២ របាក្សត្រ 6:19-21

២ របាក្សត្រ 6:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ព្រះ‌អង្គ​ប្រោស​មេត្តា​ទទួល​ពាក្យ​ដែល​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សម្រែក និង​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ទូល​ដល់​ព្រះ‌អង្គ​ផង។ ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា ព្រះ‌អង្គ​នឹង​តាំង​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ទី​នោះ ដើម្បី​នឹង​ស្តាប់​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ទូល​តម្រង់​មក​ឯ​ទី​នេះ។ កាល​ណា​ទូល‌បង្គំ និង​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ អធិ‌ស្ឋាន​មក​ឯ​ទី​នេះ នោះ​សូម​ព្រះ‌អង្គ​ស្តាប់​សេចក្ដី​ទូល​អង្វរ​របស់​យើង​ខ្ញុំ​ផង គឺ​សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ព្រះ‌អង្គ ពេល​ព្រះ‌អង្គ​ព្រះ‌សណ្តាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង។

២ របាក្សត្រ 6:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក និង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ នៅ​ថ្ងៃ​នេះ​ផង! សូម​ទត​មើល​មក​ព្រះ‌ដំណាក់​នេះ ទាំង​ថ្ងៃ ទាំង​យប់ គឺ​កន្លែង​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ជា​កន្លែង​សម្រាប់​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ អធិស្ឋាន​នៅ​ទី​នេះ​ផង! កាល​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ​ផង។ បពិត្រ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* សូម​មេត្តា​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ និង​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង!។

២ របាក្សត្រ 6:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ ដែល​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សំរែក នឹង​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូលបង្គំ​ទូល​ដល់​ទ្រង់​ផង ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង​ដែល​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា ទ្រង់​នឹង​តាំង​ព្រះ‌នាម​ទ្រង់​នៅ​ទី​នោះ ដើម្បី​នឹង​ស្តាប់​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូលបង្គំ​នឹង​ទូល​ដំរង់​មក​ឯ​ទី​នេះ ហើយ​កាល​ណា​ទូលបង្គំ នឹង​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់ អធិ‌ស្ឋាន​មក​ឯ​ទី​នេះ នោះ​សូម​ទ្រង់​ស្តាប់​សេចក្ដី​ទូល​អង្វរ​របស់​យើង​ខ្ញុំ​ផង គឺ​សូម​ទ្រង់​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​នៃ​ទ្រង់ លុះ​កាល​ទ្រង់​ព្រះ‌សណ្តាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង។