២ កូរិនថូស 1:15-24
២ កូរិនថូស 1:15-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយព្រោះខ្ញុំមានទំនុកចិត្តនឹងការនេះហើយ បានជាខ្ញុំចង់មកជួបអ្នករាល់គ្នាជាមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណទ្វេដង។ ខ្ញុំចង់ជួបអ្នករាល់គ្នានៅតាមផ្លូវទៅស្រុកម៉ាសេដូន ហើយត្រឡប់ពីស្រុកម៉ាសេដូន មករកអ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាបានបញ្ជូនខ្ញុំបន្តទៅស្រុកយូដា។ ពេលខ្ញុំសម្រេចធ្វើដូច្នេះ តើខ្ញុំមានចិត្តសាវាឬ? ឬមួយគម្រោងការរបស់ខ្ញុំសម្រេចតាមសាច់ឈាម បានជាខ្ញុំនិយាយថា «បាទៗ» និង «ទេៗ» ក្នុងពេលតែមួយដូច្នេះ? ប៉ុន្តែ ព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ពាក្យសម្ដីរបស់យើងមកកាន់អ្នករាល់គ្នា មិនមែន «បាទ» ផង «ទេ» ផងនោះឡើយ។ ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ដែលយើងបានប្រកាសពីព្រះអង្គ គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន ទាំងធីម៉ូថេ បានប្រកាសក្នុងចំណោមអ្នករាល់គ្នា ព្រះអង្គមិនមែន «បាទ» ផង «ទេ» ផងនោះឡើយ នៅក្នុងព្រះអង្គ មានតែ «បាទ» ប៉ុណ្ណោះ។ ដ្បិតនៅក្នុងព្រះអង្គ គ្រប់ទាំងសេចក្តីសន្យារបស់ព្រះ សុទ្ធតែ «បាទ» ទាំងអស់។ ហេតុនេះហើយបានជាតាមរយៈព្រះអង្គ យើងពោលថា «អាម៉ែន» សម្រាប់ជាសិរីល្អរបស់ព្រះ។ គឺព្រះហើយដែលតាំងយើងឲ្យខ្ជាប់ខ្ជួនជាមួយអ្នករាល់គ្នាក្នុងព្រះគ្រីស្ទ ហើយដែលបានចាក់ប្រេងតាំង លើយើង ព្រះអង្គបានដៅចំណាំយើង ហើយប្រទានព្រះវិញ្ញាណមកក្នុងចិត្តយើង ទុកជារបស់បញ្ចាំចិត្ត។ ខ្ញុំសូមយកព្រះជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកក្រុងកូរិនថូសទៀត គឺដោយប្រណីដល់អ្នករាល់គ្នា មិនមែនមានន័យថា យើងធ្វើជាម្ចាស់លើជំនឿរបស់អ្នករាល់គ្នាឡើយ គឺយើងជាអ្នករួមការងារជាមួយអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ព្រោះអ្នករាល់គ្នាបានឈរមាំក្នុងជំនឿហើយ។
២ កូរិនថូស 1:15-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយខ្ញុំមានសេចក្ដីសង្ឃឹមដ៏មុតមាំនេះហើយ បានជាខ្ញុំមានបំណងចង់មករកបងប្អូនជាមុនសិន ដើម្បីឲ្យព្រះជាម្ចាស់ប្រោសប្រណីបងប្អូនសាជាថ្មីម្ដងទៀត។ បន្ទាប់មក ខ្ញុំនឹងចាកចេញពីបងប្អូនឆ្ពោះទៅស្រុកម៉ាសេដូន ហើយវិលពីស្រុកម៉ាសេដូនមករកបងប្អូនវិញ ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្តដំណើរទៅស្រុកយូដាទៀត។ ខ្ញុំសម្រេចចិត្តធ្វើដូច្នេះ តើខ្ញុំសម្រេចដោយឥតបើគិតឬ? ឬមួយគម្រោងការរបស់ខ្ញុំកើតមកពីគំនិតលោកីយ៍ បានជាខ្ញុំនិយាយបាតដៃជាខ្នងដៃដូច្នេះ? មានព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយ យើងមិននិយាយមកកាន់បងប្អូន ដោយពោលពាក្យប្រែប្រួលបាតដៃជាខ្នងដៃនោះទេ ដ្បិតព្រះគ្រិស្តយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន និងលោកធីម៉ូថេ ប្រកាសក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងព្រះអង្គមានតែពាក្យសច្ចៈប៉ុណ្ណោះ។ ព្រះគ្រិស្តបានធ្វើឲ្យព្រះបន្ទូលសន្យាទាំងប៉ុន្មានរបស់ព្រះជាម្ចាស់បានសម្រេចសព្វគ្រប់ទាំងអស់។ ហេតុនេះហើយបានជាយើងពោលពាក្យ«អាម៉ែន*»ទៅកាន់ព្រះជាម្ចាស់ តាមរយៈព្រះគ្រិស្ត ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ គឺព្រះជាម្ចាស់ហើយ ដែលប្រទានឲ្យយើង និងបងប្អូនមានជំនឿខ្ជាប់ខ្ជួនលើព្រះគ្រិស្ត ព្រមទាំងបានចាក់ប្រេងលើយើងផង ហើយព្រះអង្គក៏បានដៅសញ្ញាសម្គាល់របស់ព្រះអង្គលើយើង និងប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងផងដែរ។ ខ្ញុំសូមជម្រាបបងប្អូន ដោយមានព្រះជាម្ចាស់ជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេ សូមព្រះអង្គផ្ដាច់ជីវិតខ្ញុំចុះ)។ យើងមិនចង់ត្រួតត្រាលើជំនឿរបស់បងប្អូនទេ ដ្បិតជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ យើងគ្រាន់តែចង់ធ្វើការរួមជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរតែប៉ុណ្ណោះ។
២ កូរិនថូស 1:15-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយព្រោះខ្ញុំមានសេចក្ដីសង្ឃឹមនោះ បានជាខ្ញុំគិតនឹងមកឯអ្នករាល់គ្នាពីកាលមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណមួយលើកទៀត ហើយឲ្យខ្ញុំបានហួសទៅឯស្រុកម៉ាសេដូន ដោយសារអ្នករាល់គ្នា រួចសឹមត្រឡប់មកឯអ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំ ទៅឯស្រុកយូដាផង ដូច្នេះ ដែលខ្ញុំសំរេចធ្វើយ៉ាងនោះ តើខ្ញុំបានប្រព្រឹត្តដោយចិត្តសាវ៉ាឬអី ឬការដែលខ្ញុំសំរេចនឹងធ្វើ តើបានសំរេចតាមសាច់ឈាមបានជាចួនកាលខ្ញុំថា «បាទ» ចួនកាលថា «ទេ» វិញឬអី រីឯព្រះ ទ្រង់ស្មោះត្រង់ បានជាពាក្យសំដីដែលយើងខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះមិនមែនថា «បាទ» ផង «ទេ» ផងឡើយ ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលយើងខ្ញុំ គឺខ្លួនខ្ញុំ ស៊ីលវ៉ាន នឹងធីម៉ូថេ បានប្រកាសប្រាប់ក្នុងពួកអ្នករាល់គ្នា ទ្រង់មិនមែនជា «បាទ» ផង «ទេ» ផងនោះទេ គឺមានតែ «បាទ» សុទ្ធនៅក្នុងទ្រង់ប៉ុណ្ណោះ ដ្បិតទោះបើមានសេចក្ដីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ» ក្នុងទ្រង់ ហើយ «អាម៉ែន» ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា រីឯអ្នកដែលតាំងយើងខ្ញុំ ឲ្យខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នា ហើយដែលចាក់ប្រេងឲ្យយើង នោះគឺជាព្រះ ទ្រង់ក៏បានដៅចំណាំយើងរាល់គ្នា ហើយបានប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងរាល់គ្នាផង។ ខ្ញុំសូមយកព្រះធ្វើជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកឯក្រុងកូរិនថូស នោះគឺដោយប្រណីដល់អ្នករាល់គ្នាទេ មិនមែនថា យើងខ្ញុំធ្វើជាម្ចាស់លើសេចក្ដីជំនឿរបស់អ្នករាល់គ្នាទេ គឺធ្វើជាគូកន ជួយឲ្យអ្នករាល់គ្នាបានសេចក្ដីអំណរវិញ ដ្បិតអ្នករាល់គ្នាកំពុងឈរហើយ ដោយសារសេចក្ដីជំនឿ។