២ របាក្សត្រ 9:3-6
២ របាក្សត្រ 9:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលមហាក្សត្រិយ៍ស្រុកសេបាឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន និងដំណាក់ដែលស្ដេចបានធ្វើ ឃើញព្រះស្ងោយនៅលើតុរបស់ស្ដេច កន្លែងអង្គុយរបស់ពួកនាម៉ឺនមន្ត្រី របៀបរបបរបស់ពួករាជបម្រើ និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញពួកអ្នកថ្វាយពែងរបស់ស្ដេច និងសម្លៀកបំពាក់របស់គេ និងតង្វាយដុតដែលស្ដេចថ្វាយក្នុង ព្រះដំណាក់របស់ព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី។ ព្រះនាងមានសវនីយ៍ទៅស្តេចថា៖ «ពាក្យដែលខ្ញុំម្ចាស់បានឮនិយាយ នៅស្រុកខ្ញុំម្ចាស់ ពីរាជកិច្ច និងប្រាជ្ញារបស់ព្រះករុណា នោះគឺពិតប្រាកដមែន ប៉ុន្តែ ខ្ញុំម្ចាស់មិនបានជឿដំណឹង នោះទេ រហូតទាល់តែខ្ញុំម្ចាស់បានមកឃើញផ្ទាល់នឹងភ្នែក ហើយមើល៍ ដំណឹងដែលខ្ញុំម្ចាស់បានឮពីប្រាជ្ញាដ៏អស្ចារ្យរបស់ព្រះករុណានោះ គេថ្លែងប្រាប់មិនដល់ត្រឹមទាំងពាក់កណ្ដាលផង ព្រះករុណាលើសពីសេចក្ដីដែលខ្ញុំម្ចាស់បានឮទៅទៀត។
២ របាក្សត្រ 9:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះមហាក្សត្រិយានីស្រុកសេបាសង្កេតឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ឃើញវាំងដែលស្ដេចបានសង់ ឃើញព្រះស្ងោយរបស់ស្ដេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហាតលិក និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយមានរាជសវនីយ៍ទៅកាន់ព្រះបាទសាឡូម៉ូនថា៖ «ពាក្យទាំងប៉ុន្មានដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្ដីអំពីព្រះករុណា និងអំពីប្រាជ្ញារបស់ព្រះករុណា ពិតជាត្រឹមត្រូវមែន! មុនពេលខ្ញុំម្ចាស់មកដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែក ខ្ញុំម្ចាស់មិនបានជឿពាក្យដែលគេថ្លែងទេ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថាអ្វីៗដែលគេរៀបរាប់ប្រាប់ខ្ញុំម្ចាស់ អំពីប្រាជ្ញាដ៏ឧត្ដុង្គឧត្ដមរបស់ព្រះករុណា ត្រឹមត្រូវតែពាក់កណ្ដាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញាឈ្លាសវៃ លើសពីសេចក្ដីដែលខ្ញុំម្ចាស់បានឮទៅទៀត។
២ របាក្សត្រ 9:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលមហាក្សត្រីស្រុកសេបា បានឃើញប្រាជ្ញា របស់សាឡូម៉ូន នឹងដំណាក់ដែលទ្រង់បានធ្វើ ព្រមទាំងព្រះស្ងោយនៅលើតុទ្រង់ ទីលំនៅរបស់ពួកបំរើទ្រង់ សណ្ឋានពួកបរិវាររបស់ទ្រង់ នឹងគ្រឿងតែងកាយរបស់គេ ហើយពួកបំរើថ្វាយពែងរបស់ទ្រង់ នឹងសំលៀកបំពាក់របស់គេ ហើយនឹងដង្វាយដុត ដែលទ្រង់ថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី រួចមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮនិយាយ នៅស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច នឹងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន ប៉ុន្តែខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញ នឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮ ពីប្រាជ្ញាដ៏ជាធំរបស់ទ្រង់នោះ គេថ្លែងប្រាប់មិនដល់ត្រឹមទាំងពាក់កណ្តាលផង ទ្រង់លើសហួសពីកិត្តិនាមដែលខ្ញុំម្ចាស់បានឮទៅទៀត