២ របាក្សត្រ 18:1-34

២ របាក្សត្រ 18:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​បាទ​យេ‌ហូសា‌ផាត​មាន​ទ្រព្យ‌សម្បត្តិ និង​កិត្តិ‌យស​ជា​បរិបូរ ហើយ​ស្ដេចបាន​ភ្ជាប់​សម្ព័ន្ធ​វង្ស​ជាមួយ​ព្រះ​បាទ​អ័ហាប់។ លុះ​ក្រោយ​មក​ពីរ​បី​ឆ្នាំ ទ្រង់​យាង​ចុះ​ទៅគាល់​ព្រះបាទ​អ័ហាប់ នៅ​ក្រុង​សា‌ម៉ា‌រី ឯ​ព្រះបាទ​អ័ហាប់​ក៏​សម្លាប់​ចៀម និង​គោ​ជា​បរិបូរ ជប់‌លៀង​ថ្វាយ​ទ្រង់ និង​ពួក​អ្នក​ដែល​ទៅ​ជា​មួយ ក៏​បបួល​ទ្រង់​ឲ្យ​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត។ ព្រះបាទ​អ័ហាប់​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ទូល​នឹង​ព្រះបាទ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា​ថា៖ «តើ​ទ្រង់​ចង់​ទៅ​ក្រុង​រ៉ាម៉ូត-កាឡាត ជា‌មួយ​ទូល‌បង្គំ​ឬ​ទេ?» ទ្រង់​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ ហើយ​ប្រជា‌រាស្ត្រ​របស់​ទូល‌បង្គំ ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែរ យើង​នឹង​នៅ​ជា‌មួយ​ព្រះ​ករុណាក្នុង​ចម្បាំង​នេះ»។ ប៉ុន្តែ ព្រះបាទ​យេ‌ហូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន»។ ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ប្រមូល​ពួក​ហោរា បាន​បួនរយ​នាក់ មក​សួរ​គេ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត ឬ​មិន​ត្រូវ​ទៅ?» គេ​ទូល​ឆ្លើយ​ថា៖ «សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ»។ ប៉ុន្តែ ព្រះបាទ​យេ‌ហូសា‌ផាត​សួរ​ថា៖ «នៅ​ទី​នេះ តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​ពី​គាត់​ដែរ​ទេ​ឬ?» ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា៖ «មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន​ដែរ គឺ​មីកា‌យ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​គាត់ ដ្បិត​គាត់​មិន​ដែល​ថ្លែងទំនាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ថ្លែងទំនាយ​អាក្រក់​ជា​ដរាប​វិញ» ព្រះបាទ​យេ‌ហូសា‌ផាត​ទូល​ថា៖ «សូម​ទ្រង់​កុំ​មាន​រាជ‌ឱង្ការ​ដូច្នេះ​ឡើយ»។ នោះ​ស្តេច​អ៊ីស្រា‌អែល​បាន​ហៅ​មហា‌តលិក​ម្នាក់​មក​បង្គាប់​ថា៖ «ចូរ​ទៅ​នាំ​មីកា‌យ៉ា ជា​កូន​យីមឡា មក​ជា​ប្រញាប់»។ ឯ​ស្តេច​អ៊ីស្រា‌អែល និង​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ‌គង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទី​ធ្លា​នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ នៅ​ចំពោះ​ទ្រង់។ ឯ​សេដេ‌គា ជា​កូន​ក្នាណា បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី ដោយ​ស្នែង​នេះ ដរាប​ដល់​គេ​វិនាស​សូន្យ​ទៅ ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ថ្លែងទំនាយ​ដូច្នោះ​ដែរ​ថា សូម​យាង​ឡើង​ទៅ​ឯ​រ៉ាម៉ូត-កាឡាត ហើយ​មាន​ជ័យ‌ជម្នះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ»។ រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកា‌យ៉ា​មក ក៏​ប្រាប់​គាត់​ថា៖ «មើល៍ ពួក​ហោរា​ទាំង​អស់​សុទ្ធ​តែ​ថ្លែងទំនាយ​ល្អ​ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ដែរ»។ តែ​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ​ឯង»។ ពេល​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ ទ្រង់​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «មីកា‌យ៉ា​អើយ តើ​យើង​ត្រូវ​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់?» គាត់​ទូល​ឡក​ថា៖ «សូម​យាង​ទៅ ហើយ​មាន​ជ័យ‌ជម្នះ​ចុះ ដ្បិត​ព្រះ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ»។ រួច​ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ប្រាប់​ឯង​ប៉ុន្មាន​ដង​ហើយ ឲ្យ​និយាយ​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា»។ ពេល​នោះ មីកាយ៉ា​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ពួក​អ៊ីស្រា‌អែល​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា "ពួក​ទាំង​នេះ​គ្មាន​ចៅ‌ហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ សុខសាន្ត​ចុះ!"»។ ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ទូល​ទៅ​ព្រះបាទ​យេ‌ហូសា‌ផាត​ថា៖ «តើ​ទូល‌បង្គំ​មិន​បាន​ទូល​ដល់​ទ្រង់​ទេ​ឬ​ថា គាត់​មិន​ដែល​ថ្លែងទំនាយ​ល្អ​ពី​ទូល‌បង្គំ​ឡើយ គឺ​ថ្លែងទំនាយ​តែ​អាក្រក់​ម៉្យាង​ប៉ុណ្ណោះ»។ មីកា‌យ៉ា​ទូល​ថា៖ «ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ​ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង​ផង ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "តើ​អ្នក​ណា​នឹង​ចង់​ទៅ បបួល​ឲ្យ​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត?"។ ពេល​នោះ ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ថា​យ៉ាង​នោះ រួច​មាន​វិញ្ញាណ​មួយ​ចេញ​មក ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា "ទូល‌បង្គំ​ចង់​ទៅ" ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា "ចុះ​ឯង​នឹង​ធ្វើ​យ៉ាង​ណា​ទៅ?" វិញ្ញាណ​នោះ​ទូល​ថា "ទូល‌បង្គំ​នឹង​ទៅ​ធ្វើ​ជា​វិញ្ញាណ​ភូត​កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​ទាំង​ប៉ុន្មាន​របស់​ស្តេច"។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "ចូរ​ឯង​ទៅល្បួងគេ​ចុះ ហើយ​ធ្វើ​ដូច្នោះ​ចុះ ឯង​នឹង​ធ្វើ​បាន​សម្រេច"។ ដូច្នេះ មើល៍ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​ដាក់​វិញ្ញាណ​ភូត​កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល សម្ដែង​ពី​សេចក្ដី​អន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា»។ បន្ទាប់​មក សេដេ‌គា ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកា‌យ៉ា​សួរ​ថា៖ «តើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពីខ្លួន​ខ្ញុំ ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ឯង​តាម​ផ្លូវ​ណា?» មីកា‌យ៉ា​ឆ្លើយ​ថា៖ «ចាំ​មើល នៅ​ថ្ងៃ​នោះ ឯង​នឹង​បាន​ឃើញ​ច្បាស់ ក្នុង​កាល​ដែល​ឯង​រត់​ទៅ​ពួន​នៅ​បន្ទប់​ខាង​ក្នុង»។ ស្តេច​អ៊ីស្រា‌អែល​ទ្រង់​បង្គាប់​ថា៖ «ចូរ​នាំ​យក​មីកា‌យ៉ា​ទៅ​ឯ​អាំម៉ូន ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​យ៉ូអាស ជា​បុត្រា​វិញ​ទៅ ហើយ​ប្រាប់​គេ​ថា "ស្ដេច​បង្គាប់​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​នៅ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ង និង​ទឹក​ដ៏​វេទនា ទាល់​តែ​ដល់​វេលា​យើង​មក​វិញ ដោយ​សុខ‌សាន្ត"»។ មីកា‌យ៉ា​ទូល​ថា៖ «បើ​សិន​ណា​ជា​ទ្រង់​ដែល​យាង​មក​វិញ​ដោយ​សុខ‌សាន្ត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ទូល‌បង្គំ​ទេ»។ រួច​គាត់​ថែម​ពាក្យ​នេះ​ថា៖ «ប្រជា​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ»។ ដូច្នេះ ស្តេច​អ៊ីស្រា‌អែល និង​ព្រះបាទ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ក៏​ឡើង​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត ឯ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ទូល​ទៅ​ព្រះបាទ​យេ‌ហូសា‌ផាត​ថា៖ «ទូល‌បង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​សូម​ព្រះ‌ករុណា​ទ្រង់​គ្រឿង​ព្រះ‌ពស្ត្រ‌រាជ្យ​របស់​ទូល‌បង្គំ​វិញ»។ ស្តេច​អ៊ីស្រា‌អែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ។ រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចម្បាំង​ទ្រង់​ថា៖ «កុំ​ត​នឹង​អ្នក​ណា ទោះ​តូច ឬ​ធំ​ក្តី ចូរ​ត​តែ​ស្តេច​អ៊ីស្រា‌អែល​មួយ​ប៉ុណ្ណោះ»។ ដូច្នេះ កាល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​ព្រះបាទ​យេ‌ហូសា‌ផាត គេ​ក៏​នឹក​ថា នេះ​ជា​ស្តេច​អ៊ីស្រា‌អែល​ហើយ គេ​ក៏​បែរ​ទៅ​បម្រុង​ត​នឹង​ទ្រង់ តែ​យេ‌ហូសា‌ផាត​ទ្រង់​ស្រែក​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ក៏​ជួយ បណ្ដាល​ឲ្យ​គេ​ថយ​ចេញ​ពី​ទ្រង់​ទៅ។ កាល​ពួក​មេ‌ទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រា‌អែល​ទេ នោះ​ក៏​លែង​តាម​ត​ទៅ។ តែ​មាន​មនុស្ស​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រា‌អែល ត្រង់​ប្រឡោះ​អាវ​ក្រោះ​របស់​ទ្រង់ ដូច្នេះ ទ្រង់​បង្គាប់​ដល់​អ្នក​បរ​រាជ‌រថ​ទ្រង់​ថា៖ «ចូរ​ញាក់​បង្ហៀរ​ត្រឡប់​រថ​នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ ដ្បិត​យើង​មាន​របួស​ធ្ងន់​ណាស់»។ នៅ​ថ្ងៃ​នោះ ចម្បាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែ ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ផ្អែក​អង្គ​នៅ​ក្នុង​ព្រះ‌រាជ‌រថ តស៊ូ​នឹង​ពួក​ស៊ីរី​រហូត​ដល់​ល្ងាច លុះ​ដល់​ពេល​ប្រហែល​ជា​ថ្ងៃ​លិច ទ្រង់​ក៏​សុគត​ទៅ។

២ របាក្សត្រ 18:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន។ ស្ដេច​បាន​ចង​ស្ពាន‌មេត្រី​នឹង​ព្រះ‌បាទ​អហាប់ តាម​ចំណង​អាពាហ៍‌ពិពាហ៍។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះ‌បាទ​យ៉ូសា‌ផាត​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​អហាប់ នៅ​ក្រុង​សាម៉ារី។ ពេល​នោះ ព្រះ‌បាទ​អហាប់​រៀបចំ​ចៀម និង​គោ​មួយ​ចំនួន​ធំ ដើម្បី​ទទួល​ព្រះ‌បាទ​យ៉ូសា‌ផាត និង​អស់​អ្នក​ដែល​អម​ដំណើរ​ស្ដេច។ ព្រះ‌បាទ​អហាប់​ក៏​បាន​បបួល​ព្រះ‌បាទ​យ៉ូសា‌ផាត ឡើង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ព្រះ‌បាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​តប​វិញ​ថា៖ «ទូលបង្គំ​ក៏​ដូច​ព្រះ‌ករុណា ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា យើង​នឹង​ទៅ​ច្បាំង​រួម​ជា​មួយ​ព្រះ‌ករុណា​ដែរ!»។ ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ទៀត​ថា៖ «ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ទូល​សួរ​ព្រះ‌អម្ចាស់​សិន»។ ស្ដេច​អ៊ីស្រា‌អែល​កោះ​ហៅ​ព្យាការី​ចំនួន​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ ព្រះ‌ជាម្ចាស់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​មិន​ខាន»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ​គ្មាន​ព្យាការី​របស់​ព្រះ‌អម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះអង្គ​ទេ​ឬ?»