២ របាក្សត្រ 28:5-27
២ របាក្សត្រ 28:5-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏ប្រគល់ទ្រង់ទៅក្នុងកណ្ដាប់ដៃនៃស្តេចស្រុកស៊ីរី គេក៏វាយពួកទ្រង់ ហើយចាប់យកជាច្រើន នាំទៅជាឈ្លើយដល់ក្រុងដាម៉ាស ហើយទ្រង់ត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃស្តេចអ៊ីស្រាអែលដែរ ដែលស្តេចនោះក៏វាយពួកទ្រង់ ប្រហារសម្លាប់មនុស្សយ៉ាងសន្ធឹក។ ដ្បិតពេកា ជាបុត្រារេម៉ាលាបានសម្លាប់មនុស្ស ដែលមានចិត្តក្លាហាននៅស្រុកយូដា អស់មួយសែនពីរម៉ឺននាក់ក្នុងមួយថ្ងៃ ព្រោះគេបានបោះបង់ព្រះយេហូវ៉ា ជាព្រះនៃពួកបុព្វបុរស។ ឯស៊ីកគ្រី ជាមនុស្សខ្លាំងពូកែពីស្រុកអេប្រាអិម ក៏សម្លាប់ម្អាសេយ៉ា ជាបុត្រាស្តេច ហើយអាសរីកាម ជាឧកញ៉ាវាំង ព្រមទាំងអែលកាណា ជាឧបរាជស្តេចផង។ ពួកកូនចៅអ៊ីស្រាអែលក៏ដឹកនាំពួកបងប្អូនគេទៅជាឈ្លើយអស់ពីរសែននាក់ មានទាំងស្រីៗ និងកូនប្រុសកូនស្រីរបស់គេ និងជ័យភណ្ឌជាច្រើនផង ទៅក្រុងសាម៉ារី។ ប៉ុន្តែ នៅទីនោះមានហោរាម្នាក់របស់ព្រះយេហូវ៉ា ឈ្មោះអូដេឌ លោកចេញទៅជួបពលទ័ពដែលវិលមកក្រុងសាម៉ារី ពោលថា៖ «មើល៍! ព្រោះព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសអ្នករាល់គ្នា ព្រះអង្គមានសេចក្ដីក្រោធដល់ពួកយូដា បានជាព្រះអង្គប្រគល់គេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានប្រហារជីវិតគេ ដោយមោហោចិត្ត ដែលគរឡើងដល់ផ្ទៃមេឃហើយ។ ឥឡូវនេះ អ្នករាល់គ្នាគិតបង្ក្រាបពួកកូនចៅយូដា និងពួកក្រុងយេរូសាឡិម ទុកជាបាវប្រុសបាវស្រីរបស់អ្នករាល់គ្នាទៀត តែអ្នករាល់គ្នា តើមិនមានអំពើរំលងចំពោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាដែរទេឬ? ដូច្នេះ ចូរស្តាប់ខ្ញុំឥឡូវចុះ ត្រូវអនុញ្ញាតិឲ្យពួកបងប្អូនរបស់អ្នករាល់គ្នា ដែលបាននាំមកជាឈ្លើយនេះ ត្រឡប់ទៅវិញទៅ ដ្បិតសេចក្ដីក្រេវក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា បានគ្របលើអ្នករាល់គ្នាហើយ»។ ដូច្នេះ ពួកមេខ្លះក្នុងពួកអេប្រាអិម គឺអ័សារា ជាកូនយ៉ូហាណាន បេរេគា ជាកូនមស៊ីលេម៉ូត យេហ៊ីសេគាជាកូនសាលូម និងអ័ម៉ាសា ជាកូនហាឌឡាយ គេលើកគ្នាទាស់នឹងពួកអ្នកដែលមកពីច្បាំងនោះ ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវនាំពួកឈ្លើយចូលមកក្នុងស្រុកនេះទេ ដ្បិតអ្នករាល់គ្នាគិតធ្វើការ ដែលនឹងនាំឲ្យយើងមានទោសនៅចំពោះព្រះយេហូវ៉ា ទាំងបន្ថែមការនេះមកលើអំពើបាប និងការរំលងរបស់យើងរាល់គ្នាទៀត