២ របាក្សត្រ 29:10-20
២ របាក្សត្រ 29:10-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គបានបែរចេញពីយើងរាល់គ្នា។ ដូច្នេះ ឱកូនទាំងឡាយអើយ កុំធ្វេសប្រហែសឡើយ ដ្បិតព្រះយេហូវ៉ាបានរើសអ្នករាល់គ្នា ឲ្យឈរធ្វើការងារនៅចំពោះព្រះអង្គ ហើយឲ្យមានមុខងារជាអ្នកដុតកំញានរបស់ព្រះអង្គ»។ នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ និងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី និងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុន មានយ៉ូអា ជាកូនស៊ីម៉្មា និងអេដែន ជាកូនយ៉ូអា ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី និងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី និងម៉ាថានា ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល អ្នកទាំងនោះក៏ប្រមូលពួកបងប្អូនគេ ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចចូលទៅសម្អាតព្រះវិហាររបស់ព្រះយេហូវ៉ា តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដោយសារស្តេច ពួកសង្ឃគេចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាប៉ែកខាងក្នុង ដើម្បីនឹងសម្អាតទីនោះ ក៏នាំយករបស់ស្មោកគ្រោកទាំងអស់ ដែលឃើញមានក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ចេញមកឯទីលានព្រះវិហារ រួចពួកលេវីនាំគ្នាជញ្ជូនពីទីនោះ យកទៅចោលនៅត្រង់ជ្រោះកេដ្រុន គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែទីមួយ ហើយដល់ថ្ងៃទីប្រាំបីក្នុងខែនោះ គេបានសម្អាតមកដល់ទីថែវរបស់ព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហាររបស់ព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាងប្រាំបីថ្ងៃ លុះដល់ថ្ងៃទីដប់ប្រាំមួយខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច រួចគេចូលទៅក្នុងព្រះរាជដំណាក់ គាល់ស្តេចហេសេគា ទូលថា៖ «យើងខ្ញុំរាល់គ្នាបានសម្អាតព្រះវិហាររបស់ព្រះយេហូវ៉ាស្រេចហើយ ព្រមទាំងអាសនាតង្វាយដុត និងគ្រឿងប្រដាប់នៃអាសនាទាំងអស់ តុសម្រាប់នំបុ័ងតាំងទុក និងគ្រឿងប្រដាប់នៃតុនោះទាំងអស់ផង មួយទៀត អស់ទាំងគ្រឿងប្រដាប់ដែលព្រះបាទអ័ហាសបានចោលចេញក្នុងរាជ្យទ្រង់ នៅវេលាដែលទ្រង់បានប្រព្រឹត្តល្មើស នោះយើងខ្ញុំបានចាត់ចែង ហើយញែកជាបរិសុទ្ធរួចជាស្រេច មើល៍ របស់ទាំងនោះនៅមុខអាសនានៃព្រះយេហូវ៉ាស្រាប់»។ ព្រះបាទហេសេគាតើនឡើងពីព្រលឹម ទៅប្រមូលពួកអ្នកជាប្រធានក្នុងទីក្រុង នាំគ្នាឡើងទៅព្រះវិហារព្រះយេហូវ៉ា។
២ របាក្សត្រ 29:10-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ ខ្ញុំមានបំណងចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដើម្បីសូមព្រះអង្គពង្វាងព្រះពិរោធចេញពីពួកយើង។ ឥឡូវនេះ សូមកូនចៅលែងខ្ជីខ្ជាទៀតទៅ ដ្បិតព្រះអម្ចាស់បានជ្រើសរើសអ្នករាល់គ្នា ឲ្យឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដើម្បីបំពេញមុខងារបម្រើព្រះអង្គ ក្នុងការថ្វាយគ្រឿងក្រអូប»។ ពេលនោះ កូនចៅលេវីនាំគ្នាក្រោកឡើង គឺក្នុងអំបូរកេហាត់ មានលោកម៉ាហាត់ ជាកូនរបស់អម៉ាសាយ លោកយ៉ូអែល ជាកូនរបស់លោកអសារា។ ក្នុងអំបូរម៉្រារី មានលោកគីស ជាកូនរបស់លោកអាប់ឌី លោកអសារា ជាកូនរបស់លោកយេហាលែល។ ក្នុងអំបូរគើរសុនមានលោកយ៉ូអា។ ក្នុងអំបូរស៊ីម៉្មាមានលោកអេដេន ជាកូនរបស់លោកយ៉ូអា។ ក្នុងអំបូរអេលីសាផានមានលោកស៊ីមរី និងលោកយីអែល។ ក្នុងអំបូរអេសាភមានលោកសាការី និងលោកម៉ាថានា។ ក្នុងអំបូរហេម៉ានមានលោកយីអែល និងលោកស៊ីម៉ៃ។ ក្នុងអំបូរយេឌូថិនមានលោកសេម៉ាយ៉ា និងលោកអ៊ូស៊ាល។ អ្នកទាំងនោះបានប្រមូលផ្ដុំបងប្អូនរបស់ពួកគេ មកញែកខ្លួនឲ្យបានវិសុទ្ធ ហើយធ្វើពិធីជម្រះព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានបរិសុទ្ធ តាមបញ្ជារបស់ស្ដេច និងស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ក្រុមបូជាចារ្យនាំគ្នាចូលទៅខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីធ្វើពិធីជម្រះព្រះដំណាក់ឲ្យបានបរិសុទ្ធ។ ពួកគេយកអ្វីៗមិនបរិសុទ្ធដែលគេរកឃើញ នៅខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ចេញមកទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ ហើយក្រុមលេវីយកចេញទៅក្រៅ បោះចោលនៅជ្រោះកេដ្រូន។ ពួកគេធ្វើពិធីញែកព្រះដំណាក់ឲ្យបានវិសុទ្ធ*នៅថ្ងៃទីមួយ ក្នុងខែទីមួយ។ នៅថ្ងៃទីប្រាំបី ពួកគេចូលទៅក្នុងបន្ទប់ល្វែងនៃព្រះដំណាក់របស់ព្រះអម្ចាស់ ហើយចំណាយពេលប្រាំបីថ្ងៃទៀត ដើម្បីធ្វើពិធីញែកព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានវិសុទ្ធ។ ពួកគេធ្វើពិធីនេះចប់សព្វគ្រប់ នៅថ្ងៃទីដប់ប្រាំមួយ។ បន្ទាប់មក ក្រុមលេវីនាំគ្នាទៅគាល់ព្រះបាទហេសេគាទូលថា៖ «យើងខ្ញុំព្រះករុណាធ្វើពិធីជម្រះព្រះដំណាក់ទាំងមូលរបស់ព្រះអម្ចាស់ ព្រមទាំងអាសនៈថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើប្រាស់ជាមួយ តុតម្កល់នំបុ័ង និងគ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើប្រាស់ជាមួយ ចប់សព្វគ្រប់ហើយ។ រីឯវត្ថុទាំងប៉ុន្មានដែលព្រះបាទអហាសធ្វើឲ្យសៅហ្មង នៅពេលទ្រង់បោះបង់ចោលព្រះអម្ចាស់ ក្នុងគ្រាទ្រង់គ្រងរាជ្យនោះ យើងខ្ញុំក៏បានជួសជុល និងញែកជាវិសុទ្ធហើយដែរ។ យើងខ្ញុំដាក់វត្ថុទាំងនោះនៅមុខអាសនៈរបស់ព្រះអម្ចាស់»។ ព្រះបាទហេសេគាតើនពីព្រលឹម ហើយប្រមូលមេដឹកនាំនៅក្នុងទីក្រុងឲ្យមកជួបជុំគ្នា រួចឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់។
២ របាក្សត្រ 29:10-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់បានបែរចេញពីយើងរាល់គ្នាទៅ ដូច្នេះ ឱកូនទាំងឡាយអើយ កុំឲ្យធ្វេសប្រហែសឡើយ ដ្បិតព្រះយេហូវ៉ាបានរើសអ្នករាល់គ្នា ឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ហើយឲ្យបានទទួលភ្នាក់ងារ ជាអ្នកដុតកំញានរបស់ទ្រង់។ នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ នឹងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី នឹងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុនមានយ៉ូអា ជាកូនស៊ីម៉្មា នឹងអេដែន ជាកូនយ៉ូអា ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី នឹងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី នឹងម៉ាថានា ក្នុងពួកកូនចៅហេម៉ាន មានយីអែល នឹងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា នឹងអ៊ូស៊ាល អ្នកទាំងនោះក៏ប្រមូលពួកបងប្អូនគេ ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចចូលទៅសំអាតព្រះវិហារនៃព្រះយេហូវ៉ា តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដោយសារស្តេច ពួកសង្ឃគេចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាប៉ែកខាងក្នុង ដើម្បីនឹងសំអាតទីនោះ ក៏នាំយករបស់ស្មោកគ្រោកទាំងអស់ ដែលឃើញមានក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចេញមកឯទីលានព្រះវិហារ រួចពួកលេវីនាំគ្នាជញ្ជូនពីទីនោះ យកទៅចោលនៅត្រង់ជ្រោះកេដ្រុន គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែចេត្រ ហើយដល់ថ្ងៃទី៨ក្នុងខែនោះ គេបានសំអាតមកដល់ទីបាំងសាចផងព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាង៨ថ្ងៃ លុះដល់ថ្ងៃ១៦ខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច រួចគេចូលទៅក្នុងព្រះរាជដំណាក់ គាល់ស្តេចហេសេគា ទូលថា យើងខ្ញុំរាល់គ្នាបានសំអាតព្រះវិហារនៃព្រះយេហូវ៉ាស្រេចហើយ ព្រមទាំងអាសនាដង្វាយដុត នឹងគ្រឿងប្រដាប់នៃអាសនាទាំងអស់ តុសំរាប់នំបុ័ងតាំងទុក នឹងគ្រឿងប្រដាប់នៃតុនោះទាំងអស់ផង មួយទៀត អស់ទាំងគ្រឿងប្រដាប់ ដែលស្តេចអ័ហាសបានចោលចេញក្នុងរាជ្យទ្រង់ នៅវេលាដែលទ្រង់បានប្រព្រឹត្តល្មើស នោះយើងខ្ញុំបានចាត់ចែង ហើយញែកជាបរិសុទ្ធរួចជាស្រេច មើល របស់ទាំងនោះនៅមុខអាសនានៃព្រះយេហូវ៉ាស្រាប់។ ឯស្តេចហេសេគា ទ្រង់ក្រោកឡើងពីព្រលឹម ទៅប្រមូលពួកអ្នកជាប្រធានក្នុងទីក្រុង នាំគ្នាឡើងទៅឯព្រះវិហារព្រះយេហូវ៉ា