២ របាក្សត្រ 7:1-3

២ របាក្សត្រ 7:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះបាទ​សាឡូម៉ូន​បាន​អធិ‌ស្ឋាន​ចប់​ហើយ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន ហើយ​ព្រះ‌វិហារ​មាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ។ ពួក​សង្ឃ​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​បាន​ឡើយ ដោយ​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នោះ។ ពេល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឃើញ ក្នុង​កាល​ដែល​ភ្លើង​ធ្លាក់​មក និង​សិរី‌ល្អ​នៃ​ព្រះ​នៅ​លើ​ព្រះ‌វិហារ នោះ​គេ​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ​បង្គំ​នៅ​ទី​ក្រាល​ថ្ម ព្រម​ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ​ប្រកប​ដោយ​ករុណា‌គុណ ឯ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ នៅ​អស់​កល្ប​ជា‌និច្ច»។

២ របាក្សត្រ 7:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌បាទ​សាឡូម៉ូន​អធិស្ឋាន*​ចប់ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ ឆេះ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់។ ពួក​បូជា‌ចារ្យ*​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​បាន​ទេ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​លើ​ព្រះ‌ដំណាក់ ក៏​នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី​នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​សរសើរ​តម្កើង​ព្រះអង្គ​ថា «ព្រះអង្គ​ជា​ព្រះ​ដ៏​សប្បុរស ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។

២ របាក្សត្រ 7:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​សាឡូម៉ូន​បាន​អធិ‌ស្ឋាន​ស្រេច​ហើយ នោះ​ភ្លើង​ក៏​ចុះ​ពី​លើ​មេឃ មក​បញ្ឆេះ​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ ហើយ​ព្រះ‌វិហារ​បាន​ពេញ ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ពួក​សង្ឃ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មិន​បាន ដោយ​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នោះ ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​គេ​ក៏​មើល​ឃើញ ក្នុង​កាល​ដែល​ភ្លើង​ចុះ​មក នឹង​សិរី‌ល្អ​នៃ​ទ្រង់​បាន​នៅ​លើ​ព្រះ‌វិហារ​ដែរ ហើយ​គេ​ឱន​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​នៅ​ទី​ក្រាល​ថ្ម ព្រម​ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ ឯ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ក៏​នៅ​អស់‌កល្ប​ជានិច្ច។