២ របាក្សត្រ 7:15-22

២ របាក្សត្រ 7:15-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ ភ្នែក​យើង​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​យើង​នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្ដី​ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ។ ដ្បិត​ឥឡូវ​នេះ យើង​បាន​រើស​ព្រះ‌វិហារ​នេះ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ឈ្មោះ​យើង​បាន​តាំង​នៅ​ទី​នេះ​ជា​ដរាប​ទៅ ឯ​ភ្នែក និង​ចិត្ត​របស់​យើង ក៏​នៅ​ទី​នេះ​ជា‌និច្ច។ ចំណែកអ្នក ប្រសិន‌បើ​អ្នក​ដើរ​នៅ​មុខ​យើង ដូច​ជា​ដាវីឌ ជា​បិតា​អ្នក ព្រម​ទាំង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់ ហើយ​រក្សា​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​នឹង​តាំង​រាជ្យ​នៃ​នគរ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដូច​ជា​យើង​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ជា​បិតា​អ្នក​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល​ឡើយ" ។ ប៉ុន្តែ បើ​អ្នក​ងាក​បែរ​ចេញ ហើយ​បោះ‌បង់​ចោល​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ដាក់​សម្ញែង​នៅ​មុខ​អ្នក​រាល់​គ្នា ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ​បង្គំ​ដល់​ព្រះ​ដទៃ​វិញ យើង​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា រួច​ដំណាក់​នេះ​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ ទុក​សម្រាប់​ឈ្មោះ​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​ភ្នែក​របស់​យើង ឲ្យ​បាន​ត្រឡប់​ជាពាក្យ​ពោល និង​ជា​ពាក្យ​ចំអក ក្នុង​ចំណោម​អស់​ទាំង​សាសន៍។ ឯ​ដំណាក់​ដ៏​ស្កឹមស្កៃ​នេះ អស់​អ្នក​ណា​ដែល​ដើរ​តាម​នេះ នឹង​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ថា "ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ ចំពោះ​ស្រុក​នេះ និង​ព្រះ‌វិហារ​នេះ?" គេ​នឹង​ឆ្លើយ​ឡើង​ថា "គឺ​ដោយ​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​ទៅ​ចាប់​កាន់​តាម​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ​បង្គំ និង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​ផង ហេតុ​នោះ​បាន​ជា​ទ្រង់​បណ្ដាល​ឲ្យ​សេចក្ដី​អាក្រក់​ទាំង​នេះ​កើត​ឡើង​ដល់​គេ"»។

២ របាក្សត្រ 7:15-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពី​ពេល​នេះ​ទៅ យើង​បើក​ភ្នែក​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ។ យើង​ជ្រើស​រើស និង​ញែក​ដំណាក់​នេះ​ទុក​សម្រាប់​នាម​យើង រហូត​ត​ទៅ។ យើង​នឹង​ថែ‌រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​កន្លែង​នេះ​ជានិច្ច។ រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​តាម​យើង ដូច​ដាវីឌ​ជា​បិតា​របស់​អ្នក ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់ ហើយ​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង យើង​នឹង​ធ្វើ​ឲ្យ​រាជ​សម្បត្តិ​របស់​អ្នក​នៅ​ស្ថិត‌ស្ថេរ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក តែង​តែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជានិច្ច”។ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​ដែល​យើង​ប្រគល់​ឲ្យ​ទេ ឬ​ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​ទៅ​គោរព និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ យើង​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ទឹក​ដី​របស់​យើង គឺ​ទឹក​ដី​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​នឹង​បោះ​បង់​ចោល​ដំណាក់ ដែល​យើង​ញែក​ទុក​សម្រាប់​នាម​យើង​នេះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង​ដែរ។ ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ និង​ចំអក​ឲ្យ។ មនុស្ស‌ម្នា​ដែល​ធ្លាប់​តែ​ឃើញ​ដំណាក់​ដ៏​ស្កឹម‌ស្កៃ ពេល​ពួក​គេ​ដើរ​កាត់​តាម​នោះ ពួក​គេ​នឹង​ស្រឡាំង‌កាំង ពោល​ថា: “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ និង​ព្រះ‌ដំណាក់​នេះ?”។ គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា: “មក​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ គឺ​ព្រះ​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា​ដូច្នេះ”»។

២ របាក្សត្រ 7:15-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្ដី ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ ដ្បិត​ឥឡូវ​នេះ អញ​បាន​រើស​ព្រះ‌វិហារ​នេះ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ឈ្មោះ​អញ​បាន​តាំង​នៅ​ទី​នេះ​ជា​ដរាប​ទៅ ឯ​ភ្នែកនឹង​ចិត្ត​អញ ក៏​នឹង​នៅ​ទី​នេះ​ជានិច្ច ចំណែក​ឯង បើ‌សិន​ជា​ដើរ​នៅ​មុខ​អញ ដូច​ជា​ដាវីឌ ជា​ឪពុក​ឯង ព្រម​ទាំង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ឯង ហើយ​រក្សា​បញ្ញត្ត នឹង​ក្រិត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​អញ នោះ​អញ​នឹង​តាំង​រាជ្យ​នៃ​នគរ​ឯង ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដូច​ជា​អញ​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ជា​ឪពុក​ឯង​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល​ឡើយ ប៉ុន្តែបើ​ឯង​រាល់​គ្នា​ងាក​បែរ​ចេញ ហើយ​បោះ‌បង់​ចោល​បញ្ញត្ត នឹង​ក្រិត្យ‌ក្រម​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ដាក់​សំញែង​នៅ​មុខ​ឯង​រាល់​គ្នា ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ​វិញ នោះ​អញ​នឹង​រំលើង​គេ ចេញ​ពី​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​គេ រួច​ព្រះ‌វិហារ​នេះ ដែល​អញ​បាន​ញែក​ជា​បរិសុទ្ធ ទុក​សំរាប់​ឈ្មោះ​អញ នោះ​អញ​នឹង​បោះ‌បង់​ចោល​ពី​ភ្នែក​អញ​ចេញ ឲ្យ​បាន​ត្រឡប់​ជា​ទី​ប្រៀប‌ផ្ទឹម ហើយ​ជា​ទី​ត្មះ‌តិះដៀល នៅ​ក្នុង​សាសន៍​ដទៃ​ទាំង​អស់ ហើយ​ព្រះ‌វិហារ​នេះ​ដែល​ខ្ពស់​ទាំង​ម៉្លេះ នោះ​អស់​អ្នក​ណា​ដែល​ដើរ​តាម​នេះ នឹង​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​នឹង​ស្រុក​នេះ ហើយ​នឹង​ព្រះ‌វិហារ​នេះ​យ៉ាង​ដូច្នេះ គេ​នឹង​ឆ្លើយ​ឡើង​ថា គឺ​ដោយ​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​ទៅ​ចាប់​កាន់​តាម​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​ផង ហេតុ​នោះ​បាន​ជា​ទ្រង់​បណ្តាល​ឲ្យ​សេចក្ដី​អាក្រក់​ទាំង​នេះ​កើត​ឡើង​ដល់​គេ។