២ របាក្សត្រ 19:1-4
២ របាក្សត្រ 19:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទយេហូសាផាត ជាស្តេចយូដា ទ្រង់វិលទៅឯដំណាក់នៅក្រុងយេរូសាឡិមវិញ ដោយសុខសាន្ត។ ខណៈនោះ យេហ៊ូវ កូនហាណានី ជាហោរា ក៏ចេញទៅទទួលទ្រង់ទូលថា៖ «តើគួរគប្បីឲ្យទ្រង់បានទៅជួយមនុស្សអាក្រក់ ហើយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ព្រះយេហូវ៉ាឬ? ដោយព្រោះហេតុនេះបានជាមានសេចក្ដីក្រេវក្រោធចេញពីចំពោះព្រះយេហូវ៉ា មកលើទ្រង់ហើយ។ ប៉ុន្តែ ឃើញមានសេចក្ដីល្អខ្លះនៅក្នុងទ្រង់ដែរ ដោយទ្រង់បានបំបាត់បង្គោលសក្ការៈ ទាំងប៉ុន្មានចេញពីស្រុកទៅ ហើយបានតាំងព្រះហឫទ័យស្វែងរកព្រះពិតវិញ»។ ព្រះបាទយេហូសាផាតគង់នៅក្រុងយេរូសាឡិម ហើយទ្រង់យាងចេញទៅកណ្ដាលអស់ទាំងពួកជនម្តងទៀត គឺចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ស្រុកភ្នំអេប្រាអិម នាំគេវិលមកឯព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេវិញ។
២ របាក្សត្រ 19:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា វិលមកដល់រាជដំណាក់ នៅក្រុងយេរូសាឡឹមវិញ ដោយសុខសាន្ត។ លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាគ្រូទាយ បានចេញមកជួបព្រះបាទយ៉ូសាផាត ទូលស្ដេចថា៖ «ហេតុដូចម្ដេចបានជាព្រះករុណាជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់ព្រះអម្ចាស់ដូច្នេះ? ដោយព្រះករុណាប្រព្រឹត្តបែបនេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះករុណា។ ប៉ុន្តែ ព្រះករុណាបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺព្រះករុណាបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយព្រះករុណាស្វែងរកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត»។ ព្រះបាទយ៉ូសាផាតគង់នៅក្រុងយេរូសាឡឹម។ បន្ទាប់មក ស្ដេចយាងទៅសួរសុខទុក្ខប្រជារាស្ត្រតាំងពីបៀរសេបាហូតដល់តំបន់ភ្នំអេប្រាអ៊ីម ដើម្បីណែនាំពួកគេឲ្យវិលមករកព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួនវិញ។
២ របាក្សត្រ 19:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯយ៉ូសាផាត ជាស្តេចយូដា ទ្រង់វិលទៅឯដំណាក់ នៅក្រុងយេរូសាឡិមវិញ ដោយសុខសាន្ត ខណនោះ យេហ៊ូវ កូនហាណានី ជាអ្នកមើលឆុត ក៏ចេញទៅទទួលទ្រង់ទូលថា តើគួរគប្បីឲ្យទ្រង់បានទៅជួយមនុស្សអាក្រក់ ហើយស្រឡាញ់ដល់ពួកអ្នក ដែលស្អប់ព្រះយេហូវ៉ាឬអី ដោយព្រោះហេតុនេះបានជាមានសេចក្ដីក្រេវក្រោធចេញពីចំពោះព្រះយេហូវ៉ា មកលើទ្រង់ហើយ ប៉ុន្តែឃើញមានសេចក្ដីល្អខ្លះ នៅក្នុងទ្រង់ដែរ ដោយទ្រង់បានបំបាត់រូបព្រះទាំងប៉ុន្មាន ចេញពីស្រុកទៅ ហើយបានតាំងព្រះទ័យស្វែងរកព្រះពិតវិញ។ យ៉ូសាផាតទ្រង់គង់នៅក្រុងយេរូសាឡិម ហើយទ្រង់យាងចេញទៅកណ្តាលអស់ទាំងពួកជនម្តងទៀត គឺចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ស្រុកភ្នំអេប្រាអិមនាំគេវិលមកឯព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេវិញ