២ របាក្សត្រ 22:1-9

២ របាក្សត្រ 22:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​អ្នក​ក្រុង​យេរូ‌សាឡិម គេ​តាំង​អ័ហា‌ស៊ីយ៉ា ជា​បុត្រា​ពៅ​របស់​ទ្រង់​ឡើង​ធ្វើ​ជា​ស្តេច​ជំនួស​‌បិតា ដោយ​ព្រោះ​កង‌ទ័ព​ខាង​សាសន៍​អារ៉ាប់ ដែល​ឡើង​មក​ឯ​ទី​បោះ​ទ័ព គេ​បាន​សម្លាប់​ព្រះ​ជេដ្ឋា​ទ្រង់​ទាំង​អស់​ទៅ គឺ​យ៉ាង​នោះ​ដែល​អ័ហា‌ស៊ីយ៉ា ជា​បុត្រា​យេ‌ហូរ៉ាម ស្តេច​យូដា​បាន​សោយ‌រាជ្យ។ កាល​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សែសិប​ពីរ​ព្រះ‌វស្សា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​មួយ​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាមថា អ័ថា‌លា ជា​បុត្រី​អំរី។ ទ្រង់​ក៏​ដើរ​តាម​ផ្លូវ​របស់​ពួក​វង្ស​ព្រះបាទ​អ័ហាប់​ដែរ ព្រោះ​មាតា​ទ្រង់​ជា​អ្នក​ជួយ​គំនិត​ឲ្យ​ធ្វើ​អំពើ​អាក្រក់ ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ពួក​វង្ស​របស់​ព្រះបាទ​អ័ហាប់​ដែរ ដ្បិត​ក្រោយ​ដែល​បិតា​ទ្រង់​បាន​សុគត​ទៅ ពួក​នោះ​ជា​អ្នក​ដឹក‌នាំ​គំនិត​ទ្រង់ ដរាប​ដល់​ទ្រង់​ត្រូវ​វិនាស។ ទ្រង់​ចេះ​តែ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​គេ ក៏​ទៅ​ជា‌មួយ​ព្រះបាទ​យេ‌ហូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល ដើម្បី​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ត្រង់​ក្រុង​រ៉ាម៉ូត-កាឡាត​ដែរ ឯ​ពួក​ស៊ីរី គេ​ធ្វើ​ឲ្យ​ព្រះបាទ​យ៉ូរ៉ាម​មាន​របួស។ រួច​ទ្រង់​វិល​ទៅ​ក្រុង​យេស‌រាល​វិញ ដើម្បី​មើល​របួស​ឲ្យ​ជា ដែល​គេ​បាន​ធ្វើ​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ស្តេច​ស៊ីរី រួច​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​បុត្រា​ព្រះបាទ​យេ‌ហូរ៉ាម ស្តេច​យូដា ទ្រង់​ក៏​យាង​ទៅ​ដល់​យេស‌រាល គាល់​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រា​អ័ហាប់ ដែល​ទ្រង់​ប្រឈួន។ រីឯ​ការ​ដែល​អ័ហា‌ស៊ីយ៉ា​បាន​ទៅ​គាល់​ព្រះបាទ​យ៉ូរ៉ាម នោះ​កើត​មក​អំពី​ព្រះ​ទេ ដើម្បី​ឲ្យ​ទ្រង់​ត្រូវ​វិនាស ដ្បិត​ពេល​ទ្រង់​បាន​ទៅ​ដល់​ហើយ ក៏​យាង​ចេញ​ទៅ​ជា‌មួយ​យេ‌ហូរ៉ាម ទាស់​នឹង​លោក​យេហ៊ូវ ជា​កូន​នីមស៊ី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង ឲ្យ​បាន​បំផ្លាញ​វង្ស​របស់​ព្រះបាទ​អ័ហាប់។ ពេល​លោក​យេហ៊ូវ​កំពុង​តែ​សម្រេច​ទោស​ដល់​វង្ស​របស់​ព្រះបាទ​អ័ហាប់ នោះ​លោក​ក៏​ឃើញ​ពួក​អ្នក​ខ្លះ ដែល​ជា​ពូជ‌ពង្ស​ស្តេច​យូដា គឺ​ជា​បុត្រ​របស់​ពួក​ជេដ្ឋា​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​ដែល​ជា​ជំនិត​ទ្រង់ ហើយ​លោក​សម្លាប់​គេ​ទាំង​អស់។ លោក​ក៏​រក​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ដែល​ពួន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ ហើយ​គេ​ចាប់​ទ្រង់​នាំ​មក​ដល់​យេហ៊ូវ រួច​គេ​សម្លាប់​ចោល ហើយ​បញ្ចុះ​សព​ទ្រង់​ទៅ ដោយ​ថា ទ្រង់​ជា​បុត្រ​ព្រះបាទ​យេ‌ហូសា‌ផាត ដែល​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​អស់​ពី​ព្រះ‌ហឫ‌ទ័យ ដូច្នេះ ក្នុង​វង្ស​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា គ្មាន​អ្នក​ណា​មួយ​អាច​នឹង​គ្រប់‌គ្រង​រាជ្យ​បាន​ឡើយ។

