២ របាក្សត្រ 33:10-20

២ របាក្សត្រ 33:10-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​ម៉ាណា‌សេ និង​ប្រជា‌រាស្ត្រ​ទ្រង់​ដែរ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ។ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្តេច​អាស‌ស៊ើរ លើក​គ្នា​មក​ច្បាំង​នឹង​គេ ពួក​នោះ​ចាប់​ព្រះបាទ​ម៉ាណា‌សេ​ដាក់​ខ្នោះ ដាក់​ច្រវាក់ នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។ ពេល​ទ្រង់​មាន​សេចក្ដី​វេទនា ក៏​ទូល​អង្វរ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន្ទាប​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​បុព្វ‌បុរស​របស់​ទ្រង់​វិញ។ ស្ដេច​ក៏​អធិ‌ស្ឋាន ហើយ​ព្រះ​ក៏​ទន់​ព្រះ‌ហឫ‌ទ័យ ស្តាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ ប្រោស​នាំ​ទ្រង់​មក​គ្រង​រាជ្យ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ។ ដូច្នេះ ទើប​ម៉ាណា‌សេ​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​ពិត។ ក្រោយ​មក ទ្រង់​សង់​កំផែង​នៅ​ខាង​ក្រៅ​កំផែង​ក្រុង​ដាវីឌ​ទៀត គឺ​ត្រង់​ច្រក​ភ្នំ​ខាង​លិច​ជ្រោះ​គីហុន រហូត​ដល់​មាត់​ទ្វារ​ផ្សារ​ត្រី ក៏​ធ្វើ​ព័ទ្ធ​ជុំ‌វិញ​ប៉ម​អូផែល​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​មាន​កម្ពស់​ឡើង​ជា​ច្រើន រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​មេ‌ទ័ព​នៅ​តាម​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា។ ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ និង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាស‌នា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង។ រួច​ទ្រង់​ស្អាង​អាស‌នា​ព្រះ‌យេហូវ៉ា​ឡើង​វិញ ហើយ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី និង​តង្វាយ​អរ​ព្រះ‌គុណ នៅ​លើ​អាស‌នា​នោះ ក៏​បង្គាប់​ឲ្យ​ពួក​យូដា​គោរព​បម្រើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។ ប៉ុន្តែ ពួក​បណ្ដា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នៅ​ឡើយ តែ​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ​វិញ។ កិច្ច‌ការ​ផ្សេង​ទៀត​ពី​ព្រះបាទ​ម៉ាណា‌សេ និង​សេចក្ដី​ដែល​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ ព្រម​ទាំង​ពាក្យ​ដែល​ពួក​អ្នក​មើល​ឆុត​បាន​ទូល​ទ្រង់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​កិច្ច‌ការ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។ ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​ស្ដេច ការ​ដែល​ព្រះ​បាន​ទន់​ព្រះ‌ហឫ‌ទ័យ​ទទួល​ទ្រង់ ព្រម​ទាំង​អំពើ​បាប និង​អំពើ​រំលង​របស់​ស្ដេច​ទាំង​ប៉ុន្មាន កន្លែង​នានា​ដែល​ស្ដេច​បាន​ធ្វើ​ទី​ខ្ពស់ ហើយ​តម្កល់បង្គោល​សក្ការៈ និង​រូប​ឆ្លាក់ មុន​ពេល​ទ្រង់​បាន​បន្ទាបអង្គទ្រង់ នោះ​បាន​កត់​ទុក​ក្នុង​ពង្សាវ‌តារ ដែល​ពួក​អ្នក​មើល​ឆុត​បាន​ចារឹក​ទុក។ ព្រះបាទ​ម៉ាណា‌សេ​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ដំណាក់​ទ្រង់ រួច​អាំម៉ូន​ជា​‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​‌បិតា។

២ របាក្សត្រ 33:10-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​ម៉ាណា‌សេ និង​ប្រជា‌ជន តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ។ ពេល​នោះ ព្រះ‌អម្ចាស់​នាំ​កង‌ទ័ព​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី ឲ្យ​មក​វាយ​ប្រហារ​ជន‌ជាតិ​យូដា ហើយ​ចាប់​បាន​ព្រះ‌បាទ​ម៉ាណា‌សេ​ដាក់​កន្លុះ និង​ដាក់​ខ្នោះ​លង្ហិន​យ៉ាង​ជាប់​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។ នៅ​ពេល​មាន​ទុក្ខ​ទោស​ដូច្នេះ ស្ដេច​បាន​អង្វរ​ករ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច ហើយ​សារ‌ភាព​កំហុស​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ​នៃ​អយ្យ‌កោ​របស់​ស្ដេច។ ស្ដេច​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់ និង​ឆ្លើយ​តប​ចំពោះ​ពាក្យ​ដែល​ស្ដេច​ទូល‌អង្វរ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​វិល​ត្រឡប់​មក​គ្រង​រាជ្យ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌បាទ​ម៉ាណា‌សេ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន។ បន្ទាប់​មក ស្ដេច​បាន​សង់​កំពែង​ពី​ក្រៅ​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​នៅ​ខាង​លិច​ប្រភព​ទឹក​គីហូន ក្នុង​ជ្រលង​ភ្នំ រហូត​ដល់​ច្រក​ចូល​ទ្វារ​មច្ឆា។ កំពែង​នេះ​ព័ទ្ធ​ខាង​ក្រៅ​អូ‌ផែល ហើយ​ស្ដេច​បាន​សង់​យ៉ាង​ខ្ពស់។ ស្ដេច​ក៏​បាន​តែង‌តាំង​មេ​បញ្ជា‌ការ​កង‌ទ័ព​នៅ​តាម​ក្រុង​នានា ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។ ស្ដេច​បាន​យក​ព្រះ​ដទៃ ព្រម​ទាំង​រូប​ចម្លាក់​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ស្ដេច​ក៏​យក​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​សង់​នៅ​លើ​ភ្នំ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​បោះ​ចោល​ខាង​ក្រៅ​ទីក្រុង​ដែរ។ ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ‌អម្ចាស់​ឡើង​វិញ រួច​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព* និង​យញ្ញ‌បូជា​អរ​ព្រះ‌គុណ។ ស្ដេច​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ប្រជា‌ជន​នៅ​តែ​ធ្វើ​យញ្ញ‌បូជា​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដដែល តែ​គេ​ឧទ្ទិស​យញ្ញ‌បូជា​នោះ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ម៉ាណា‌សេ ព្រម​ទាំង​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន​ដល់​ព្រះ​របស់​ស្ដេច និង​ពាក្យ​ដែល​គ្រូ​ទាយ​ថ្លែង​ប្រាប់​ស្ដេច ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ រីឯ​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន និង​របៀប​ដែល​ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​ស្ដេច កន្លែង​ផ្សេងៗ​ដែល​ស្ដេច​សង់​ទីសក្ការៈ​តាម​ទួល​ខ្ពស់ៗ ហើយ​សង់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​រូប​បដិមា មុន​ពេល​ដែល​ស្ដេច​សារ‌ភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​លោក​ហូ‌សាយ។ កាល​ព្រះ‌បាទ​ម៉ាណា‌សេ​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​នៅ​ក្នុង​រាជ‌វាំង ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

២ របាក្សត្រ 33:10-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ាន៉ាសេ ហើយ​នឹង​រាស្ត្រ​ទ្រង់​ដែរ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​តាម​ឡើយ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្តេច​អាសស៊ើរ លើក​គ្នា​មក​ច្បាំង​នឹង​គេ ពួក​នោះ​ចាប់​ម៉ាន៉ាសេ ដាក់​ខ្នោះ​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ក្រុង​បាប៊ីឡូន តែ​កាល​ទ្រង់​មាន​សេចក្ដី​វេទនា នោះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ទ្រង់ ព្រម​ទាំង​បន្ទាប​ព្រះ‌ទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់​វិញ ក៏​អធិ‌ស្ឋាន ហើយ​ព្រះ​ក៏​ទន់​ព្រះ‌ហឫទ័យ ស្តាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ ប្រោស​នាំ​ទ្រង់​មក​ឯ​រាជ្យ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ ដូច្នេះ ទើប​ម៉ាន៉ាសេ​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត។ ក្រោយ​នោះ ទ្រង់​សង់​កំផែង នៅ​ខាង​ក្រៅ​កំផែង​ក្រុង​ដាវីឌ​ទៀត គឺ​ត្រង់​ច្រក​ភ្នំ​ខាង​លិច​ជ្រោះ​គីហុន រហូត​ដល់​មាត់​ទ្វារ​ផ្សារ​ត្រី ក៏​ធ្វើ​ព័ទ្ធ​ជុំវិញ​ប៉ម​អូផែល​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​មាន​កំពស់​ឡើង​ជា​ច្រើន រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​មេ‌ទ័ព​នៅ​អស់​ទាំង​ទី​ក្រុងមាន​បន្ទាយ​នៅ​ស្រុក​យូដា ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ នឹង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាសនា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា នឹង​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង រួច​ទ្រង់​ស្អាង​អាសនា​ព្រះ‌យេហូវ៉ា​ឡើង​វិញ ហើយ​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី នឹង​ដង្វាយ​អរ​ព្រះ‌គុណ នៅ​លើ​អាសនា​នោះ ក៏​បង្គាប់​ឲ្យ​ពួក​យូដា​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ប៉ុន្តែពួក​បណ្តាជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នៅ​ឡើយ តែ​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​វិញ។ រីឯ​ដំណើរ​ឯ​ទៀត​ពី​ម៉ាន៉ាសេ នឹង​សេចក្ដី​ដែល​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ​នៃ​ទ្រង់ ព្រម​ទាំង​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ពួក​អ្នក​មើល‌ឆុត​បាន​ទូល​ទ្រង់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​កិច្ច‌ការ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​ទ្រង់ នឹង​ការ​ដែល​ព្រះ​បាន​ទន់​ព្រះ‌ហឫទ័យ​ទទួល​តាម​ទ្រង់ ព្រម​ទាំង​អំពើ​បាប នឹង​ការ​រំលង​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​ទាំង​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ទី​ខ្ពស់ ហើយ​ដំកល់​រូប​ព្រះនឹង​រូប​ឆ្លាក់ មុន​ដែល​ទ្រង់​បាន​បន្ទាប​ព្រះ‌ទ័យ​ចុះ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​ពង្សាវតារ ដែល​ពួក​អ្នក​មើល‌ឆុត​បាន​ចារឹក​ទុក​ហើយ ម៉ាន៉ាសេ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​ឰយុកោ​របស់​ទ្រង់​ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ដំណាក់​ទ្រង់ រួច​អាំម៉ូន​ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។