២ របាក្សត្រ 27:1-9

២ របាក្សត្រ 27:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះបាទ​យ៉ូថាម​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាម​ថា​យេរូសា ជា​បុត្រី​សាដុក។ ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះបាទ​អូសៀស​ជា​បិតា​បាន​ធ្វើ​ដែរ តែ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ទេ ឯ​បណ្ដា‌ជន គេ​នៅ​តែ​ប្រព្រឹត្ត​ខូច​អាក្រក់​នៅ​ឡើយ។ ទ្រង់​ធ្វើ​ទ្វារ​ខាង​លើ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក៏​សង់​កំផែង​អូផែល​ឡើង​ជា​ច្រើន។ មួយ​ទៀត ទ្រង់​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​ភ្នំ​យូដា ហើយ​នៅ​ក្រុង​ព្រៃ ទ្រង់​ក៏​សង់​បន្ទាយ និង​ប៉ម​ផង។ ទ្រង់​ក៏​ច្បាំង​ឈ្នះ​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នៅ​ឆ្នាំ​នោះ ពួក​កូន​ចៅ​អាំម៉ូន​ក៏​ថ្វាយ​ប្រាក់​មួយរយ​ហាប ស្រូវ​ភោជ្ជ‌សាលី​មួយ​ម៉ឺន​រង្វាល់ និង​ស្រូវ​ឱក​មួយ​ម៉ឺន​រង្វាល់​ដល់​ទ្រង់។ ដល់​ឆ្នាំ​ទី​ពីរ ហើយ​ទីបី គេ​ក៏​ថ្វាយ​ប៉ុណ្ណោះ​ដល់​ទ្រង់​ទៀត។ ដូច្នេះ យ៉ូថាម​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​ទ្រង់​បាន​រៀប​ផ្លូវ​ឲ្យ​ត្រឹម‌ត្រូវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់។ រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​ពី​ព្រះបាទ​យ៉ូថាម និង​ចម្បាំង​របស់​ទ្រង់ ហើយ​អំពើ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​រឿង​ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ។ ពេល​ទ្រង់​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ព្រះវស្សា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់​ប្រាំមួយ​ឆ្នាំ។ ព្រះបាទ​យ៉ូថាម​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អ័ហាស​ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

២ របាក្សត្រ 27:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​យ៉ូថាម​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេរូ‌សា ជា​កូន​របស់​លោក​សាដុក។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អូសៀស ជា​បិតា​ដែរ។ ប៉ុន្តែ ស្ដេច​មិន​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់​ទេ។ ពេល​នោះ ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ។ ព្រះ‌បាទ​យ៉ូថាម​បាន​សង់​ទ្វារ​ដែល​នៅ​ខាង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ពង្រឹង​កន្លែង​ផ្សេងៗ​នៃ​កំពែង​ក្រុង ត្រង់​អូផែល ឲ្យ​រឹត​តែ​មាំ​ថែម​ទៀត។ ស្ដេច​បាន​សង់​ក្រុង​នៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​យូដា ព្រម​ទាំង​សង់​បន្ទាយ និង​ប៉ម​ចាំ​យាម​នៅ​តាម​ព្រៃ​ផង។ ស្ដេច​បាន​ធ្វើ​សង្គ្រាម​ទល់​នឹង​ស្ដេច​ស្រុក​អាំម៉ូន ហើយ​យក​ជ័យ‌ជម្នះ​លើ​ពួក​គេ។ នៅ​ឆ្នាំ​នោះ ជន‌ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​បី​តោន ស្រូវ​បី​ពាន់​តោន និង​ពោត​បី​ពាន់​តោន មក​ថ្វាយ​ជា​សួយសារ‌អាករ​ដល់​ព្រះ‌បាទ​យ៉ូថាម។ នៅ​ឆ្នាំ​បន្ទាប់ និង​ឆ្នាំ​ទី​បី ពួក​គេ​ក៏​ថ្វាយ​បែប​នោះ​ដែរ។ ព្រះ‌បាទ​យ៉ូថាម​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ទ្រង់​ប្រព្រឹត្ត​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​យ៉ាង​ជាប់‌លាប់។ រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូថាម ព្រម​ទាំង​សង្គ្រាម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ស្ដេច​ស្រុក​យូដា។ នៅ​ពេល​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌បាទ​យ៉ូថាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អហាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។

២ របាក្សត្រ 27:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​យ៉ូថាម​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា យេរូសា ជា​បុត្រី​សាដុក ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អូសៀស​ជា​ព្រះ‌បិតា​បាន​ធ្វើ​ដែរ តែ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ទេ ឯ​បណ្តាជន គេ​នៅ​តែ​ប្រព្រឹត្ត​ខូច​អាក្រក់​នៅ​ឡើយ។ ទ្រង់​ធ្វើ​ទ្វារ​ខាង​លើ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​សង់​កំផែង​អូផែល​ឡើង​ជា​ច្រើន ១​ទៀត​ទ្រង់​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​ភ្នំ​យូដា ហើយ​នៅ​ក្រុង​ព្រៃ ទ្រង់​ក៏​សង់​បន្ទាយ នឹង​ប៉ម​ផង ទ្រង់​ក៏​ច្បាំង​ឈ្នះ​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ឆ្នាំ​នោះ​ឯង​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ថ្វាយ​ប្រាក់​១០០​ហាប ស្រូវ​ភោជ្ជ‌សាលី​១​ម៉ឺន​រង្វាល់ នឹង​ស្រូវ​ឱក​១​ម៉ឺន​រង្វាល់​ដល់​ទ្រង់ ដល់​ឆ្នាំ​ទី​២ ហើយ​ទី​៣ គេ​ក៏​ថ្វាយ​ប៉ុណ្ណោះ​ដល់​ទ្រង់​ទៀត ដូច្នេះ យ៉ូថាម​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ពី​ព្រោះ​ទ្រង់​បាន​រៀប​ផ្លូវ​ទ្រង់​ឲ្យ​ត្រឹម‌ត្រូវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូថាម នឹង​អស់​ទាំង​ការ​ចំបាំង​របស់​ទ្រង់ ហើយ​អំពើ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​រឿង​ពី​ពួក​ស្តេច​អ៊ីស្រាអែល នឹង​យូដា​ហើយ កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ យ៉ូថាម​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អ័ហាស ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។