២ របាក្សត្រ 34:1-7 - Compare All Versions
២ របាក្សត្រ 34:1-7 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មប្រាំបីឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានសាមសិបមួយឆ្នាំ ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមអស់ទាំងផ្លូវរបស់ដាវីឌ ជាបុព្វបុរសរបស់ទ្រង់ផង ឥតងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ដ្បិតនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ពេលទ្រង់នៅក្មេងនៅឡើយ ទ្រង់ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាបុព្វបុរសរបស់ទ្រង់ លុះដល់ឆ្នាំទីដប់ពីរ ទ្រង់ផ្តើមជម្រះសម្អាតស្រុកយូដា និងក្រុងយេរូសាឡិម ឲ្យរួចពីអស់ទាំងទីខ្ពស់ បង្គោលសក្ការៈ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានចេញ គេក៏បំបាក់បំបែកអាសនាព្រះបាលនៅចំពោះទ្រង់ ក៏កាប់រំលំរូបព្រះអាទិត្យដែលនៅខ្ពស់ពីលើគេ ព្រមទាំងបង្គោលសក្ការៈ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានផង ហើយកិនកម្ទេចជាផង់ធូលី រួចរោយរុះលើផ្នូរខ្មោចរបស់ពួកអ្នកដែលបានថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ ទ្រង់យកឆ្អឹងពួកសង្ឃទាំងនោះ ទៅដុតលើអាសនារបស់គេ ដូច្នេះ ទ្រង់បានជម្រះសម្អាតស្រុកយូដា និងក្រុងយេរូសាឡិមរួចហើយ ស្ដេចក៏ធ្វើយ៉ាងនោះនៅអស់ទាំងទីក្រុងរបស់ពួកម៉ាណាសេ ពួកអេប្រាអិម និងពួកស៊ីម្មាន រហូតដល់ស្រុករបស់ពួកណែបថាលី នៅកន្លែងបាក់បែកជុំវិញទាំងប៉ុន្មានរបស់គេដែរ ក៏រំលំអាសនា បំបាក់បំបែកបង្គោលសក្ការៈ និងរូបឆ្លាក់ឲ្យទៅជាផង់ធូលី កាប់រំលំអស់ទាំងរូបព្រះអាទិត្យនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែលចេញ រួចទ្រង់វិលត្រឡប់មកឯក្រុងយេរូសាឡិមវិញ។
២ របាក្សត្រ 34:1-7 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ស្ដេចមានជន្មាយុប្រាំបីព្រះវស្សា ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។ ស្ដេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាអយ្យកោ ឥតខ្ចោះ ដោយមិនងាកទៅស្ដាំ ឬទៅឆ្វេងឡើយ។ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេច ក្នុងគ្រាដែលស្ដេចនៅក្មេងនៅឡើយ ព្រះបាទយ៉ូសៀសចាប់ផ្ដើមស្វែងរកព្រះរបស់ព្រះបាទដាវីឌ ជាអយ្យកោ។ នៅឆ្នាំទីដប់ពីរ ស្ដេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះអាសេរ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូសាឡឹម។ គេបានរំលំអាសនៈរបស់ព្រះបាលនៅចំពោះព្រះភ័ក្ត្រស្ដេច ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប ដែលស្ថិតនៅលើនោះផង។ ស្ដេចបានបំបាក់បង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកម្ទេចរូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យក្លាយទៅជាធូលី រួចយកទៅចាក់លើផ្នូររបស់អស់អ្នកដែលបានធ្វើយញ្ញបូជានៅមុខរូបទាំងនោះ។ ស្ដេចដុតធាតុរបស់ពួកបូជាចារ្យនៃព្រះដទៃ នៅលើអាសនៈរបស់គេ។ ស្ដេចធ្វើដូច្នេះ ដើម្បីជម្រះស្រុកយូដា និងក្រុងយេរូសាឡឹមឲ្យបានបរិសុទ្ធ*។ ស្ដេចក៏បានរំលំអាសនៈ នៅតាមក្រុងនានានៃទឹកដីម៉ាណាសេ អេប្រាអ៊ីម និងស៊ីម្មាន រហូតដល់ទឹកដីណែបថាលី ព្រមទាំងកន្លែងបាក់បែកនៅតំបន់ជុំវិញនោះផង។ ស្ដេចកម្ទេចបង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា ឲ្យទៅជាធូលីដី ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល រួចស្ដេចយាងទៅក្រុងយេរូសាឡឹមវិញ។
២ របាក្សត្រ 34:1-7 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឯយ៉ូសៀស កាលចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣១ឆ្នាំ ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមអស់ទាំងផ្លូវរបស់ដាវីឌ ជាឰយុកោទ្រង់ផង ឥតងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ដ្បិតនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់ កាលទ្រង់នៅក្មេងនៅឡើយ នោះទ្រង់ក៏ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាឰយុកោទ្រង់ លុះដល់ឆ្នាំទី១២ នោះទ្រង់ផ្តើមជំរះសំអាតស្រុកយូដា នឹងក្រុងយេរូសាឡិម ឲ្យរួចពីអស់ទាំងទីខ្ពស់ រូបព្រះ រូបឆ្លាក់ នឹងរូបសិតទាំងប៉ុន្មានចេញ គេក៏បំបាក់បំបែកអាសនាព្រះបាល នៅចំពោះទ្រង់ ក៏កាប់រំលំរូបព្រះអាទិត្យដែលនៅខ្ពស់ពីលើគេ ព្រមទាំងរូបព្រះ រូបឆ្លាក់ នឹងរូបសិតទាំងប៉ុន្មានផង ហើយកិនកំទេចជាផង់ធូលី រួចរោយរុះលើផ្នូរខ្មោចរបស់ពួកអ្នកដែលបានថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ ទ្រង់យកឆ្អឹងពួកសង្ឃទាំងនោះ ទៅដុតលើអាសនារបស់គេ ដូច្នេះ ទ្រង់បានជំរះសំអាតស្រុកយូដា នឹងក្រុងយេរូសាឡិមរួចហើយ ទ្រង់ក៏ធ្វើយ៉ាងនោះនៅអស់ទាំងទីក្រុងរបស់ពួកម៉ាន៉ាសេ ពួកអេប្រាអិម នឹងពួកស៊ីម្មាន រហូតដល់ស្រុករបស់ពួកណែបថាលី នឹងកន្លែងបាក់បែកនៅជុំវិញទាំងប៉ុន្មានដែរ ក៏រំលំអាសនា បំបាក់បំបែករូបព្រះ នឹងរូបឆ្លាក់ឲ្យទៅជាផង់ធូលី កាប់រំលំអស់ទាំងរូបព្រះអាទិត្យនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែលចេញ រួចទ្រង់វិលត្រឡប់មកឯក្រុងយេរូសាឡិមវិញ។