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «នៅ​មាន​មនុស្ស​ម្នាក់​ទៀត​ដែល​អាច​ទូល​សួរ​ព្រះ‌អម្ចាស់​បាន តែ​ទូលបង្គំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​ឲ្យ​ទូលបង្គំ​ទេ គឺ​គាត់​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​របស់​លោក​យីម‌ឡា»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌ករុណា​កុំ​មាន​រាជ‌ឱង្ការ​បែប​នេះ​ឡើយ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ហៅ​មហា‌តលិក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកា‌យ៉ា ជា​កូន​របស់​លោក​យីម‌ឡា មក​ជា​ប្រញាប់!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុងរឿង គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន គង់​ត្រង់​ព្រលាន​ដែល​នៅ​ទល់​មុខ​ទ្វារ​ក្រុង​សាម៉ារី ព្យាការី​ទាំង​អស់​នាំ​គ្នា​ទស្សន៍‌ទាយ​ថ្វាយ​ស្ដេច។ លោក​សេដេ‌គា​ជា​កូន​របស់​លោក​ក្នាណា​ធ្វើ​ស្នែង​ដែក ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​ស្នែង​ដែក​ទាំង​នេះ អ្នក​នឹង​វាយ​កង‌ទ័ព​ស៊ីរី​ឲ្យ​វិនាស​សូន្យ!»។ ព្យាការី​ទាំង​អស់​ក៏​ទស្សន៍‌ទាយ​បែប​នោះ​ដែរ ពួក​គេ​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ចុះ ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន។ ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ!»។ មហា‌តលិក​ដែល​ស្ដេច​ចាត់​ឲ្យ​ទៅ​តាម​ហៅ​លោក​មីកា‌យ៉ា បាន​ប្រាប់​លោក​ថា៖ «ព្យាការី​ទាំង​អស់​សុទ្ធ​តែ​ទស្សន៍‌ទាយ​ការ​ល្អ​ព្រម​គ្នា ថ្វាយ​ព្រះ‌រាជា ដូច្នេះ សូម​លោក​ទាយ​ការ​ល្អ​ថ្វាយ​ព្រះ‌រាជា​ដូច​គេ​ដែរ​ទៅ!»។ លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ព្រះ​របស់​ខ្ញុំ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។ ពេល​លោក​មក​ដល់ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ថា៖ «មីកា‌យ៉ា​អើយ តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ លោក​មីកា‌យ៉ា​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ទាំង​ពីរ​យាង​ទៅ​ចុះ! ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន! ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ​តើ!»។ ប៉ុន្តែ ស្ដេច​មាន​រាជ‌ឱង្ការ​មក​លោក​វិញ​ថា៖ «តើ​យើង​ត្រូវ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ទៀត​ថា ឲ្យ​អ្នក​និយាយ​តែ​ការ​ពិត​ប្រាប់​យើង ក្នុង​នាម​ព្រះ‌អម្ចាស់?»។ លោក​មីកា‌យ៉ា​ទូល​ថា៖ «ទូលបង្គំ​បាន​ឃើញ​ពល​ទាហាន​អ៊ីស្រា‌អែល ទាំង​មូល​បាក់​ទ័ព រត់​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ ពួក​គេ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម ដែល​គ្មាន​នរណា​ឃ្វាល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អ្នក​ទាំង​នោះ​គ្មាន​មេ​ដឹក​នាំ​ទេ ចូរ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ដោយ​សុខ‌សាន្ត​ចុះ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​ឲ្យ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ!»