២ របាក្សត្រ 36:11-23
២ របាក្សត្រ 36:11-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃមួយព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់មួយឆ្នាំ។ ទ្រង់បានប្រព្រឹត្តអំពើដ៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ឥតបន្ទាបព្រះហឫទ័យនៅមុខហោរាយេរេមា ដែលលោកពោលសេចក្ដីដែលមកពីព្រះឧស្ឋព្រះយេហូវ៉ាឡើយ។ ទ្រង់ក៏បះបោរចំពោះព្រះបាទនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថក្នុងនាមព្រះ។ ព្រះបាទសេដេគាបានធ្វើករឹង និងតាំងព្រះហឫទ័យរឹងរូស មិនព្រមបែររកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ។ មួយទៀត អស់ទាំងមេនៃពួកសង្ឃ និងពួកបណ្ដាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហាររបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡិម។ ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ បានចាត់ទូតឲ្យទៅជួបគេ ទាំងក្រោកពីព្រលឹមចាត់គេទៅ ដ្បិតព្រះអង្គមានព្រះហឫទ័យអាណិតមេត្តាដល់ប្រជារាស្ត្រព្រះអង្គ ហើយដល់ទីលំនៅព្រះអង្គ។ ប៉ុន្តែ គេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលព្រះអង្គ ព្រមទាំងឡកឡឺយឲ្យពួកហោរាព្រះអង្គវិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេ ទាល់តែរកកែមិនបានឡើយ។ ហេតុនោះ ព្រះនាំស្តេចពួកខាល់ដេមកលើគេ ស្តេចនោះបានសម្លាប់ពួកកំលោះៗរបស់គេដោយដាវនៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្តាករុណា ទោះទាំងកំលោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ព្រះអង្គបានប្រគល់គេទាំងអស់ទៅក្នុងកណ្ដាប់ព្រះហស្តនៃស្តេចនោះ។ ឯអស់ទាំងគ្រឿងប្រដាប់នៅក្នុងព្រះដំណាក់របស់ព្រះ ទាំងធំទាំងតូច និងរបស់ថ្លៃវិសេសទាំងប៉ុន្មាន ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងព្រះរាជទ្រព្យនៃស្តេច និងទ្រព្យរបស់ពួកប្រធាន នោះក៏នាំយកទៅក្រុងបាប៊ីឡូនទាំងអស់។ គេដុតព្រះដំណាក់របស់ព្រះចោល ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានតម្លៃ នៅក្នុងដំណាក់ទាំងនោះដែរ។ ឯអស់អ្នកដែលបានរួចពីដាវ ទ្រង់នាំទៅស្រុកបាប៊ីឡូន ហើយគេក៏ធ្វើជាអ្នកបម្រើរបស់ទ្រង់ និងវង្សានុវង្សរបស់ទ្រង់តទៅ ដរាបដល់នគរពើស៊ីបានគ្រប់គ្រងរាជ្យឡើង ដើម្បីឲ្យបានសម្រេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលថ្លែងតាមរយៈមាត់ហោរាយេរេមាថា៖ «ទាល់តែស្រុកនោះបានគម្រប់ពេលដែលត្រូវឈប់សម្រាកឲ្យបានគ្រប់ចិតសិបឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សម្រាកទៅ»។ នៅឆ្នាំដំបូងក្នុងរាជ្យព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបានបណ្ដាលព្រះហឫទ័យទ្រង់ឡើង ដើម្បីឲ្យស្តេចបានធ្វើសម្រេចតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលថ្លែងតាមរយៈមាត់ហោរាយេរេមា គឺឲ្យទ្រង់បានចេញប្រកាសដល់អាណាខេត្តរបស់ទ្រង់ ហើយឲ្យសេចក្ដីនោះបានកត់ទុកផងថា៖ «ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដី មកយើងហើយ ព្រះអង្គបានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ដូច្នេះ នៅក្នុងពួកប្រជាជនទាំងឡាយ បើមានអ្នកណាជារបស់ព្រះយេហូវ៉ា នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅចុះ»។:៚
២ របាក្សត្រ 36:11-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះបាទសេដេគាឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃមួយព្រះវស្សា ស្ដេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេចទេ ហើយពេលព្យាការីយេរេមាថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ ក៏ស្ដេចពុំព្រមសារភាពកំហុសដែរ។ ព្រះចៅនេប៊ូក្នេសាបានឲ្យស្ដេចស្បថក្នុងនាមព្រះជាម្ចាស់ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ស្ដេចនៅតែបះបោរប្រឆាំងនឹងព្រះចៅនេប៊ូក្នេសាដែរ។ ស្ដេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។ មេដឹកនាំទាំងអស់របស់ក្រុមបូជាចារ្យ ព្រមទាំងប្រជាជន នាំគ្នាប្រព្រឹត្តអំពើអាក្រក់ក្បត់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ហើយបន្ថោកព្រះដំណាក់របស់ព្រះអម្ចាស់ ដែលព្រះអង្គបានញែកជាសក្ការៈនៅក្រុងយេរូសាឡឹម។ ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចាត់អ្នកបម្រើរបស់ព្រះអង្គ ឲ្យទៅដាស់តឿនពួកគេជាច្រើនដង ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តាប្រជារាស្ត្រ និងព្រះដំណាក់របស់ព្រះអង្គផ្ទាល់។ ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលព្រះអង្គចាត់ឲ្យទៅ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ព្រមទាំងប្រមាថពួកព្យាការី រហូតធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។ ពេលនោះ ព្រះអម្ចាស់ក៏បានចាត់ស្ដេចនៃជនជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្ដេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងព្រះវិហារ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុស ទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ព្រះអង្គប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនោះ។ ព្រះចៅនេប៊ូក្នេសាប្រមូលវត្ថុទាំងប៉ុន្មាន ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺរបស់ទាំងតូច ទាំងធំ ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់ស្ដេច និងផ្ទះរបស់ពួកមន្ត្រី នាំយកទៅស្រុកបាប៊ីឡូន។ កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្ដួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកម្ទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។ ព្រះចៅនេប៊ូក្នេសាកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ព្រះចៅនេប៊ូក្នេសា និងបុត្ររបស់ស្ដេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។ ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូល ដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីយេរេមាថា «ស្រុកទេសនឹងក្លាយទៅជាទីស្មសាន អស់រយៈពេលចិតសិបឆ្នាំ ដូច្នេះ ក្នុងអំឡុងពេលនោះ ទឹកដីនឹងបានសម្រាក ជំនួសឆ្នាំសប្ប័ទ*ដែលប្រជាជនពុំបានគោរព»។ ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញព្រះហឫទ័យព្រះចៅស៊ីរូស ឲ្យចេញប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្ដេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែង តាមរយៈលោកយេរេមា មានសេចក្ដីដូចតទៅ៖ «ព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស មានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដី មកឲ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឲ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ អ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹមវិញ ហើយសូមឲ្យព្រះរបស់គេគង់នៅជាមួយគេ»។
២ របាក្សត្រ 36:11-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលសេដេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២១ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ឥតបន្ទាបព្រះទ័យនៅមុខហោរាយេរេមា ដែលលោកពោលសេចក្ដីដែលមកពីព្រះឱស្ឋព្រះយេហូវ៉ាឡើយ ទ្រង់ក៏បះបោរចំពោះស្តេចនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថដោយនូវព្រះ តែសេដេគាបានធ្វើករឹង ហើយតាំងព្រះទ័យរឹងរបឹង មិនព្រមបែរមកឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ មួយទៀត អស់ទាំងមេនៃពួកសង្ឃ នឹងពួកបណ្តាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហារនៃព្រះយេហូវ៉ា ដែលទ្រង់បានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡិម ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោគេ ទ្រង់បានចាត់ទូតទ្រង់ឲ្យទៅឯគេ ទាំងក្រោកពីព្រលឹមនឹងចាត់គេផង ដ្បិតទ្រង់មានព្រះហឫទ័យអាណិតមេត្តាដល់រាស្ត្រទ្រង់ ហើយដល់ទីលំនៅទ្រង់ តែគេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលទ្រង់ ព្រមទាំងឡកឡឺយឲ្យពួកហោរាទ្រង់វិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេទាល់តែរកកែខៃមិនបានឡើយ។ ហេតុនោះ ព្រះទ្រង់នាំស្តេចពួកខាល់ដេមកលើគេ ស្តេចនោះបានសំឡាប់ពួកកំឡោះៗរបស់គេដោយដាវនៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្តាករុណាដល់ ទោះទាំងកំឡោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ទ្រង់បានប្រគល់គេទាំងអស់ ទៅក្នុងកណ្តាប់ព្រះហស្តនៃស្តេចនោះ ឯអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះ ទាំងធំទាំងតូច នឹងរបស់ថ្លៃវិសេសទាំងប៉ុន្មាន ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងព្រះរាជទ្រព្យនៃស្តេច នឹងទ្រព្យរបស់ពួកអ្នកជាប្រធានរបស់ទ្រង់ នោះក៏នាំយកទៅឯក្រុងបាប៊ីឡូនទាំងអស់ គេដុតព្រះវិហារនៃព្រះបង់ ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានដំឡៃ នៅក្នុងដំណាក់ទាំងនោះដែរ ឯអស់អ្នកដែលបានរួចពីដាវ នោះទ្រង់ដឹកនាំទៅឯស្រុកបាប៊ីឡូន ហើយគេក៏ធ្វើជាអ្នកបំរើរបស់ទ្រង់ នឹងវង្សានុវង្សរបស់ទ្រង់តទៅ ដរាបដល់នគរពើស៊ីបានគ្រប់គ្រងរាជ្យឡើង ដើម្បីឲ្យបានសំរេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដោយសារមាត់ហោរាយេរេមា ទាល់តែស្រុកនោះបានគំរប់ពេលដែលត្រូវឈប់សំរាកឲ្យបានគ្រប់៧០ឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សំរាកទៅ។ រីឯនៅឆ្នាំដំបូងក្នុងរាជ្យស៊ីរូស ជាស្តេចស្រុកពើស៊ី នោះព្រះយេហូវ៉ាទ្រង់បានបណ្តាលព្រះទ័យទ្រង់ឡើង ដើម្បីឲ្យស្តេចបានធ្វើសំរេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដោយសារមាត់ហោរាយេរេមា គឺឲ្យទ្រង់បានចេញប្រកាសដល់អាណាខែត្ររបស់ទ្រង់ ហើយឲ្យសេចក្ដីនោះបានកត់ទុកផងថា ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានព្រះរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដី មកយើងហើយ ទ្រង់បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ដូច្នេះ នៅក្នុងពួកប្រជាជនទាំងឡាយ បើមានអ្នកណាជារបស់ផងព្រះយេហូវ៉ា នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅចុះ។:៚