២ របាក្សត្រ 21:1-20
២ របាក្សត្រ 21:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទយេហូសាផាតផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គេបញ្ចុះសព នៅជាមួយបុព្វបុរសរបស់ទ្រង់ នៅក្នុងក្រុងដាវីឌ រួចយេហូរ៉ាម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា ព្រះបាទយេហូរ៉ាមមានអនុជដែលជាបុត្ររបស់ព្រះបាទយេហូសាផាត គឺអ័សារា យេហ៊ីអែល សាការី អ័សារា មីកែល និងសេផាធា នេះសុទ្ធតែជាបុត្រារបស់ព្រះបាទយេហូសាផាត ស្តេចស្រុកយូដា បិតាទ្រង់ក៏ចែករបស់ទ្រព្យជាច្រើនដល់បុត្រទាំងនោះ គឺប្រាក់ មាស និងរបស់មានតម្លៃ ព្រមទាំងទីក្រុងមានបន្ទាយ នៅស្រុកយូដាផង តែត្រង់ឯរាជ្យ នោះបានប្រទានដល់យេហូរ៉ាមវិញ ព្រោះទ្រង់ជាព្រះរាជបុត្រច្បង កាលព្រះបាទយេហូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់បិតា ហើយមានអំណាចចម្រើនឡើង ទ្រង់ក៏សម្លាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួកដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែលជាច្រើនដែរ កាលព្រះបាទយេហូរ៉ាមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មសាមសិបពីរឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានប្រាំបីឆ្នាំ ទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែល គឺបានប្រព្រឹត្តដូចជាវង្សារបស់ព្រះបាទអ័ហាប់ដែរ ដ្បិតទ្រង់បានយកបុត្រីរបស់អ័ហាប់ធ្វើជាភរិយា ទ្រង់ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា ប៉ុន្តែ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងដាវីឌ ហើយ ដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀងមួយដល់ទ្រង់ និងពួកកូនចៅទ្រង់ជាដរាបទៅ ។ នៅក្នុងរាជ្យស្ដេចយេហូរ៉ាម សាសន៍អេដុមបានបះបោរដកខ្លួនចេញពីអំណាចសាសន៍យូដា ហើយគេក៏តាំងឲ្យមានស្តេចគ្រប់គ្រងលើខ្លួនវិញ។ ទ្រង់យាងឆ្លងទៅរកគេ មានទាំងពួកមេទ័ព និងរទេះចម្បាំងទាំងប៉ុន្មានរបស់ទ្រង់ផង ទ្រង់ក្រោកទៅទាំងយប់ ទៅវាយពលទ័ព និងពួកមេរទេះចម្បាំងរបស់សាសន៍អេដុម ដែលបានមកឡោមព័ទ្ធទ្រង់នោះ។ ប៉ុន្តែ សាសន៍អេដុមបានបះបោរ ដកខ្លួនពីអំណាចសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ។ គ្រានោះ ពួកក្រុងលិបណាក៏បះបោរ ដកខ្លួនពីក្រោមអំណាចទ្រង់ដែរ ព្រោះទ្រង់បានបោះបង់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់ទ្រង់។ មួយទៀត ទ្រង់ក៏ធ្វើទីខ្ពស់នៅភ្នំស្រុកយូដាទាំងប៉ុន្មាន ក៏បានបណ្ដាលឲ្យពួកក្រុងយេរូសាឡិមផិតព្រះ ព្រមទាំងប្រទាញនាំពួកយូដាឲ្យវង្វេងដែរ។ មានសំបុត្រមួយមកពីហោរាអេលីយ៉ាដល់ទ្រង់ថា៖ «ព្រះយេហូវ៉ា ជាព្រះនៃដាវីឌ បិតាទ្រង់ បានមានព្រះបន្ទូលថា