២ របាក្សត្រ 28:1-4

២ របាក្សត្រ 28:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះបាទ​អ័ហាស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃ​ព្រះវស្សា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ តែ​ទ្រង់​មិន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ដាវីឌ ជា​បុព្វ‌បុរស​របស់​ទ្រង់​ទេ។ គឺ​ទ្រង់​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល ហើយ​បាន​សិត​ធ្វើ​រូប​ទុក​ជា​ព្រះ។ មួយ​ទៀត ទ្រង់​បាន​ដុត​កំញាន​នៅ​ច្រក​ភ្នំ​របស់​កូន​ហ៊ីន‌ណម ព្រម​ទាំង​ដុត​បុត្រ​ទ្រង់​ក្នុង​ភ្លើង តាម​ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។ ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នៅ​លើ​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចី​ផង។

២ របាក្សត្រ 28:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​អហាស​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ម្ភៃ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​ឡើយ។ ស្ដេច​ដើរ​តាម​ផ្លូវ​របស់​ស្ដេច​នានា នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​ទ្រង់​ហ៊ាន​រហូត​ដល់​ធ្វើ​រូប​ចម្លាក់​ពី​លង្ហិន សម្រាប់​ព្រះ​បាល​ទៀត​ផង។ ស្ដេច​ដុត​គ្រឿង​ក្រអូប​នៅ​ជ្រលង​ភ្នំ​ហ៊ីន‌ណម និង​យក​បុត្រ​ទៅ​បូជា‌យញ្ញ តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។ ស្ដេច​បាន​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។

២ របាក្សត្រ 28:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​អ័ហាស​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២០​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ តែ​ទ្រង់​មិន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ដាវីឌ ជា​ឰយុកោ​ទ្រង់​ទេ គឺ​ទ្រង់​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​វិញ ហើយ​បាន​សិត​ធ្វើ​រូប​ទុក​ជា​ព្រះ មួយ​ទៀត​ទ្រង់​បាន​ដុត​កំញាន នៅ​ច្រក​ភ្នំ​របស់​កូន​ហ៊ីនណំម ព្រម​ទាំង​ដុត​បុត្រ​ទ្រង់​ក្នុង​ភ្លើង តាម​ទំលាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន នៅ​លើ​អស់​ទាំង​ទី​ខ្ពស់នៅ​លើ​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចី​ផង។