២ របាក្សត្រ 32:6-8

២ របាក្សត្រ 32:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទ្រង់​តាំង​ឲ្យ​មាន​មេ​ក្រសួង​សឹក​ត្រួត​លើ​បណ្ដា‌ជន ក៏​ប្រមូល​ជន​ទាំង‌ឡាយ​មក​ឯ​ទ្រង់ នៅ​ទី‌ធ្លា​ត្រង់​មាត់​ទ្វារ​ទី​ក្រុង មាន​រាជ‌ឱង្ការ​កម្សាន្ត​ចិត្ត​គេ​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច ឬ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ស្តេច​អាស‌ស៊ើរ និង​ពួក​ពល​ទាំង​ហ្វូង​ដែល​មក​ជា‌មួយ​នោះ​ឡើយ ដ្បិត​នៅ​ខាង​យើង មាន​មួយ​អង្គ​ដែល​ពូកែ​ជាង​ពួក​គេ​ទៅ​ទៀត។ ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សម្រាប់​នឹង​ជួយ ហើយ​ធ្វើ​ចម្បាំង​ជំនួស​យើង»។ ពួក​បណ្ដា‌ជន​ក៏​ផ្អែក​ចិត្ត​ទៅ​លើ​រាជ‌ឱង្ការ​នៃ​ព្រះ‌បាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា។

២ របាក្សត្រ 32:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ដេច​ចាត់​តាំង​មេ‌ទ័ព​ឲ្យ​ធ្វើ​ជា​មេ​បញ្ជា‌ការ​លើ​ប្រជា‌ជន ហើយ​ស្ដេច​ត្រាស់​ហៅ​ពួក​គេ​ឲ្យ​ប្រជុំ​គ្នា នៅ​ព្រលាន​ជិត​ទ្វារ​ក្រុង រួច​មាន​រាជ‌ឱង្ការ​លើក​ទឹក​ចិត្ត​ពួក​គេ​ថា៖ «ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​អាស្ស៊ីរី និង​កង‌ទ័ព​ដ៏​ច្រើន​កុះ‌ករ​របស់​គេ​ឡើយ ដ្បិត​នៅ​ខាង​យើង​មាន​កម្លាំង​ជាង​ពួក​គេ។ ខាង​ស្ដេច​ស្រុក​អាស្ស៊ីរី​មាន​តែ​កម្លាំង​មនុស្ស​លោក​ប៉ុណ្ណោះ រីឯ​ខាង​យើង​វិញ យើង​មាន​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ព្រះអង្គ​នឹង​ជួយ​គាំ‌ទ្រ​យើង​នៅ​ពេល​ប្រយុទ្ធ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ទុក​ចិត្ត​លើ​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។

២ របាក្សត្រ 32:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​តាំង​ឲ្យ​មាន​មេ​ក្រសួង​សឹក​ត្រួត​លើ​បណ្តាជន ក៏​ប្រមូល​ជន​ទាំង‌ឡាយ​មក​ឯ​ទ្រង់ នៅ​ទីធ្លា​ត្រង់​មាត់​ទ្វារ​ទី​ក្រុង មាន​បន្ទូល​កំសាន្ត​ចិត្ត​គេ​ថា ចូរ​មាន​កំឡាំង​ឡើង ហើយ​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ភ័យ​ខ្លាច ឬ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ស្តេច​អាសស៊ើរ នឹង​ពួក​ពល​ទាំង​ហ្វូង ដែល​មក​ជា​មួយ​នោះ​ឡើយ ដ្បិត​នៅ​ខាង​យើង មាន​១​អង្គ​ដែល​ពូកែ​ជាង​ពួក​គេ​ទៅ​ទៀត ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា សំរាប់​នឹង​ជួយ ហើយ​ធ្វើ​ចំបាំង​ជំនួស​យើង ពួក​បណ្តាជន​ក៏​ផ្អែក​ចិត្ត​ទៅ​លើ​ព្រះ‌បន្ទូល​នៃ​ហេសេគា ជា​ស្តេច​យូដា។