ដោយព្រោះទ្រង់មិនបានដើរតាមផ្លូវរបស់ព្រះបាទយេហូសាផាត ជាបិតាទ្រង់ និងផ្លូវរបស់ព្រះបាទអេសា ជាស្តេចយូដា គឺបានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងបណ្ដាលឲ្យពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមផិតព្រះ ដូចជាពួកវង្សរបស់ព្រះបាទអ័ហាប់ដែរ ហើយដោយព្រោះទ្រង់បានសម្លាប់កនិដ្ឋាទាំងប៉ុន្មាន ជាព្រះវង្សរបស់បិតាទ្រង់ ដែលសុទ្ធតែល្អជាងទ្រង់ផង នោះមើល៍ ព្រះយេហូវ៉ានឹងវាយប្រជារាស្ត្រទ្រង់ ដោយសេចក្ដីវេទនាជាខ្លាំង ព្រមទាំងពួកបុត្រ និងភរិយាទ្រង់ទាំងប៉ុន្មាន ហើយរបស់ទ្រព្យទ្រង់ផង រីឯព្រះករុណាវិញ នឹងកើតមានជំងឺក្នុងពោះវៀនជាទម្ងន់ ឈឺរាល់ថ្ងៃ រហូតដល់ពោះវៀនធ្លាក់ចេញមកដោយសារជំងឺនោះ»។ ព្រះយេហូវ៉ាក៏បណ្ដាលចិត្តពួកភីលីស្ទីន និងពួកអារ៉ាប់ ដែលនៅជិតសាសន៍អេធីអូពី ឲ្យគេកម្រើកឡើងទាស់នឹងព្រះបាទយេហូរ៉ាមដែរ។ គេឡើងសង្ខុញចូលមកក្នុងស្រុកយូដា ប្លន់យកអស់ទាំងរបស់ទ្រព្យដែលឃើញមានក្នុងព្រះរាជដំណាក់ ព្រមទាំងនាំយកពួកបុត្រ និងភរិយារបស់ទ្រង់ទាំងប៉ុន្មានផង បានជាគ្មានបុត្រណានៅសល់ឡើយ មានតែអ័ហាស៊ីយ៉ា ជាបុត្រពៅប៉ុណ្ណោះ។ ក្រោយការទាំងនោះមក ព្រះយេហូវ៉ាប្រហារស្តេចឲ្យមានជំងឺក្នុងពោះវៀន ដែលមើលមិនជាឡើយ។ លុះកន្លងមកបានពីរឆ្នាំ ពោះវៀនទ្រង់ក៏ធ្លាក់ចេញមក ហើយទ្រង់សុគតទៅ ដោយរោគយ៉ាងអាក្រក់ណាស់ ឯពួកប្រជារាស្ត្រទ្រង់មិនបានថ្វាយព្រះភ្លើងដល់ទ្រង់ ដូចបានថ្វាយដល់បុព្វបុរសរបស់ទ្រង់ទេ។ ពេលទ្រង់ឡើងសោយរាជ្យ មានព្រះជន្មសាមសិបពីរព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានប្រាំបីឆ្នាំ រួចទ្រង់លាចាកលោកទៅ ឥតមានអ្នកណាស្តាយឡើយ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ។
២ របាក្សត្រ 21:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះបាទយ៉ូសាផាតសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទយ៉ូរ៉ាម ជាបុត្រ បានឡើងស្នងរាជ្យ។ ព្រះបាទយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្ដេចអសារា យេហ៊ីអែល សាការី អសារា មីកែល និងសេផាធា ហើយទាំងអស់គ្នាសុទ្ធតែជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្ដេចអ៊ីស្រាអែល។ ព្រះបាទយ៉ូសាផាត ជាបិតា បានចែកអំណោយជាមាសជាប្រាក់យ៉ាងច្រើនឲ្យបុត្រឯទៀតៗ ព្រមទាំងប្រគល់ក្រុងនានាដែលមានកំពែងរឹងមាំ ក្នុងស្រុកយូដា ឲ្យបុត្រទាំងនោះកាន់កាប់ទៀតផង តែស្ដេចប្រគល់រាជសម្បត្តិឲ្យព្រះបាទយ៉ូរ៉ាម ព្រោះជាបុត្រច្បង។ កាលព្រះបាទយ៉ូរ៉ាមឡើងស្នងរាជ្យបិតា និងពង្រឹងអំណាចបានហើយ ស្ដេចធ្វើគុតអនុជទាំងអស់ដោយមុខដាវ ព្រមទាំងសម្លាប់មេដឹកនាំមួយចំនួនរបស់ជនជាតិអ៊ីស្រាអែលទៀតផង។ នៅពេលឡើងសោយរាជ្យ ព្រះបាទយ៉ូរ៉ាមមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្ដេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ស្ដេចដើរតាមមាគ៌ារបស់ស្ដេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និងប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ព្រោះស្ដេចបានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ប៉ុន្តែ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងលុបបំបាត់រាជវង្សរបស់ព្រះបាទដាវីឌទេ ព្រោះយល់ដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយព្រះបាទដាវីឌ ហើយព្រះអង្គក៏បានសន្យាថានឹងប្រោសប្រទានឲ្យពូជពង្សរបស់ព្រះបាទដាវីឌ ឡើងសោយរាជ្យរហូតតទៅ។ ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្ដេចមួយអង្គ ឲ្យឡើងគ្រងរាជ្យលើពួកគេ។ ពេលនោះ ព្រះបាទយ៉ូរ៉ាមយាងចេញទៅ ដោយមានពួកមេទ័ព និងរទេះចម្បាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្ដេច និងពួកមេបញ្ជាការកងរទេះចម្បាំង។ ស្ដេចក៏តើនឡើងនៅពេលយប់ ហើយវាយបើកផ្លូវ។ តាំងពីពេលនោះមក ជនជាតិអេដុមបានរំដោះខ្លួនពីការត្រួតត្រារបស់ជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីបណាក៏បះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះបាទយ៉ូរ៉ាមដែរ ព្រោះស្ដេចបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ព្រះបាទយ៉ូរ៉ាមបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ លើភ្នំទាំងឡាយក្នុងស្រុកយូដា។ ស្ដេចជំរុញអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុក ឲ្យគោរពព្រះដទៃ។ ស្ដេចបានទទួលលិខិតមួយច្បាប់ពីព្យាការីអេលីយ៉ា ដែលមានសេចក្ដីដូចតទៅ “ព្រះអម្ចាស់ ជាព្រះរបស់ព្រះបាទដាវីឌ ជាអយ្យកោរបស់ព្រះករុណាមានព្រះបន្ទូលថា ព្រះករុណាពុំបានដើរតាមមាគ៌ារបស់ព្រះបាទយ៉ូសាផាត ជាបិតារបស់ព្រះករុណាទេ ហើយព្រះករុណាក៏មិនដើរតាមមាគ៌ារបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដាដែរ។ ផ្ទុយទៅវិញ ព្រះករុណាដើរតាមផ្លូវរបស់ស្ដេចទាំងឡាយនៃស្រុកអ៊ីស្រាអែល ព្រះករុណាទាក់ទាញអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យគោរពព្រះដទៃ ដូចរាជវង្សរបស់ស្ដេចអហាប់បានប្រព្រឹត្ត ហើយព្រះករុណាបានសម្លាប់ប្អូនបង្កើតរបស់ព្រះករុណា ដែលសុទ្ធតែជាមនុស្សប្រសើរជាងព្រះករុណាដែរ។ ហេតុនេះព្រះអម្ចាស់នឹងប្រហារប្រជារាស្ត្រ ព្រមទាំងបុត្រា មហេសី និងទ្រព្យសម្បត្តិរបស់ព្រះករុណា ដោយគ្រោះកាចដ៏សាហាវ។ រីឯព្រះករុណាវិញ ព្រះជាម្ចាស់នឹងធ្វើឲ្យព្រះករុណាមានជំងឺជាទម្ងន់ គឺព្រះករុណានឹងមានរោគពោះវៀន ដែលបណ្ដាលឲ្យព្រះករុណាឈឺចាប់កាន់តែខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ រហូតដល់ពោះវៀនធ្លាយចេញមក”។ ព្រះអម្ចាស់បានជំរុញជនជាតិភីលីស្ទីន និងជនជាតិអារ៉ាប់ ដែលរស់នៅក្បែរជនជាតិអេត្យូពី ឲ្យមានគំនិតប្រឆាំងនឹងព្រះបាទយ៉ូរ៉ាម។ អ្នកទាំងនោះលើកគ្នាចូលមករាតត្បាតស្រុកយូដា និងរឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលមាននៅក្នុងវាំងស្ដេច ព្រមទាំងចាប់បុត្រ និងមហេសីរបស់ស្ដេច នាំយកទៅជាមួយផង គឺនៅសល់តែសម្ដេចអហាស៊ីយ៉ាមួយអង្គគត់ ដែលក្មេងជាងគេ។ បន្ទាប់មក ព្រះអម្ចាស់ប្រហារស្ដេចដោយជំងឺពោះវៀន ដែលពុំអាចព្យាបាលឲ្យជាបានឡើយ។ ជំងឺនោះកាន់តែធ្ងន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ប្រមាណជាពីរឆ្នាំក្រោយមក ពោះវៀនរបស់ស្ដេចយ៉ូរ៉ាមក៏ធ្លាយចេញពីរូបកាយ ហើយស្ដេចសោយទិវង្គត ដោយឈឺចាប់បំផុត។ ប្រជាជនពុំបានធ្វើពិធីថ្វាយព្រះភ្លើងចំពោះស្ដេច ដូចគេបានធ្វើចំពោះអយ្យកោរបស់ស្ដេចឡើយ។ ព្រះបាទយ៉ូរ៉ាមឡើងសោយរាជ្យ នៅពេលមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្ដេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្ដេចសោយទិវង្គត គ្មាននរណាសោកស្ដាយទេ។ គេបញ្ចុះសពនៅបុរីព្រះបាទដាវីឌ តែមិនតម្កល់នៅក្នុងផ្នូរដែលគេបម្រុងទុកសម្រាប់ព្រះមហាក្សត្រឡើយ។
២ របាក្សត្រ 21:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយ៉ូសាផាត ទ្រង់ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ គេបញ្ចុះសព នៅជាមួយនឹងពួកឰយុកោទ្រង់ នៅក្នុងក្រុងដាវីឌ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា យ៉ូរ៉ាមមានកនិដ្ឋា ជាបុត្រារបស់យ៉ូសាផាត គឺអ័សារា យេហ៊ីអែល សាការី អ័សារា មីកែល នឹងសេផាធា នេះសុទ្ធតែជាបុត្រារបស់យ៉ូសាផាត ស្តេចសាសន៍អ៊ីស្រាអែល ព្រះបិតាទ្រង់ក៏ចែករបស់ទ្រព្យជាច្រើន ដល់បុត្រទាំងនោះ គឺប្រាក់ មាស នឹងរបស់មានដំឡៃ ព្រមទាំងទីក្រុងមានបន្ទាយនៅស្រុកយូដាផង តែត្រង់ឯរាជ្យ នោះបានប្រទានដល់យ៉ូរ៉ាមវិញ ពីព្រោះទ្រង់ជាព្រះរាជបុត្រច្បង កាលយ៉ូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់ព្រះបិតា ហើយមានអំណាចចំរើនឡើង នោះទ្រង់ក៏សំឡាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួក ដែលជាប្រធាន ក្នុងសាសន៍អ៊ីស្រាអែល ជាច្រើនដែរ កាលយ៉ូរ៉ាមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យ នៅក្រុងយេរូសាឡិមបាន៨ឆ្នាំ ទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែល គឺបានប្រព្រឹត្តដូចជាវង្សារបស់អ័ហាប់ដែរ ដ្បិតទ្រង់បានយកបុត្រីរបស់អ័ហាប់ ធ្វើជាភរិយា ទ្រង់ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា ប៉ុន្តែព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងដាវីឌ ហើយដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀង១ដល់ទ្រង់ នឹងពួកកូនចៅទ្រង់ជាដរាបទៅ។ នៅក្នុងរាជ្យយ៉ូរ៉ាម នោះសាសន៍អេដំមបានបះបោរដកខ្លួនពីអំណាចសាសន៍យូដាចេញ ហើយគេក៏តាំងឲ្យមានស្តេចគ្រប់គ្រងលើខ្លួនវិញ នោះទ្រង់យាងឆ្លងទៅឯគេ មានទាំងពួកមេទ័ព នឹងរទេះចំបាំងទាំងប៉ុន្មានរបស់ទ្រង់ផង ទ្រង់ក្រោកឡើងទាំងយប់ ទៅវាយពលទ័ព នឹងពួកមេរទេះចំបាំងរបស់សាសន៍អេដំម ដែលបានមកឡោមព័ទ្ធទ្រង់នោះ ប៉ុន្តែសាសន៍អេដំមបានបះបោរ ដកខ្លួនពីអំណាចសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ គ្រានោះ ពួកក្រុងលិបណា ក៏បះបោរដកខ្លួន ពីក្រោមអំណាចទ្រង់ដែរ ពីព្រោះទ្រង់បានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោទ្រង់ មួយទៀតទ្រង់ក៏ធ្វើទីខ្ពស់ នៅភ្នំស្រុកយូដាទាំងប៉ុន្មាន ក៏បានបណ្តាលឲ្យពួកក្រុងយេរូសាឡិមផិតព្រះ ព្រមទាំងប្រទាញនាំពួកយូដាឲ្យវង្វេងដែរ។ នោះមានសំបុត្រមកពីហោរ៉ាអេលីយ៉ាដល់ទ្រង់ថា ព្រះយេហូវ៉ា ជាព្រះនៃដាវីឌ ព្រះបិតាទ្រង់ បានមានបន្ទូលថា ដោយព្រោះទ្រង់មិនបានដើរតាមផ្លូវរបស់យ៉ូសាផាត ជាព្រះបិតាទ្រង់ នឹងផ្លូវរបស់អេសា ជាស្តេចយូដា គឺបានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងបណ្តាលឲ្យពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមផិតព្រះ ដូចជាពួកវង្សរបស់អ័ហាប់ដែរ ហើយដោយព្រោះទ្រង់បានសំឡាប់កនិដ្ឋាទាំងប៉ុន្មាន ជាព្រះវង្សរបស់ព្រះបិតាទ្រង់ ដែលសុទ្ធតែល្អជាងទ្រង់ផង នោះមើល ព្រះយេហូវ៉ាទ្រង់នឹងវាយរាស្ត្រទ្រង់ ដោយសេចក្ដីវេទនាជាខ្លាំងព្រមទាំងពួកបុត្រ នឹងភរិយាទ្រង់ទាំងប៉ុន្មាន ហើយរបស់ទ្រព្យនៃទ្រង់ផង ឯទ្រង់ នឹងកើតមានជំងឺក្នុងពោះវៀនជាទំងន់ ឈឺរាល់តែថ្ងៃ ដរាបដល់ពោះវៀនធ្លាក់ចេញមកដោយសារជំងឺនោះ។ ព្រះយេហូវ៉ាទ្រង់ក៏បណ្តាលចិត្តពួកភីលីស្ទីន នឹងពួកអារ៉ាប់ ដែលនៅជិតសាសន៍អេធីអូពី ឲ្យគេកំរើកឡើងទាស់នឹងយ៉ូរ៉ាមដែរ គេឡើងសង្ខុញចូលមកក្នុងស្រុកយូដា ប្លន់យកអស់ទាំងរបស់ទ្រព្យដែលឃើញមានក្នុងព្រះរាជដំណាក់ទៅ ព្រមទាំងនាំយកពួកបុត្រ នឹងភរិយារបស់ទ្រង់ទាំងប៉ុន្មានផង បានជាគ្មានបុត្រណា នៅសល់ដល់ទ្រង់ មានតែអ័ហាស៊ីយ៉ា ជាបុត្រពៅរបស់ទ្រង់ប៉ុណ្ណោះ។ ក្រោយការទាំងនោះមក ព្រះយេហូវ៉ាទ្រង់ប្រហារស្តេចឲ្យមានជំងឺក្នុងពោះវៀន ដែលមើលមិនចេះជាឡើយ លុះវេលាកន្លងមកបាន២ឆ្នាំ នោះពោះវៀនទ្រង់ក៏ធ្លាក់ចេញមក ដោយជំងឺនោះ ហើយទ្រង់សុគតទៅ ដោយរោគយ៉ាងអាក្រក់ណាស់ ឯពួករាស្ត្រទ្រង់មិនបានថ្វាយព្រះភ្លើងដល់ទ្រង់ ដូចបានថ្វាយដល់ពួកឰយុកោទ្រង់ទេ កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះមានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៨ឆ្នាំ រួចទ្រង់លាចាកលោកទៅ ឥតមានអ្នកណាស្តាយឡើយ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ។