២ របាក្សត្រ 21:1-7
២ របាក្សត្រ 21:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទយេហូសាផាតផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គេបញ្ចុះសព នៅជាមួយបុព្វបុរសរបស់ទ្រង់ នៅក្នុងក្រុងដាវីឌ រួចយេហូរ៉ាម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា ព្រះបាទយេហូរ៉ាមមានអនុជដែលជាបុត្ររបស់ព្រះបាទយេហូសាផាត គឺអ័សារា យេហ៊ីអែល សាការី អ័សារា មីកែល និងសេផាធា នេះសុទ្ធតែជាបុត្រារបស់ព្រះបាទយេហូសាផាត ស្តេចស្រុកយូដា បិតាទ្រង់ក៏ចែករបស់ទ្រព្យជាច្រើនដល់បុត្រទាំងនោះ គឺប្រាក់ មាស និងរបស់មានតម្លៃ ព្រមទាំងទីក្រុងមានបន្ទាយ នៅស្រុកយូដាផង តែត្រង់ឯរាជ្យ នោះបានប្រទានដល់យេហូរ៉ាមវិញ ព្រោះទ្រង់ជាព្រះរាជបុត្រច្បង កាលព្រះបាទយេហូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់បិតា ហើយមានអំណាចចម្រើនឡើង ទ្រង់ក៏សម្លាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួកដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែលជាច្រើនដែរ កាលព្រះបាទយេហូរ៉ាមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មសាមសិបពីរឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានប្រាំបីឆ្នាំ ទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែល គឺបានប្រព្រឹត្តដូចជាវង្សារបស់ព្រះបាទអ័ហាប់ដែរ ដ្បិតទ្រង់បានយកបុត្រីរបស់អ័ហាប់ធ្វើជាភរិយា ទ្រង់ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា ប៉ុន្តែ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងដាវីឌ ហើយ ដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀងមួយដល់ទ្រង់ និងពួកកូនចៅទ្រង់ជាដរាបទៅ ។
២ របាក្សត្រ 21:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះបាទយ៉ូសាផាតសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទយ៉ូរ៉ាម ជាបុត្រ បានឡើងស្នងរាជ្យ។ ព្រះបាទយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្ដេចអសារា យេហ៊ីអែល សាការី អសារា មីកែល និងសេផាធា ហើយទាំងអស់គ្នាសុទ្ធតែជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្ដេចអ៊ីស្រាអែល។ ព្រះបាទយ៉ូសាផាត ជាបិតា បានចែកអំណោយជាមាសជាប្រាក់យ៉ាងច្រើនឲ្យបុត្រឯទៀតៗ ព្រមទាំងប្រគល់ក្រុងនានាដែលមានកំពែងរឹងមាំ ក្នុងស្រុកយូដា ឲ្យបុត្រទាំងនោះកាន់កាប់ទៀតផង តែស្ដេចប្រគល់រាជសម្បត្តិឲ្យព្រះបាទយ៉ូរ៉ាម ព្រោះជាបុត្រច្បង។ កាលព្រះបាទយ៉ូរ៉ាមឡើងស្នងរាជ្យបិតា និងពង្រឹងអំណាចបានហើយ ស្ដេចធ្វើគុតអនុជទាំងអស់ដោយមុខដាវ ព្រមទាំងសម្លាប់មេដឹកនាំមួយចំនួនរបស់ជនជាតិអ៊ីស្រាអែលទៀតផង។ នៅពេលឡើងសោយរាជ្យ ព្រះបាទយ៉ូរ៉ាមមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្ដេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ស្ដេចដើរតាមមាគ៌ារបស់ស្ដេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និងប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ព្រោះស្ដេចបានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ប៉ុន្តែ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងលុបបំបាត់រាជវង្សរបស់ព្រះបាទដាវីឌទេ ព្រោះយល់ដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយព្រះបាទដាវីឌ ហើយព្រះអង្គក៏បានសន្យាថានឹងប្រោសប្រទានឲ្យពូជពង្សរបស់ព្រះបាទដាវីឌ ឡើងសោយរាជ្យរហូតតទៅ។
២ របាក្សត្រ 21:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយ៉ូសាផាត ទ្រង់ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ គេបញ្ចុះសព នៅជាមួយនឹងពួកឰយុកោទ្រង់ នៅក្នុងក្រុងដាវីឌ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា យ៉ូរ៉ាមមានកនិដ្ឋា ជាបុត្រារបស់យ៉ូសាផាត គឺអ័សារា យេហ៊ីអែល សាការី អ័សារា មីកែល នឹងសេផាធា នេះសុទ្ធតែជាបុត្រារបស់យ៉ូសាផាត ស្តេចសាសន៍អ៊ីស្រាអែល ព្រះបិតាទ្រង់ក៏ចែករបស់ទ្រព្យជាច្រើន ដល់បុត្រទាំងនោះ គឺប្រាក់ មាស នឹងរបស់មានដំឡៃ ព្រមទាំងទីក្រុងមានបន្ទាយនៅស្រុកយូដាផង តែត្រង់ឯរាជ្យ នោះបានប្រទានដល់យ៉ូរ៉ាមវិញ ពីព្រោះទ្រង់ជាព្រះរាជបុត្រច្បង កាលយ៉ូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់ព្រះបិតា ហើយមានអំណាចចំរើនឡើង នោះទ្រង់ក៏សំឡាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួក ដែលជាប្រធាន ក្នុងសាសន៍អ៊ីស្រាអែល ជាច្រើនដែរ កាលយ៉ូរ៉ាមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យ នៅក្រុងយេរូសាឡិមបាន៨ឆ្នាំ ទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែល គឺបានប្រព្រឹត្តដូចជាវង្សារបស់អ័ហាប់ដែរ ដ្បិតទ្រង់បានយកបុត្រីរបស់អ័ហាប់ ធ្វើជាភរិយា ទ្រង់ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា ប៉ុន្តែព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងដាវីឌ ហើយដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀង១ដល់ទ្រង់ នឹងពួកកូនចៅទ្រង់ជាដរាបទៅ។