២ របាក្សត្រ 36:8-10

២ របាក្សត្រ 36:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​ដំណើរ​ឯ​ទៀត ពី​ព្រះបាទ​យេហូ‌យ៉ាគីម និង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ប្រព្រឹត្ត ហើយ​ទោស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ រួច​ព្រះបាទ​យ៉ូយ៉ា‌គីន ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ កាល​ព្រះបាទ​យ៉ូយ៉ា‌គីន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ដប់​ប្រាំបី​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​បី​ខែ​ដប់​ថ្ងៃ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។ ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា​ចាត់​គេ​ឲ្យ​ទៅ​នាំ​ទ្រង់​មក​ក្រុង​បាប៊ី‌ឡូន ហើយ​ក៏​យក​គ្រឿង​ប្រដាប់​យ៉ាង​ល្អ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​មក​ផង រួច​លើក​សេដេ‌គា ជា​បិតុលា​ទ្រង់​ឡើង​ជា​ស្តេច​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។

២ របាក្សត្រ 36:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម គឺ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ស្ដេច​ផ្ទាល់​បាន​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ស្ដេច​ស្រុក​យូដា។ ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។ កាល​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ប្រាំ​បី​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ។ នៅ​ពេល​ចូល​ឆ្នាំ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ចាប់​ស្ដេច ព្រម​ទាំង​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​បាន​តែង‌តាំង​ព្រះ‌បាទ​សេដេ‌គា ជា​អនុជ​របស់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។

២ របាក្សត្រ 36:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ដំណើរ​ឯ​ទៀត ពី​យេហូ‌យ៉ាគីម នឹង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ប្រព្រឹត្ត ហើយ​ទោស​ទាំង​ប៉ុន្មាន ដែល​ឃើញ​មាន នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​អ៊ីស្រាអែល នឹង​យូដា​ហើយ រួច​យ៉ូយ៉ា‌គីន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។ កាល​យ៉ូយ៉ា‌គីន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣​ខែ​១០​ថ្ងៃ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ស្តេច​នេប៊ូ‌ក្នេសា​ចាត់​គេ ឲ្យ​ទៅ​នាំ​ទ្រង់​មក​ឯ​ក្រុង​បាប៊ីឡូន ហើយ​ក៏​យក​គ្រឿង​ប្រដាប់​យ៉ាង​ល្អ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មក​ផង រួច​លើក​សេដេគា ជា​បិតុលា​ទ្រង់ ឡើង​ជា​ស្តេច​លើ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។