២ របាក្សត្រ 22:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​លើក​សម្ដេច​អហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឲ្យ​ឡើង​ស្នង​រាជ្យ​បិតា ដ្បិត​បុត្រ​បងៗ​ត្រូវ​ជន‌ជាតិ​អារ៉ាប់​សម្លាប់​អស់ នៅ​ពេល​ពួក​គេ​មក​លុក‌លុយ​ស្រុក។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ម្ភៃ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អថា‌លា ជា​ចៅ​របស់​ព្រះ‌បាទ​អូមរី។ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ក៏​បាន​ដើរ​តាម​ផ្លូវ​របស់​រាជ‌វង្ស​ព្រះ‌បាទ​អហាប់​ដែរ ដ្បិត​មាតា​ជួយ​គំនិត​ស្ដេច​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហាប់​ដែរ ដ្បិត​ក្រោយ​ពេល​បិតា​សោយ​ទិវង្គត រាជ‌វង្ស​របស់​ព្រះ‌បាទ​អហាប់​ជួយ​គំនិត​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ដែល​ជំរុញ​ឲ្យ​ស្ដេច​ត្រូវ​វិនាស។ ស្ដេច​ធ្វើ​តាម​យោបល់​របស់​ពួក​គេ ហើយ​ចូល​ដៃ​ជា​មួយ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចេញ​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ពេល​នោះ កង‌ទ័ព​ស៊ីរី​វាយ​ព្រះ‌បាទ​យ៉ូរ៉ាម​របួស។ ព្រះ‌បាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេស‌រាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ នៅ​ក្រុង​រ៉ាម៉ា ក្នុង​ពេល​ស្ដេច​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហា‌សែល ស្ដេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​ព្រះ‌បាទ​យ៉ូរ៉ាម ស្ដេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យីស‌រាល សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​អហាប់​ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម​ដូច្នេះ មក​ពី​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​វិនាស។ ពេល​ទៅ​ដល់ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ទៅ​ជា​មួយ​ព្រះ‌បាទ​យ៉ូរ៉ាម ដើម្បី​ជួប​នឹង​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​នីម‌ស៊ី។ មុន​នោះ ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​លោក​យេ‌ហ៊ូវ​ជា​ស្ដេច ដើម្បី​ឲ្យ​លោក​រំលាយ​រាជ‌វង្ស​ព្រះ‌បាទ​អហាប់។ លោក​យេ‌ហ៊ូវ​ធ្វើ​ទោស​រាជ‌វង្ស​ព្រះ‌បាទ​អហាប់ ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​ពេល​លោក​ជួប​ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ព្រម​ទាំង​ក្មួយៗ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ដែល​ជា​រាជ​បម្រើ​របស់​ស្ដេច នោះ​លោក​ក៏​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា។ លោក​យេ‌ហ៊ូវ​ឲ្យ​គេ​តាម​រក​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ហើយ​គេ​ចាប់​ស្ដេច​បាន​នៅ​ក្រុង​សាម៉ារី ព្រោះ​ស្ដេច​ពួន​នៅ​ទី​នោះ។ គេ​នាំ​ស្ដេច​ទៅ​ជួប​លោក​យេ‌ហ៊ូវ ហើយ​លោក​ក៏​ធ្វើ​គុត​ស្ដេច​ទៅ។ បន្ទាប់​មក គេ​ធ្វើ​ពិធី​បញ្ចុះ​សព​ស្ដេច ដ្បិត​គេ​គិត​ថា ស្ដេច​ត្រូវ​ជា​រាជ‌វង្ស​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ដែល​ស្វែង​រក​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត។ នៅ​ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា គ្មាន​នរណា​ម្នាក់​មាន​សមត្ថ‌ភាព​អាច​នឹង​ឡើង​គ្រង​រាជ្យ​បាន​ឡើយ។

