២ របាក្សត្រ 6:1-21
២ របាក្សត្រ 6:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខណៈនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ព្រះអង្គនឹងគង់នៅក្នុងងងឹតយ៉ាងក្រាស់ តែទូលបង្គំបានស្អាងព្រះវិហារនេះ ទុកជាទីលំនៅថ្វាយព្រះអង្គវិញ គឺជាកន្លែងសម្រាប់ឲ្យព្រះអង្គគង់នៅអស់កល្បជានិច្ច»។ បន្ទាប់មក ស្ដេចបែរព្រះភក្ត្រមក ឲ្យពរដល់ក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ហើយក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏ឈរឡើង។ ទ្រង់មានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានព្រះពរ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងព្រះបាទដាវីឌ ជាបិតារបស់យើង ដោយព្រះឧស្ឋរបស់ព្រះអង្គ ហើយបានសម្រេចសេចក្ដីនោះ ដោយសារព្រះហស្តរបស់ព្រះអង្គ ដោយព្រះបន្ទូលថា "ចាប់តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ត្ររបស់យើង ចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបានរើសទីក្រុងណាមួយ ក្នុងអស់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ទុកជាទីសម្រាប់ស្អាងព្រះវិហារ ឲ្យឈ្មោះរបស់យើងបាននៅទីនោះឡើយ ក៏មិនបានរើសអ្នកណាម្នាក់ ឲ្យបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដែរ ប៉ុន្តែ យើងបានរើសក្រុងយេរូសាឡិម ដើម្បីឲ្យឈ្មោះរបស់យើងបាននៅទីនោះ ហើយយើងបានរើសដាវីឌឲ្យបានគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង"។ ព្រះបាទដាវីឌជាបិតារបស់យើង ទ្រង់បានប្រាថ្នាក្នុងព្រះហឫទ័យ ចង់ស្អាងព្រះវិហារសម្រាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់យើងថា "ដែលឯងបានប្រាថ្នានៅក្នុងចិត្ត ចង់ស្អាងព្រះវិហារសម្រាប់ឈ្មោះរបស់យើងនោះល្អហើយ ដោយកើតមានគំនិតយ៉ាងដូច្នោះ តែមិនមែនឯងទេដែលត្រូវស្អាងព្រះវិហារនោះ គឺជាកូនដែលឯងនឹងបង្កើតវិញ កូននោះនឹងស្អាងព្រះវិហារ សម្រាប់ឈ្មោះរបស់យើង "។ ឥឡូវនេះ ព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គហើយ ដ្បិតយើងបានឡើងស្នងរាជ្យជំនួសព្រះបាទដាវីឌ ជាបិតា ហើយក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ សម្រាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែរ។ យើងក៏បានដាក់ហិប ដែលក្នុងហិបនោះមានសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ជាសញ្ញាដែលទ្រង់បានតាំងនឹងពួកកូនចៅអ៊ីស្រាអែល»។ ព្រះបាទសាឡូម៉ូនឈរនៅចំពោះអាសនារបស់ព្រះយេហូវ៉ា នៅមុខក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ក៏លើកព្រះហស្តឡើងទៅលើ។ ព្រះបាទសាឡូម៉ូនបានធ្វើវេទិកាពីលង្ហិន បណ្តោយប្រាំហត្ថ ទទឹងប្រាំហត្ថ និងកម្ពស់បីហត្ថ ដាក់នៅកណ្ដាលទីលាន ហើយទ្រង់ឈរនៅលើទីនោះ ក៏លុតព្រះជង្ឃ នៅមុខក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ លើកព្រះហស្តឡើងទៅលើមេឃ ហើយទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះណាដូចជាព្រះអង្គឡើយ ទោះនៅលើមេឃ ឬនៅផែនដីក្តី ព្រះអង្គកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសដល់ពួកអ្នកបម្រើរបស់ព្រះអង្គ ដែលដើរនៅចំពោះព្រះអង្គដោយចិត្តស្មោះត្រង់ ព្រះអង្គបានរក្សាសេចក្ដីសន្យា ដែលព្រះអង្គបានមានព្រះបន្ទូលនឹងអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតាទូលបង្គំ ព្រះអង្គបានមានព្រះបន្ទូលដោយព្រះឧស្ឋរបស់ព្រះអង្គ ហើយសម្រេចសេចក្ដីនោះ ដោយព្រះហស្តរបស់ព្រះអង្គ ដូចជាមានមកសព្វថ្ងៃនេះ។ ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមព្រះអង្គរក្សាសេចក្ដីសន្យានឹងបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ដែលថា "នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល នៅមុខយើងឡើយ ឲ្យតែកូនចៅអ្នកប្រុងប្រយ័ត្ននឹងផ្លូវខ្លួន ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់យើង ដូចជាអ្នកបានដើរនៅមុខយើងដែរ"។ ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលដែលព្រះអង្គបានមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គចុះ។ តើព្រះនឹងគង់នៅជាមួយមនុស្ស នៅលើផែនដីជាប្រាកដឬ? មើល៍ ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមព្រះអង្គប្រោសមេត្តាទទួលពាក្យដែលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសម្រែក និងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលដល់ព្រះអង្គផង។ ប្រយោជន៍ឲ្យព្រះនេត្ររបស់ព្រះអង្គបានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលព្រះអង្គបានមានព្រះបន្ទូលហើយថា ព្រះអង្គនឹងតាំងព្រះនាមព្រះអង្គនៅទីនោះ ដើម្បីនឹងស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលតម្រង់មកឯទីនេះ។ កាលណាទូលបង្គំ និងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ អធិស្ឋានមកឯទីនេះ នោះសូមព្រះអង្គស្តាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ពេលព្រះអង្គព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
