ​ត្រឡប់​ពី​ស្រុក​ម៉ា‌សេ‌ដូន មក​រក​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ខ្ញុំ​បន្ត​ទៅ​ស្រុក​យូដា។ ពេល​ខ្ញុំ​សម្រេច​ធ្វើ​ដូច្នេះ តើ​ខ្ញុំ​មាន​ចិត្ត​សាវា​ឬ? ឬ​មួយ​គម្រោង​ការ​របស់​ខ្ញុំ​សម្រេច​តាម​សាច់​ឈាម បាន​ជា​ខ្ញុំ​និយាយ​ថា «បាទៗ» និង «ទេៗ» ក្នុង​ពេល​តែ​មួយ​ដូច្នេះ? ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ពាក្យ​សម្ដី​របស់​យើង​មក​កាន់​អ្នក​រាល់​គ្នា មិន​មែន «បាទ» ផង «ទេ» ផង​នោះ​ឡើយ។ ដ្បិត​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​យើង​បាន​ប្រកាស​ពី​ព្រះ‌អង្គ គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីល‌វ៉ាន ទាំង​ធីម៉ូថេ បាន​ប្រកាស​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មិន​មែន «បាទ» ផង «ទេ» ផង​នោះ​ឡើយ នៅ​ក្នុង​ព្រះ‌អង្គ មាន​តែ «បាទ» ប៉ុណ្ណោះ។ ដ្បិត​នៅ​ក្នុង​ព្រះ‌អង្គ គ្រប់​ទាំង​សេចក្តី​សន្យា​របស់​ព្រះ សុទ្ធ​តែ «បាទ» ទាំង‌អស់។ ហេតុ​នេះ​ហើយ​បាន​ជា​តាម​រយៈ​ព្រះ‌អង្គ យើង​ពោល​ថា «អាម៉ែន» សម្រាប់​ជា​សិរី​ល្អ​របស់​ព្រះ។ គឺ​ព្រះ​ហើយ​ដែល​តាំង​យើង​ឲ្យ​ខ្ជាប់‌ខ្ជួន​ជា​មួយ​អ្នក​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ ហើយ​ដែល​បាន​ចាក់​ប្រេង​តាំង លើ​យើង ព្រះ‌អង្គ​បាន​ដៅ​ចំណាំ​យើង ហើយ​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ក្នុង​ចិត្ត​យើង ទុក​ជា​របស់​បញ្ចាំ​ចិត្ត។

ចែក​រំលែក
អាន ២ កូរិនថូស 1

២ កូរិនថូស 1:16-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ខ្ញុំ​នឹង​ចាក​ចេញ​ពី​បងប្អូន​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេ‌ដូន ហើយ​វិល​ពី​ស្រុក​ម៉ាសេ‌ដូន​មក​រក​បងប្អូន​វិញ ដើម្បី​ឲ្យ​បងប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​យូដា​ទៀត។ ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ តើ​ខ្ញុំ​សម្រេច​ដោយ​ឥត​បើ​គិត​ឬ? ឬ​មួយ​គម្រោង‌ការ​របស់​ខ្ញុំ​កើត​មក​ពី​គំនិត​លោកីយ៍ បាន​ជា​ខ្ញុំ​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃដូច្នេះ? មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ យើង​មិន​និយាយ​មក​កាន់​បងប្អូន ដោយ​ពោល​ពាក្យ​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​នោះ​ទេ ដ្បិត​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដែល​យើង​ប្រកាស គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីលវ៉ាន និង​លោក​ធីម៉ូថេ ប្រកាស​ក្នុង​ចំណោម​បងប្អូន​នោះ ព្រះអង្គ​មិន​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​សោះ​ឡើយ នៅ​ក្នុង​ព្រះអង្គ​មាន​តែ​ពាក្យ​សច្ចៈ​ប៉ុណ្ណោះ។ ព្រះ‌គ្រិស្ត​បាន​ធ្វើ​ឲ្យ​ព្រះ‌បន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​បាន​សម្រេច​សព្វ​គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ែន*»ទៅ​កាន់​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះ‌គ្រិស្ត ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ គឺ​ព្រះ‌ជាម្ចាស់​ហើយ ដែល​ប្រទាន​ឲ្យ​យើង និង​បងប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន​លើ​ព្រះ‌គ្រិស្ត ព្រម​ទាំង​បាន​ចាក់​ប្រេងលើ​យើង​ផង ហើយ​ព្រះអង្គ​ក៏​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះអង្គ​លើ​យើង និង​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។

ចែក​រំលែក
អាន ២ កូរិនថូស 1

២ កូរិនថូស 1:16-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ឲ្យ​ខ្ញុំ​បាន​ហួស​ទៅ​ឯ​ស្រុក​ម៉ាសេដូន ដោយ‌សារ​អ្នក​រាល់​គ្នា រួច​សឹម​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ ទៅ​ឯ​ស្រុក​យូដា​ផង ដូច្នេះ ដែល​ខ្ញុំ​សំរេច​ធ្វើ​យ៉ាង​នោះ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​សាវ៉ា​ឬ​អី ឬ​ការ​ដែល​ខ្ញុំ​សំរេច​នឹង​ធ្វើ តើ​បាន​សំរេច​តាម​សាច់​ឈាម​បាន​ជា​ចួន‌កាល​ខ្ញុំ​ថា «បាទ» ចួន‌កាល​ថា «ទេ» វិញ​ឬ​អី រីឯ​ព្រះ ទ្រង់​ស្មោះ‌ត្រង់ បាន​ជា​ពាក្យ​សំដី​ដែល​យើង​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​មិន​មែន​ថា «បាទ» ផង «ទេ» ផង​ឡើយ ដ្បិត​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​យើង​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ ស៊ីលវ៉ាន នឹង​ធីម៉ូថេ បាន​ប្រកាស​ប្រាប់​ក្នុង​ពួក​អ្នក​រាល់​គ្នា ទ្រង់​មិន​មែន​ជា «បាទ» ផង «ទេ» ផង​នោះ​ទេ គឺ​មាន​តែ «បាទ» សុទ្ធ​នៅ​ក្នុង​ទ្រង់​ប៉ុណ្ណោះ ដ្បិត​ទោះ​បើ​មាន​សេចក្ដី​សន្យា​របស់​ព្រះ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​សុទ្ធ​តែ​ជា «បាទ» ក្នុង​ទ្រង់ ហើយ «អាម៉ែន» ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរី‌ល្អ​ដល់​ព្រះ ដោយ‌សារ​យើង​រាល់​គ្នា រីឯ​អ្នក​ដែល​តាំង​យើង​ខ្ញុំ ឲ្យ​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​ដែល​ចាក់​ប្រេង​ឲ្យ​យើង នោះ​គឺ​ជា​ព្រះ ទ្រង់​ក៏​បាន​ដៅ​ចំណាំ​យើង​រាល់​គ្នា ហើយ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​រាល់​គ្នា​ផង។

ចែក​រំលែក
អាន ២ កូរិនថូស 1