២ របាក្សត្រ 22:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​អ្នក​ក្រុង​យេរូ‌សាឡិម គេ​តាំង​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ពៅ​របស់​ទ្រង់ ឡើង​ធ្វើ​ជា​ស្តេច​ជំនួស​ព្រះ‌បិតា ដោយ​ព្រោះ​កង‌ទ័ព​ខាង​សាសន៍​អារ៉ាប់ ដែល​ឡើង​មក​ឯ​ទី​បោះ​ទ័ព គេ​បាន​សំឡាប់​ព្រះ​ជេដ្ឋា​ទ្រង់​ទាំង​អស់​ទៅ គឺ​យ៉ាង​នោះ​ដែល​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​យ៉ូរ៉ាម ស្តេច​យូដា បាន​សោយ‌រាជ្យ​ឡើង កាល​អ័ហា‌ស៊ីយ៉ា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៤២​ឆ្នាំហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា អ័ថា‌លា ជា​បុត្រី​អំរី ទ្រង់​ក៏​ដើរ​តាម​ផ្លូវ​របស់​ពួក​វង្ស​អ័ហាប់​ដែរ ពី​ព្រោះ​ព្រះ‌មាតា​ទ្រង់ ជា​អ្នក​ជួយ​គំនិត​ឲ្យ​ធ្វើ​អំពើ​អាក្រក់ ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ពួក​វង្ស​របស់​អ័ហាប់​ដែរ ដ្បិត​ក្រោយ​ដែល​ព្រះ‌បិតា​ទ្រង់​បាន​សុគត​ទៅ​ហើយ ពួក​នោះ​ជា​អ្នក​ដឹក‌នាំ​គំនិត​ទ្រង់ ដរាប​ដល់​ទ្រង់​ត្រូវ​វិនាស ទ្រង់​ចេះ​តែ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​គេ ក៏​ទៅ​ជា​មួយ​នឹង​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា​អ័ហាប់​ស្តេច​អ៊ីស្រាអែល ដើម្បី​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី​ត្រង់​ក្រុង​រ៉ាម៉ូត-កាឡាត​ដែរ ឯ​ពួក​ស៊ីរី គេ​ធ្វើ​ឲ្យ​យ៉ូរ៉ាម​មាន​របួស រួច​ទ្រង់​វិល​ទៅ​ឯ​ក្រុង​យេស‌រាល​វិញ ដើម្បី​មើល​របួស​ឲ្យ​ជា ដែល​គេ​បាន​ធ្វើ​ទ្រង់​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ស្តេច​ស៊ីរី រួច​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​យ៉ូរ៉ាម ស្តេច​យូដា ទ្រង់​ក៏​យាង​ទៅ​ដល់​យេស‌រាល គាល់​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា​អ័ហាប់ ដែល​ទ្រង់​ប្រឈួន រីឯ​ការ​ដែល​អ័ហា‌ស៊ីយ៉ា​បាន​ទៅ​គាល់​យ៉ូរ៉ាម នោះ​កើត​មក​អំពី​ព្រះ​ទេ ដើម្បី​ឲ្យ​ទ្រង់​ត្រូវ​វិនាស ដ្បិត​កាល​ទ្រង់​បាន​ទៅ​ដល់​ហើយ នោះ​ក៏​យាង​ចេញ​ទៅ​ជា​មួយ​នឹង​យ៉ូរ៉ាម ទាស់​នឹង​យេហ៊ូវ ជា​កូន​នីមស៊ី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង តាំង​ឡើងឲ្យ​បាន​បំផ្លាញ​វង្ស​របស់​អ័ហាប់​ចេញ ហើយ​កាល​យេហ៊ូវ​កំពុង​តែ​សំរេច​ទោស ដល់​វង្ស​របស់​អ័ហាប់ នោះ​លោក​ក៏​ប្រទះ​ឃើញ​ពួក​អ្នក​ខ្លះ ដែល​ជា​ពូជ‌ពង្ស​ស្តេច​យូដា គឺ​ជា​បុត្រ​របស់​ពួក​ជេដ្ឋា​អ័ហា‌ស៊ីយ៉ា​ដែល​ជា​ជំនិត​ទ្រង់ ហើយ​លោក​សំឡាប់​គេ​ទាំង​អស់​ទៅ លោក​ក៏​រក​អ័ហា‌ស៊ីយ៉ា ដែល​ពួន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ ហើយ​គេ​ចាប់​ទ្រង់ នាំ​មក​ដល់​យេហ៊ូវ រួច​គេ​សំឡាប់​បង់ ហើយ​កប់​សព​ទ្រង់​ទៅ ដោយ​ថា ទ្រង់​ជា​បុត្រ​យ៉ូសា‌ផាត ដែល​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​អស់​ពី​ព្រះ‌ទ័យ ដូច្នេះ ក្នុង​វង្ស​របស់​អ័ហា‌ស៊ីយ៉ា គ្មាន​អ្នក​ណា​មួយ​អាច​នឹង​គ្រប់‌គ្រង​រាជ្យ​បាន​ឡើយ។