២ របាក្សត្រ 6:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងទីងងឹត! ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ទុកជាព្រះដំណាក់ថ្វាយព្រះអង្គគង់ អស់កល្បជានិច្ច!»។ ព្រះរាជាបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។ ព្រះរាជាមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គសម្តែងព្រះបារមី ដើម្បីសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌជាបិតារបស់ខ្ញុំ។ ព្រះអង្គមានព្រះបន្ទូលដូចតទៅ: “តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយ ទុកជាកន្លែងសម្រាប់សម្តែងនាមរបស់យើងឡើយ យើងក៏ពុំបានជ្រើសរើសនរណាម្នាក់ផ្សេង ដើម្បីធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដែរ គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសម្តែងនាមរបស់យើង ហើយជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។ ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះវិហារមួយសម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំថា “អ្នកមានបំណងសង់ព្រះដំណាក់សម្រាប់នាមយើងដូច្នេះ ជាការប្រសើរណាស់ តែមិនមែនអ្នកទេដែលនឹងសង់ព្រះដំណាក់នេះ គឺកូនដែលកើតចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ ជាអ្នកសង់ព្រះដំណាក់សម្រាប់នាមយើង”។ ព្រះអម្ចាស់បានសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺខ្ញុំបានឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បានសង់ព្រះដំណាក់នេះសម្រាប់ព្រះនាមព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលដែរ។ ខ្ញុំបានតម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ នៅក្នុងព្រះដំណាក់នេះ គឺសម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយជនជាតិអ៊ីស្រាអែល»។ ព្រះរាជាឈរពីមុខអាសនៈរបស់ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ស្ដេចលើកព្រះហស្ដឡើងលើ។ ព្រះបាទសាឡូម៉ូនបានធ្វើវេទិកាមួយពីលង្ហិន តម្កល់នៅចំកណ្ដាលទីលានព្រះដំណាក់ វេទិកានេះមានបណ្ដោយប្រាំហត្ថ ទទឹងប្រាំហត្ថ និងកម្ពស់បីហត្ថ។ ព្រះរាជាយាងឡើងគង់លើវេទិកានោះ រួចលុតជង្គង់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ហើយលើកព្រះហស្ដឡើងទៅលើមេឃ ទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រី ហើយសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នកបម្រើរបស់ព្រះអង្គ ដែលដើរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយស្មោះអស់ពីចិត្ត។ ព្រះអង្គប្រោសប្រណីដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះ ព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា ដោយសារឫទ្ធិបារមីរបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! ឥឡូវនេះ សូមព្រះអង្គប្រោសប្រណីដល់អ្នកបម្រើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថា “ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ដោយគោរពតាមក្រឹត្យវិន័យ*របស់យើង ដូចអ្នកបានដើរតាមយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ ឡើងគ្រងរាជ្យលើអ៊ីស្រាអែល នៅចំពោះមុខយើងជានិច្ច”។ បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គសន្យាជាមួយព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គផង។ តើព្រះជាម្ចាស់គង់នៅលើផែនដីជាមួយមនុស្សលោកកើតឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេង ក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទម្រាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ! បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមទ្រង់ព្រះសណ្ដាប់សម្រែក និងពាក្យអធិស្ឋានរបស់ទូលបង្គំ នៅថ្ងៃនេះផង! សូមទតមើលមកព្រះដំណាក់នេះ ទាំងថ្ងៃ ទាំងយប់ គឺកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា ជាកន្លែងសម្រាប់ព្រះនាមរបស់ព្រះអង្គ។ សូមទ្រង់ព្រះសណ្ដាប់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ អធិស្ឋាននៅទីនេះផង! កាលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និងអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ អធិស្ឋានឆ្ពោះមកទីនេះ សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរទាំងប៉ុន្មានរបស់យើងខ្ញុំផង។ បពិត្រព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខ* សូមមេត្តាព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!។
២ របាក្សត្រ 6:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណនោះ សាឡូម៉ូនពោលថា ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា ទ្រង់នឹងគង់នៅក្នុងងងឹតយ៉ាងក្រាស់ តែទូលបង្គំបានស្អាងព្រះវិហារនេះ ទុកជាទីលំនៅថ្វាយទ្រង់វិញ គឺជាកន្លែងសំរាប់ឲ្យទ្រង់គង់នៅអស់កល្បជានិច្ច រួចស្តេចទ្រង់បែរព្រះភក្ត្រមក ឲ្យពរដល់ពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ហើយពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏ឈរឡើង នោះទ្រង់មានបន្ទូលថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានព្រះពរ ដែលទ្រង់បានមានបន្ទូលនឹងដាវីឌ ជាបិតាយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសំរេចសេចក្ដីនោះ ដោយសារព្រះហស្តទ្រង់ ដោយបន្ទូលថា ចាប់តាំងពីថ្ងៃដែលអញបាននាំរាស្ត្រអញ ចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាទីសំរាប់ស្អាងព្រះវិហារ ឲ្យឈ្មោះអញបាននៅទីនោះឡើយ ក៏មិនបានរើសមនុស្សណាមួយ ឲ្យបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្រអញដែរ តែឥឡូវនេះវិញ អញបានរើសក្រុងយេរូសាឡិម ដើម្បីឲ្យឈ្មោះអញបាននៅទីនោះ ហើយអញបានរើសដាវីឌឲ្យបានគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញ ឯដាវីឌជាបិតាយើង ទ្រង់បានប្រាថ្នាក្នុងព្រះទ័យ ចង់ស្អាងព្រះវិហារសំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែរ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងដាវីឌ ជាបិតាយើងថា ដែលឯងបានប្រាថ្នានៅក្នុងចិត្ត ចង់ស្អាងព្រះវិហារសំរាប់ឈ្មោះអញ នោះក៏ល្អហើយ ដោយកើតមានគំនិតយ៉ាងដូច្នោះ ប៉ុន្តែឯងមិនត្រូវស្អាងព្រះវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតវិញ កូននោះនឹងស្អាងព្រះវិហារ សំរាប់ឈ្មោះអញ ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសំរេចតាមព្រះបន្ទូលដែលទ្រង់មានបន្ទូលនោះហើយ ដ្បិតយើងបានកើតឡើងជំនួសដាវីឌ ជាបិតា ហើយក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យាទុក ហើយយើងបានស្អាងព្រះវិហារនេះ សំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល យើងក៏បានដាក់ហឹប ដែលក្នុងហឹបនោះមានសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ជាសញ្ញាដែលទ្រង់បានតាំងនឹងពួកកូនចៅអ៊ីស្រាអែល។ សាឡូម៉ូនទ្រង់ឈរនៅចំពោះអាសនា នៃព្រះយេហូវ៉ា នៅមុខពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ក៏លើកព្រះហស្តប្រទូលឡើង (ដ្បិតទ្រង់បានធ្វើទីថ្កល់ពីលង្ហិន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ នឹងកំពស់៣ហត្ថ ដាក់នៅកណ្តាលទីលាន ហើយទ្រង់ឈរនៅលើទីនោះ ក៏លុតព្រះជង្ឃ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ លើកព្រះហស្តប្រទូលឡើងទៅលើមេឃ) ទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ទោះនៅលើមេឃឬនៅផែនដីក្តី ទ្រង់កាន់តាមសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរសដល់ពួកអ្នកបំរើទ្រង់ ដែលដើរនៅចំពោះទ្រង់ដោយចិត្តស្មោះត្រង់ ទ្រង់បានរក្សាសេចក្ដីសន្យា ដែលទ្រង់បានមានបន្ទូលនឹងអ្នកបំរើទ្រង់ គឺនឹងដាវីឌ ជាបិតាទូលបង្គំ ទ្រង់បានមានបន្ទូលដោយព្រះឱស្ឋទ្រង់ ហើយសំរេចសេចក្ដីនោះ ដោយព្រះហស្តទ្រង់ ដូចជាមានមកសព្វថ្ងៃនេះ ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់រក្សាសេចក្ដី ដែលទ្រង់បានសន្យានឹងបិតាទូលបង្គំ គឺនឹងដាវីឌ ជាអ្នកបំរើទ្រង់ថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល នៅមុខអញឡើយ ឲ្យតែកូនចៅឯងប្រុងប្រយ័តនឹងផ្លូវខ្លួន ដើម្បីនឹងដើរតាមក្រិត្យវិន័យរបស់អញ ដូចជាឯងបានដើរនៅមុខអញដែរ ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលដែលទ្រង់បានមានបន្ទូលនឹងដាវីឌ ជាអ្នកបំរើទ្រង់ចុះ។ យីអើ តើព្រះនឹងគង់នៅជាមួយនឹងមនុស្ស នៅលើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃនឹងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអំបាលម៉ានទៅទៀត ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យ ដែលទូលបង្គំជាអ្នកបំរើទ្រង់អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសំរែក នឹងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលដល់ទ្រង់ផង ប្រយោជន៍ឲ្យព្រះនេត្រទ្រង់បានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលទ្រង់បានមានបន្ទូលហើយថា ទ្រង់នឹងតាំងព្រះនាមទ្រង់នៅទីនោះ ដើម្បីនឹងស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំនឹងទូលដំរង់មកឯទីនេះ ហើយកាលណាទូលបង្គំ នឹងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ អធិស្ឋានមកឯទីនេះ នោះសូមទ្រង់ស្តាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមទ្រង់ស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅនៃទ្រង់ លុះកាលទ្រង់ព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។