ដ្បិតទោសរបស់យើងធ្ងន់ណាស់ហើយ ក៏មានសេចក្ដីក្រេវក្រោធយ៉ាងសហ័សគ្របលើពួកអ៊ីស្រាអែលដែរ»។ ដូច្នេះ ពួកទាហានក៏ដោះលែងឈ្លើយទាំងនោះ និងបោះបង់ជ័យភណ្ឌចោលនៅមុខពួកចៅហ្វាយ និងក្រុមជំនុំទាំងអស់គ្នា។ អ្នកដែលមានឈ្មោះហើយ ក៏ក្រោកឡើងនាំពួកឈ្លើយមក រួចរើយកសម្លៀកបំពាក់ពីក្នុងជ័យភណ្ឌនោះ ចែកដល់អស់អ្នកណាដែលអាក្រាត ឲ្យគេស្លៀកពាក់ ព្រមទាំងឲ្យមានស្បែកជើងពាក់ផង រួចចែកអាហារឲ្យបរិភោគ ក៏ចាក់ប្រេងលាបឲ្យផង ឯអស់អ្នកណាដែលមានកម្លាំងតិច នោះគេបញ្ជិះលើសត្វលា បញ្ជូនត្រឡប់ទៅឯពួកបងប្អូនគេ ត្រឹមក្រុងយេរីខូរ ជាទីក្រុងដើមលម៉ើ រួចគេវិលមកក្រុងសាម៉ារីវិញ។ នៅគ្រានោះ ព្រះបាទអ័ហាសចាត់អ្នកនាំសារទៅ ដើម្បីសូមស្តេចស្រុកអាសស៊ើរឲ្យមកជួយ។ ដ្បិតពួកអេដុមបានមកវាយស្រុកយូដាម្តងទៀត ព្រមទាំងនាំមនុស្សទៅជាឈ្លើយផង។ ឯពួកភីលីស្ទីនគេក៏បានលុកលុយចូលទីក្រុងទាំងប៉ុន្មាន នៅស្រុកទំនាប និងតំបន់ណេកិប ស្រុកយូដា គេវាយយកបានក្រុងបេត-សេមែស ក្រុងអាយ៉ាឡូន ក្រុងកេដេរ៉ូត ក្រុងសូគរ និងតំបន់នៅជុំវិញក្រុងធីបណា និងតំបន់នៅជុំវិញ ព្រមទាំងក្រុងគីមសូរ និងតំបន់នៅជុំវិញផង រួចគេក៏អាស្រ័យនៅទីក្រុងទាំងនោះ។ ដ្បិតព្រះយេហូវ៉ា បាននាំឲ្យពួកយូដាបានទាបថោកដោយព្រោះព្រះបាទអ័ហាស ស្តេចសាសន៍អ៊ីស្រាអែល ព្រោះស្តេចបាននាំឲ្យពួកយូដាលែងមានសេចក្ដីទប់ចិត្តខ្លាចបាប ហើយបានប្រព្រឹត្តរំលងល្មើសយ៉ាងធំចំពោះព្រះយេហូវ៉ា។ គ្រានោះ ទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរក៏មកឯទ្រង់ តែមិនបានជួយចម្រើនកម្លាំងទ្រង់ទេ គឺបានធ្វើឲ្យទ្រង់មានសេចក្ដីលំបាកវិញ ដ្បិតព្រះបាទអ័ហាសបានបែងយកចំណែក ពីព្រះវិហាររបស់ព្រះយេហូវ៉ា ពីព្រះរាជដំណាក់ ហើយពីពួកចៅហ្វាយ ទៅដល់ស្តេចអាសស៊ើរ តែការនោះក៏មិនបានជួយដល់ទ្រង់ដែរ។ ទោះជានៅគ្រាដែលមានសេចក្ដីទុក្ខវេទនាយ៉ាងនេះក៏ដោយ ព្រះបាទអ័ហាសនៅតែប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត។ គឺទ្រង់បានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះនៃពួកក្រុងដាម៉ាស ដែលគេបានវាយទ្រង់ ដោយនឹកថា ដោយព្រោះព្រះនៃពួកស្តេចស៊ីរីបានជួយគេ នោះយើងនឹងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះដែរ ដើម្បីឲ្យបានជួយខាងយើង ប៉ុន្តែ ព្រះទាំងនោះជាហេតុនាំឲ្យទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់រួញថយវិញ។ ព្រះបាទអ័ហាសក៏ប្រមូលអស់ទាំងគ្រឿងប្រដាប់នៅក្នុងព្រះដំណាក់របស់ព្រះមកកាត់ផ្តាច់ជាដុំៗ ទ្រង់ក៏បិទទ្វារព្រះដំណាក់របស់ព្រះយេហូវ៉ាចោល ហើយធ្វើអាសនាសម្រាប់ទ្រង់ នៅគ្រប់ទីកៀនក្នុងក្រុងយេរូសាឡិម។ ឯនៅគ្រប់ទាំងទីក្រុងស្រុកយូដា ទ្រង់ក៏ធ្វើទីខ្ពស់សម្រាប់ដុតកំញានថ្វាយព្រះដទៃ ទ្រង់បានបណ្ដាលឲ្យព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់ទ្រង់ មានសេចក្ដីក្រោធ។ រីឯកិច្ចការផ្សេងទៀតពីទ្រង់ និងគ្រប់ទាំងអំពើដែលទ្រង់ប្រព្រឹត្ត ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅរបស់ពួកស្តេចយូដា និងអ៊ីស្រាអែល។ ព្រះបាទអ័ហាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងទីក្រុងយេរូសាឡិម តែមិនមែនក្នុងផ្នូររបស់ពួកស្តេចសាសន៍អ៊ីស្រាអែលទេ រួចព្រះបាទហេសេគា ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
២ របាក្សត្រ 28:5-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ជាព្រះរបស់ស្ដេច បានប្រគល់ស្ដេចទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរី។ កងទ័ពស៊ីរីវាយឈ្នះព្រះបាទអហាស រួចចាប់ប្រជាជនជាច្រើនយកទៅជាឈ្លើយនៅក្រុងដាម៉ាស។ ព្រះបាទអហាសក៏ត្រូវបរាជ័យយ៉ាងធ្ងន់ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអ៊ីស្រាអែលដែរ គឺក្នុងថ្ងៃតែមួយ ព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា ប្រហារជនជាតិយូដាអស់ ១២០ ០០០នាក់ ដែលសុទ្ធសឹងជាទាហានដ៏អង់អាច ដ្បិតអ្នកទាំងនោះបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ លោកស៊ីកគ្រី ជាអ្នកចម្បាំងដ៏ពូកែ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម បានប្រហារជីវិតសម្ដេចម៉ាសេយ៉ា ជាបុត្ររបស់ព្រះបាទអហាស ព្រមទាំងលោកអាសរីកាំ ជាអ្នកគ្រប់គ្រងព្រះរាជវាំង និងលោកអែលកាណា ជាមន្ត្រីជំនិតរបស់ស្ដេច។ ជនជាតិអ៊ីស្រាអែលចាប់ជនជាតិយូដា ជាបងប្អូនរបស់ខ្លួន ទៅជាឈ្លើយចំនួន ២០០ ០០០នាក់ គឺមានស្ត្រី និងក្មេងប្រុសស្រី ព្រមទាំងនាំយកជយភណ្ឌជាច្រើន ទៅក្រុងសាម៉ារី។ មានព្យាការីមួយរូបរបស់ព្រះអម្ចាស់ ឈ្មោះអូដេឌ បានចេញទៅជួបកងទ័ពអ៊ីស្រាអែល ដែលវិលមកក្រុងសាម៉ារីវិញ។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងជនជាតិយូដា ព្រះអង្គបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាសម្លាប់រង្គាលពួកគេយ៉ាងសាហាវ ធ្វើឲ្យសម្រែកលាន់ឮដល់ផ្ទៃមេឃ។ ឥឡូវនេះ អ្នករាល់គ្នាមានបំណងយកប្រជាជនប្រុសស្រីនៃស្រុកយូដា និងក្រុងយេរូសាឡឹម ធ្វើជាទាសករទៀត! ចំណែកឯអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាពុំបានធ្វើខុសចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេឬ? ដូច្នេះ សូមស្ដាប់ខ្ញុំ សូមដោះលែងបងប្អូនរបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាបានចាប់មកជាឈ្លើយនៅពេលនេះចុះ ដ្បិតព្រះអម្ចាស់កំពុងតែព្រះពិរោធទាស់នឹងអ្នករាល់គ្នាហើយ»។ ពេលនោះ មានមេបញ្ជាការកងទ័ពអេប្រាអ៊ីមមួយចំនួន គឺលោកអសារាជាកូនរបស់លោកយ៉ូហាណាន លោកបេរេគាជាកូនរបស់លោកមស៊ីលេម៉ុត លោកយេហ៊ីសេគាជាកូនរបស់លោកសាលូម និងលោកអម៉ាសាជាកូនរបស់លោកហាដឡៃ បាននាំគ្នាជំទាស់នឹងកងទ័ពដែលវិលមកពីច្បាំងវិញ។ លោកទាំងនោះពោលទៅពួកគេថា៖ «សូមកុំនាំឈ្លើយសឹកមកទីនេះឡើយ! អ្នករាល់គ្នាមុខជាធ្វើឲ្យពួកយើងមានទោសយ៉ាងធ្ងន់ចំពោះព្រះអម្ចាស់ ថែមពីលើអំពើបាប និងកំហុសដ៏ធ្ងន់ធ្ងរ ដែលពួកយើងកំពុងតែមាននេះស្រាប់! ព្រះអម្ចាស់កំពុងតែព្រះពិរោធទាស់នឹងជនជាតិអ៊ីស្រាអែលហើយ!»។ ពួកទាហានក៏ដោះលែងឈ្លើយសឹក នៅចំពោះមុខមេដឹកនាំ និងអង្គប្រជុំទាំងមូល ហើយពួកគេក៏បោះបង់ចោលជយភណ្ឌដែរ។ គេបានចាត់តាំងទាហានមួយចំនួន តាមឈ្មោះរបស់ខ្លួន ឲ្យជួយពួកឈ្លើយសឹក គឺយកសម្លៀកបំពាក់ និងស្បែកជើងពីក្នុងរបស់ជយភណ្ឌ មកពាក់ឲ្យអ្នកដែលនៅខ្លួនទទេ យកអាហារ និងទឹកមកឲ្យពួកគេបរិភោគ ព្រមទាំងព្យាបាលអ្នករបួស ហើយលើកអ្នកដែលដើរពុំបានដាក់លើខ្នងលា រួចនាំពួកគេទៅជួបជុំបងប្អូនរបស់ខ្លួន នៅក្រុងយេរីខូ ជាក្រុងដើមលម៉ើ។ បន្ទាប់មក ទាហានទាំងនោះវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។ នៅគ្រានោះ ព្រះបាទអហាសចាត់អ្នកនាំសារទៅពឹងស្ដេចស្រុកអាស្ស៊ីរីឲ្យមកជួយ ដ្បិតកងទ័ពអេដុមបានវាយស្រុកយូដាសាជាថ្មី ហើយចាប់ប្រជាជនទៅជាឈ្លើយ។ មួយវិញទៀត កងទ័ពភីលីស្ទីនក៏វាយលុកតំបន់វាលរាប និងតំបន់ខាងត្បូងនៃស្រុកយូដា ហើយដណ្ដើមយកបានក្រុងបេតសេមែស អាយ៉ាឡូន កេដេរ៉ូត សូគរ និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងក្រុងធីមណា និងស្រុកភូមិដែលនៅជុំវិញ ក្រុងគីមសូ និងស្រុកភូមិដែលនៅជុំវិញ រួចពួកគេតាំងទីលំនៅតាមក្រុងទាំងនោះ។ ព្រះអម្ចាស់ធ្វើឲ្យស្រុកយូដាបាត់បង់កិត្តិយស មកពីព្រះបាទអហាសជំរុញប្រជាជនឲ្យឈប់រវីរវល់នឹងព្រះអម្ចាស់ ហើយស្ដេចក៏បែកចិត្តចេញពីព្រះអង្គដែរ។ ព្រះចៅទីកឡាត-ពេលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយព្រះបាទអហាស និងចាត់ទុកស្ដេចជាសត្រូវ គឺពុំបានជួយគាំទ្រស្ដេចឡើយ។ ព្រះបាទអហាសយកទ្រព្យពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងទ្រព្យនៅក្នុងវាំង និងក្នុងផ្ទះមេដឹកនាំ ទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។ ប៉ុន្តែ ស្ដេចស្រុកអាស្ស៊ីរីនៅតែពុំព្រមជួយដដែល។ ទោះបីព្រះបាទអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្ដី ក៏ស្ដេចនៅតែបែកចិត្តចេញពីព្រះអម្ចាស់ដដែល។ ស្ដេចធ្វើយញ្ញបូជាដល់ព្រះទាំងឡាយនៃក្រុងដាម៉ាស ដែលបានប្រហារឈ្នះស្ដេច ដ្បិតស្ដេចគិតថា «ព្រះរបស់ស្ដេចស្រុកស៊ីរីតែងតែជួយស្ដេចស្រុកអាស្ស៊ីរី ដូច្នេះ ខ្ញុំថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ ដើម្បីឲ្យទ្រង់យាងមកជួយខ្ញុំដែរ!»។ ប៉ុន្តែ ព្រះទាំងនោះបណ្ដាលឲ្យស្ដេច និងប្រជាជនអ៊ីស្រាអែលទាំងមូលវិនាស។ ព្រះបាទអហាសប្រមូលវត្ថុផ្សេងៗនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ មកកម្ទេចចោល។ ស្ដេចបានបិទទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ រួចសង់អាសនៈ នៅគ្រប់ច្រកល្ហកក្នុងក្រុងយេរូសាឡឹម។ ស្ដេចក៏បានចាត់ចែងឲ្យមានកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅក្រុងនីមួយៗ ក្នុងស្រុកយូដា ដើម្បីដុតគ្រឿងក្រអូបឧទ្ទិសដល់ព្រះក្លែងក្លាយ ដែលជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ស្ដេច ទ្រង់ព្រះពិរោធ។ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបាទអហាសសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងយេរូសាឡឹម គឺគេពុំបានបញ្ចុះក្នុងផ្នូរ ដែលបម្រុងទុកសម្រាប់ស្ដេចស្រុកអ៊ីស្រាអែលឡើយ។ បន្ទាប់មក ព្រះបាទហេសេគា ជាបុត្រ ឡើងស្នងរាជ្យ។
២ របាក្សត្រ 28:5-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏ប្រគល់ទ្រង់ទៅក្នុងកណ្តាប់ដៃនៃស្តេចស្រុកស៊ីរី គេក៏វាយពួកទ្រង់ ហើយចាប់យកជាច្រើននាំទៅជាឈ្លើយដល់ក្រុងដាម៉ាស ហើយទ្រង់ត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចអ៊ីស្រាអែលដែរ ដែលស្តេចនោះក៏វាយពួកទ្រង់ ប្រហារសំឡាប់មនុស្សយ៉ាងសន្ធឹក ដ្បិតពេកា ជាបុត្រារេម៉ាលា ទ្រង់បានសំឡាប់មនុស្ស ដែលមានចិត្តក្លាហាន នៅស្រុកយូដា អស់១សែន២ម៉ឺននាក់ក្នុង១ថ្ងៃ ពីព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោ ហើយស៊ីកគ្រី ជាមនុស្សខ្លាំងពូកែ ពីស្រុកអេប្រាអិម ក៏សំឡាប់ម្អាសេយ៉ា ជាបុត្រាស្តេច ហើយនឹងអាសរីកាម ជាឧកញ៉ាវាំង ព្រមទាំងអែលកាណា ជាឧបរាជស្តេចទៅផង។ ពួកកូនចៅអ៊ីស្រាអែល ក៏ដឹកនាំពួកបងប្អូនគេទៅជាឈ្លើយអស់២សែននាក់ មានទាំងស្រីៗ នឹងកូនប្រុសកូនស្រីរបស់គេ នឹងរបឹបជាច្រើនផង ទៅឯក្រុងសាម៉ារី ប៉ុន្តែនៅទីនោះមានហោរាម្នាក់របស់ព្រះយេហូវ៉ា ឈ្មោះអូដេឌ លោកចេញទៅជួបនឹងពលទ័ព ដែលវិលមកឯក្រុងសាម៉ារី ពោលថា មើល ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា ទ្រង់មានសេចក្ដីក្រោធដល់ពួកយូដា បានជាទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានប្រហារជីវិតគេ ដោយមោហោចិត្ត ដែលគរឡើងដល់ផ្ទៃមេឃហើយ ឥឡូវនេះ អ្នករាល់គ្នាគិតបង្ក្រាបពួកកូនចៅយូដា នឹងពួកក្រុងយេរូសាឡិម ទុកជាបាវប្រុសបាវស្រីរបស់អ្នករាល់គ្នាទៀត តែឯអ្នករាល់គ្នា តើមិនមានអំពើរំលងចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាដែរទេឬអី ដូច្នេះ ចូរស្តាប់ខ្ញុំឥឡូវចុះ ត្រូវបើកឲ្យពួកបងប្អូនរបស់អ្នករាល់គ្នា ដែលបាននាំមកជាឈ្លើយនេះ ត្រឡប់ទៅវិញទៅ ដ្បិតសេចក្ដីក្រេវក្រោធដ៏សហ័សផងព្រះយេហូវ៉ា បានគ្របលើអ្នករាល់គ្នាហើយ ដូច្នេះ ពួកមេខ្លះក្នុងពួកអេប្រាអិម គឺអ័សារា ជាកូនយ៉ូហាណាន បេរេគា ជាកូនមស៊ីលេម៉ូត យេហ៊ីសេគា ជាកូនសាលូម នឹងអ័ម៉ាសា ជាកូនហាឌឡាយ គេលើកគ្នាទាស់នឹងពួកអ្នកដែលមកពីច្បាំងនោះថា មិនត្រូវឲ្យឯងរាល់គ្នានាំពួកឈ្លើយចូលមកក្នុងស្រុកនេះទេ ដ្បិតឯងរាល់គ្នាគិតធ្វើការ ដែលនឹងនាំឲ្យយើងមានទោស នៅចំពោះព្រះយេហូវ៉ា ទាំងបន្ថែមការនេះមកលើអំពើបាប នឹងការរំលងរបស់យើងរាល់គ្នាទៀត ដ្បិតទោសរបស់យើងធ្ងន់ណាស់ហើយ ក៏មានសេចក្ដីក្រេវក្រោធយ៉ាងសហ័សគ្របលើពួកអ៊ីស្រាអែលដែរ ដូច្នេះពួកទាហានក៏លះបង់ឈ្លើយទាំងនោះ នឹងរបឹបចោលនៅមុខពួកចៅហ្វាយ នឹងពួកជំនុំទាំងអស់គ្នា ឯពួកអ្នកដែលចេញឈ្មោះហើយ គេក្រោកឡើងនាំពួកឈ្លើយមក រួចរើយកសំលៀកបំពាក់ពីក្នុងរបឹបនោះ ចែកដល់អស់អ្នកណាដែលអាក្រាត ឲ្យគេស្លៀកពាក់ ព្រមទាំងឲ្យមានស្បែកជើងពាក់ផង រួចចែកអាហារដល់គេឲ្យបរិភោគ ក៏ចាក់ប្រេងលាបឲ្យផង ឯអស់អ្នកណាដែលមានកំឡាំងតិច នោះគេបញ្ជិះលើសត្វលា បញ្ជូនត្រឡប់ទៅឯពួកបងប្អូនគេ ត្រឹមក្រុងយេរីខូរ ជាទីក្រុងដើមលម៉ើរទៅ រួចគេវិលមកឯក្រុងសាម៉ារីវិញ។ នៅគ្រានោះ ស្តេចអ័ហាសទ្រង់ចាត់សារទៅ សូមឲ្យពួកស្តេចស្រុកអាសស៊ើរមកជួយ ពីព្រោះពួកអេដំមបានមកវាយស្រុកយូដាម្តងទៀត ព្រមទាំងនាំមនុស្សទៅជាឈ្លើយផង ឯពួកភីលីស្ទីនគេក៏បានលុកលុយចូលទីក្រុងទាំងប៉ុន្មាន នៅស្រុកទំនាប ហើយនឹងប៉ែកស្រុកយូដាខាងត្បូង គេវាយយកបានក្រុងបេត-សេមែស ក្រុងអាយ៉ាឡូន ក្រុងកេដេរ៉ូត ក្រុងសូគរ នឹងតំបន់នៅជុំវិញក្រុងធីបណា នឹងតំបន់នៅជុំវិញ ព្រមទាំងក្រុងគីមសូរ នឹងតំបន់នៅជុំវិញផង រួចគេក៏អាស្រ័យនៅទីក្រុងទាំងនោះ ដ្បិតព្រះយេហូវ៉ា ទ្រង់បាននាំឲ្យពួកយូដាបានទាបថោកដោយព្រោះអ័ហាស ស្តេចសាសន៍អ៊ីស្រាអែល ពីព្រោះស្តេចបាននាំឲ្យពួកយូដា លែងមានសេចក្ដីទប់ចិត្តខ្លាចបាប ហើយបានប្រព្រឹត្តរំលងល្មើសយ៉ាងធំ ចំពោះព្រះយេហូវ៉ា គ្រានោះ ទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរក៏មកឯទ្រង់ តែមិនបានជួយចំរើនកំឡាំងទ្រង់ទេ គឺបានធ្វើឲ្យទ្រង់មានសេចក្ដីលំបាកវិញ ដ្បិតអ័ហាសបានបែងយកចំណែក ពីព្រះវិហារនៃព្រះយេហូវ៉ា ពីព្រះរាជដំណាក់ ហើយពីពួកចៅហ្វាយ ទៅថ្វាយដល់ស្តេចអាសស៊ើរ តែការនោះក៏មិនបានជួយដល់ទ្រង់ដែរ។ ហើយនៅគ្រាដែលមានសេចក្ដីទុក្ខវេទនា នោះស្តេច គឺអ័ហាសនេះឯង ទ្រង់បានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត គឺទ្រង់បានថ្វាយយញ្ញបូជា ដល់អស់ទាំងព្រះនៃពួកក្រុងដាម៉ាស ដែលគេបានវាយទ្រង់ ដោយនឹកថា ដោយព្រោះព្រះនៃពួកស្តេចស៊ីរីបានជួយគេ នោះយើងនឹងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះដែរ ដើម្បីឲ្យបានជួយខាងយើង ប៉ុន្តែព្រះទាំងនោះជាហេតុនាំឲ្យទ្រង់ នឹងពួកអ៊ីស្រាអែលទាំងអស់រួញថយវិញ អ័ហាសក៏ប្រមូលអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះមកកាត់ផ្តាច់ជាដុំៗ ទ្រង់ក៏បិទទ្វារព្រះវិហារនៃព្រះយេហូវ៉ាចោល ហើយធ្វើអាសនាសំរាប់ទ្រង់ នៅគ្រប់ទីកៀនក្នុងក្រុងយេរូសាឡិមដែរ ឯនៅគ្រប់ទាំងទីក្រុងស្រុកយូដា ទ្រង់ក៏ធ្វើទីខ្ពស់ សំរាប់នឹងដុតកំញានថ្វាយព្រះដទៃ ទ្រង់បានបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោទ្រង់ មានសេចក្ដីក្រោធ រីឯដំណើរឯទៀតពីទ្រង់ នឹងគ្រប់ទាំងអំពើដែលទ្រង់ប្រព្រឹត្ត ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចយូដា នឹងអ៊ីស្រាអែលហើយ អ័ហាសក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងទីក្រុង គឺក្នុងក្រុងយេរូសាឡិម តែមិនមែនក្នុងផ្នូររបស់ពួកស្តេចសាសន៍អ៊ីស្រាអែលទេ រួចហេសេគា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។