២ របាក្សត្រ 36:15-23
២ របាក្សត្រ 36:15-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ បានចាត់ទូតឲ្យទៅជួបគេ ទាំងក្រោកពីព្រលឹមចាត់គេទៅ ដ្បិតព្រះអង្គមានព្រះហឫទ័យអាណិតមេត្តាដល់ប្រជារាស្ត្រព្រះអង្គ ហើយដល់ទីលំនៅព្រះអង្គ។ ប៉ុន្តែ គេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលព្រះអង្គ ព្រមទាំងឡកឡឺយឲ្យពួកហោរាព្រះអង្គវិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេ ទាល់តែរកកែមិនបានឡើយ។ ហេតុនោះ ព្រះនាំស្តេចពួកខាល់ដេមកលើគេ ស្តេចនោះបានសម្លាប់ពួកកំលោះៗរបស់គេដោយដាវនៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្តាករុណា ទោះទាំងកំលោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ព្រះអង្គបានប្រគល់គេទាំងអស់ទៅក្នុងកណ្ដាប់ព្រះហស្តនៃស្តេចនោះ។ ឯអស់ទាំងគ្រឿងប្រដាប់នៅក្នុងព្រះដំណាក់របស់ព្រះ ទាំងធំទាំងតូច និងរបស់ថ្លៃវិសេសទាំងប៉ុន្មាន ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងព្រះរាជទ្រព្យនៃស្តេច និងទ្រព្យរបស់ពួកប្រធាន នោះក៏នាំយកទៅក្រុងបាប៊ីឡូនទាំងអស់។ គេដុតព្រះដំណាក់របស់ព្រះចោល ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានតម្លៃ នៅក្នុងដំណាក់ទាំងនោះដែរ។ ឯអស់អ្នកដែលបានរួចពីដាវ ទ្រង់នាំទៅស្រុកបាប៊ីឡូន ហើយគេក៏ធ្វើជាអ្នកបម្រើរបស់ទ្រង់ និងវង្សានុវង្សរបស់ទ្រង់តទៅ ដរាបដល់នគរពើស៊ីបានគ្រប់គ្រងរាជ្យឡើង ដើម្បីឲ្យបានសម្រេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលថ្លែងតាមរយៈមាត់ហោរាយេរេមាថា៖ «ទាល់តែស្រុកនោះបានគម្រប់ពេលដែលត្រូវឈប់សម្រាកឲ្យបានគ្រប់ចិតសិបឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សម្រាកទៅ»។ នៅឆ្នាំដំបូងក្នុងរាជ្យព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបានបណ្ដាលព្រះហឫទ័យទ្រង់ឡើង ដើម្បីឲ្យស្តេចបានធ្វើសម្រេចតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលថ្លែងតាមរយៈមាត់ហោរាយេរេមា គឺឲ្យទ្រង់បានចេញប្រកាសដល់អាណាខេត្តរបស់ទ្រង់ ហើយឲ្យសេចក្ដីនោះបានកត់ទុកផងថា៖ «ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដី មកយើងហើយ ព្រះអង្គបានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ដូច្នេះ នៅក្នុងពួកប្រជាជនទាំងឡាយ បើមានអ្នកណាជារបស់ព្រះយេហូវ៉ា នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅចុះ»។:៚
២ របាក្សត្រ 36:15-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចាត់អ្នកបម្រើរបស់ព្រះអង្គ ឲ្យទៅដាស់តឿនពួកគេជាច្រើនដង ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តាប្រជារាស្ត្រ និងព្រះដំណាក់របស់ព្រះអង្គផ្ទាល់។ ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលព្រះអង្គចាត់ឲ្យទៅ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ព្រមទាំងប្រមាថពួកព្យាការី រហូតធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។ ពេលនោះ ព្រះអម្ចាស់ក៏បានចាត់ស្ដេចនៃជនជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្ដេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងព្រះវិហារ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុស ទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ព្រះអង្គប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនោះ។ ព្រះចៅនេប៊ូក្នេសាប្រមូលវត្ថុទាំងប៉ុន្មាន ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺរបស់ទាំងតូច ទាំងធំ ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់ស្ដេច និងផ្ទះរបស់ពួកមន្ត្រី នាំយកទៅស្រុកបាប៊ីឡូន។ កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្ដួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកម្ទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។ ព្រះចៅនេប៊ូក្នេសាកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ព្រះចៅនេប៊ូក្នេសា និងបុត្ររបស់ស្ដេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។ ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូល ដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីយេរេមាថា «ស្រុកទេសនឹងក្លាយទៅជាទីស្មសាន អស់រយៈពេលចិតសិបឆ្នាំ ដូច្នេះ ក្នុងអំឡុងពេលនោះ ទឹកដីនឹងបានសម្រាក ជំនួសឆ្នាំសប្ប័ទ*ដែលប្រជាជនពុំបានគោរព»។ ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញព្រះហឫទ័យព្រះចៅស៊ីរូស ឲ្យចេញប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្ដេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែង តាមរយៈលោកយេរេមា មានសេចក្ដីដូចតទៅ៖ «ព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស មានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដី មកឲ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឲ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ អ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹមវិញ ហើយសូមឲ្យព្រះរបស់គេគង់នៅជាមួយគេ»។
២ របាក្សត្រ 36:15-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោគេ ទ្រង់បានចាត់ទូតទ្រង់ឲ្យទៅឯគេ ទាំងក្រោកពីព្រលឹមនឹងចាត់គេផង ដ្បិតទ្រង់មានព្រះហឫទ័យអាណិតមេត្តាដល់រាស្ត្រទ្រង់ ហើយដល់ទីលំនៅទ្រង់ តែគេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលទ្រង់ ព្រមទាំងឡកឡឺយឲ្យពួកហោរាទ្រង់វិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេទាល់តែរកកែខៃមិនបានឡើយ។ ហេតុនោះ ព្រះទ្រង់នាំស្តេចពួកខាល់ដេមកលើគេ ស្តេចនោះបានសំឡាប់ពួកកំឡោះៗរបស់គេដោយដាវនៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្តាករុណាដល់ ទោះទាំងកំឡោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ទ្រង់បានប្រគល់គេទាំងអស់ ទៅក្នុងកណ្តាប់ព្រះហស្តនៃស្តេចនោះ ឯអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះ ទាំងធំទាំងតូច នឹងរបស់ថ្លៃវិសេសទាំងប៉ុន្មាន ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងព្រះរាជទ្រព្យនៃស្តេច នឹងទ្រព្យរបស់ពួកអ្នកជាប្រធានរបស់ទ្រង់ នោះក៏នាំយកទៅឯក្រុងបាប៊ីឡូនទាំងអស់ គេដុតព្រះវិហារនៃព្រះបង់ ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានដំឡៃ នៅក្នុងដំណាក់ទាំងនោះដែរ ឯអស់អ្នកដែលបានរួចពីដាវ នោះទ្រង់ដឹកនាំទៅឯស្រុកបាប៊ីឡូន ហើយគេក៏ធ្វើជាអ្នកបំរើរបស់ទ្រង់ នឹងវង្សានុវង្សរបស់ទ្រង់តទៅ ដរាបដល់នគរពើស៊ីបានគ្រប់គ្រងរាជ្យឡើង ដើម្បីឲ្យបានសំរេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដោយសារមាត់ហោរាយេរេមា ទាល់តែស្រុកនោះបានគំរប់ពេលដែលត្រូវឈប់សំរាកឲ្យបានគ្រប់៧០ឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សំរាកទៅ។ រីឯនៅឆ្នាំដំបូងក្នុងរាជ្យស៊ីរូស ជាស្តេចស្រុកពើស៊ី នោះព្រះយេហូវ៉ាទ្រង់បានបណ្តាលព្រះទ័យទ្រង់ឡើង ដើម្បីឲ្យស្តេចបានធ្វើសំរេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដោយសារមាត់ហោរាយេរេមា គឺឲ្យទ្រង់បានចេញប្រកាសដល់អាណាខែត្ររបស់ទ្រង់ ហើយឲ្យសេចក្ដីនោះបានកត់ទុកផងថា ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានព្រះរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដី មកយើងហើយ ទ្រង់បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ដូច្នេះ នៅក្នុងពួកប្រជាជនទាំងឡាយ បើមានអ្នកណាជារបស់ផងព្រះយេហូវ៉ា នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅចុះ។:៚