។ លោក​មីកា‌យ៉ា​ទូល​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ទូលបង្គំ​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​រាជ​បល្ល័ង្ក ហើយ​មាន​កង‌ពល​នៃ​ស្ថាន​បរម‌សុខ​ទាំង​មូល​ឈរ​គាល់​ព្រះអង្គ ទាំង​ឆ្វេង ទាំង​ស្ដាំ​ផង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​ណា​ចង់​ល្បួង​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ឲ្យ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត​នៃ​ស្រុក​កាឡាដ ដើម្បី​ឲ្យ​អហាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។ ពេល​នោះ មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ទូល​ថា “ទូលបង្គំ​នឹង​ទៅ​ល្បួង!” ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្ដេច?”។ វិញ្ញាណ​នោះ​ទូល​ថា “ទូលបង្គំ​នឹង​បណ្ដាល​ចិត្ត​ព្យាការី​ទាំង​អស់​របស់​ស្ដេច ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ​សម្រាប់​ល្បួង​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។ ឥឡូវ​នេះ ព្រះ‌អម្ចាស់​ដាក់​វិញ្ញាណ​ភូត​កុហក ក្នុង​មាត់​ព្យាការី​ទាំង​អស់​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ដាក់​ទោស​ព្រះ‌ករុណា​ឲ្យ​រង​ទុក្ខ​វេទនា​ហើយ»។ ពេល​នោះ លោក​សេដេ‌គា ជា​កូន​របស់​លោក​ក្នាណា​ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកា‌យ៉ា ទាំង​ពោល​ថា៖ «តើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ផ្លូវ​ណា?»។ លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ថ្ងៃ​ដែល​អ្នក​រត់​ទៅ​ពួន នៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​អ្នក នោះ​អ្នក​គង់​តែ​ដឹង​ទេ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាប់​លោក​មីកា‌យ៉ា នាំ​យក​ទៅ​ប្រគល់​ឲ្យ​លោក​អាំម៉ូន ជា​ចៅហ្វាយ​ក្រុង និង​សម្ដេច​យ៉ូអាស ជា​បុត្រ​របស់​យើង​ទៅ! រួច​ប្រាប់​គេ​ថា “ព្រះ‌ករុណា​បញ្ជា​ឲ្យ​យក​មនុស្ស​នេះ​ទៅ​ដាក់​គុក ហើយ​ផ្ដល់​នំបុ័ង និង​ទឹក​បន្តិច‌បន្តួច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ព្រះ‌ករុណា​វិល​មក​ពី​ច្បាំង​វិញ ដោយ​សុខ‌សាន្ត”»។ លោក​មីកា‌យ៉ា​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​ពិត​ជា​យាង​ត្រឡប់​មក​វិញ ដោយ​សុខ‌សាន្ត​មែន​នោះ បាន​សេចក្ដី​ថា ព្រះ‌អម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ទូលបង្គំ​ទេ»។ បន្ទាប់​មក លោក​ពោល​ទៀត​ថា៖ «ប្រជា‌ជន​ទាំង​អស់​គ្នា ចូរ​ស្ដាប់​ចុះ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា នាំ​គ្នា​យាង​ឆ្ពោះ​ទៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «ទូលបង្គំ​នឹង​ក្លែង​ខ្លួន​ជា​ពល​ទាហាន រីឯ​ព្រះ‌ករុណា​វិញ សូម​ទ្រង់​ព្រះ‌ភូសា​យ៉ាង​រុងរឿង​ចុះ!»។ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ក៏​បាន​ក្លែង​ខ្លួន​ជា​ពល​ទាហាន រួច​ស្ដេច​ទាំង​ពីរ​យាង​ចេញ​ទៅ​ច្បាំង។ ស្ដេច​ស្រុក​ស៊ីរី​ចេញ​បញ្ជា​ដល់​មេ​បញ្ជា‌ការ​កង​រទេះ​ចម្បាំង​ថា៖ «មិន​បាច់​ប្រយុទ្ធ​នឹង​ពល​ទាហាន ឬ​នាយ​ទាហាន​ឡើយ ចូរ​ប្រយុទ្ធ​តែ​នឹង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។ កាល​មេ​បញ្ជា‌ការ​រទេះ​ចម្បាំង​ទាំង​នោះ​ឃើញ​ព្រះ‌បាទ​យ៉ូសា‌ផាត ពួក​គេ​ពោល​ថា “នុ៎ះ ស្ដេច​អ៊ីស្រា‌អែល” ពួក​គេ​ក៏​ឡោម‌ព័ទ្ធ ដើម្បី​វាយ​ប្រហារ​ស្ដេច ប៉ុន្តែ ពេល​ព្រះ‌បាទ​យ៉ូសា‌ផាត​ស្រែក​ឡើង។ ព្រះ‌អម្ចាស់​យាង​មក​ជួយ​ស្ដេច ដោយ​ធ្វើ​ឲ្យ​មេ‌ទ័ព​ទាំង​នោះ​ចេញ​ឆ្ងាយ​ពី​ស្ដេច។ ពួក​មេ​បញ្ជា‌ការ​រទេះ​ចម្បាំង​ដឹង​ថា មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទេ ពួក​គេ​ក៏​ឈប់​ដេញ​តាម។ ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់ យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ត្រូវ​ចំ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ត្រង់​ចន្លោះ​អាវ‌ក្រោះ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​បរ​រាជ‌រថ​ថា៖ «ចូរ​បក​ក្រោយ នាំ​យើង​ចេញ​ពី​សមរ‌ភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។ នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្ដេច​អ៊ីស្រា‌អែល​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជ‌រថ​រហូត​ដល់​ល្ងាច ហើយ​ស្ដេច​ក៏​សោយ​ទិវង្គត​នៅ​ពេល​ថ្ងៃ​លិច។

២ របាក្សត្រ 18:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​យ៉ូសា‌ផាត ទ្រង់​មាន​ទ្រព្យ​សម្បត្តិ នឹង​កិត្តិយស​ជា​បរិបូរ ហើយ​ទ្រង់​ក៏​ភ្ជាប់​ពន្ធ​នឹង​អ័ហាប់ លុះ​ក្រោយ​មក​ពីរ​បី​ឆ្នាំ នោះ​ទ្រង់​យាង​ចុះ​ទៅ​ឯ​អ័ហាប់ នៅ​ក្រុង​សា‌ម៉ា‌រី ឯ​អ័ហាប់​ក៏​សំឡាប់​ចៀមនឹង​គោ​ជា​បរិបូរ ជប់‌លៀង​ទ្រង់ នឹង​ពួក​អ្នក​ដែល​តាម​ទ្រង់​ទៅ​ផង ក៏​បបួល​ទ្រង់ ឲ្យ​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត អ័ហាប់​ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ទូល​នឹង​យ៉ូសា‌ផាត ជា​ស្តេច​យូដា​ថា តើ​ទ្រង់​ចង់​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​ទូលបង្គំ​ឬ​ទេ នោះ​ទ្រង់​ទូល​ឆ្លើយ​ថា ទូលបង្គំ​ក៏​ដូច​ជា​ទ្រង់ ហើយ​រាស្ត្រ​របស់​ទូលបង្គំ ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់​ដែរ យើង​រាល់​គ្នា​នឹង​នៅ​ជា​មួយ​នឹង​ទ្រង់ ក្នុង​ចំបាំង​នេះ។ តែ​យ៉ូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រាអែល​ថា សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន ដូច្នេះ ស្តេច​អ៊ីស្រាអែល​ក៏​ប្រមូល​ពួក​ហោរា បាន​៤០០​នាក់ មក​សួរ​គេ​ថា តើ​ត្រូវ​ឲ្យ​យើង​ចេញ​ទៅ​ច្បាំង នឹង​ក្រុង​រ៉ាម៉ូត-កាឡាត​ឬ​ឈប់​ខាន គេ​ទូល​ឆ្លើយ​ថា សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ‌ទ្រង់​នឹង​ប្រគល់​គេ​មក ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ តែ​យ៉ូសា‌ផាត​សួរ​ថា នៅ​ទី​នេះ​តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​ពី​គាត់​ដែរ​ទេ​ឬ​អី ស្តេច​អ៊ីស្រាអែល​ទូល​ឆ្លើយ​ថា មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន​ដែរ គឺ​មីកាយ៉ា ជា​កូន​យីមឡា តែ​ទូលបង្គំ​ស្អប់​វា ដ្បិត​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូលបង្គំ​សោះ គឺ​ចេះ​តែ​ទាយ​អាក្រក់​ជា​ដរាប​វិញ យ៉ូសា‌ផាត​ទូល​ថា សូម​ទ្រង់​កុំ​មាន​បន្ទូល​ដូច្នេះ​ឡើយ នោះ​ស្តេច​អ៊ីស្រាអែល​ទ្រង់​ហៅ​មហា‌តលិក​ម្នាក់​មក​បង្គាប់​ថា ចូរ​ទៅ​នាំ​មីកាយ៉ា ជា​កូន​យីមឡា មក​ជា​ឆាប់ៗ ឯ​ស្តេច​អ៊ីស្រាអែល នឹង​យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ‌គង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទី‌ធ្លា​នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ នៅ​ចំពោះ​ទ្រង់ ឯ​សេដេគា ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី ដោយ​ស្នែង​នេះ ដរាប​ដល់​គេ​វិនាស​សូន្យ​ទៅ ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ទាយ​ដូច្នោះ​ដែរ​ថា សូម​យាង​ឡើង​ទៅ​ឯ​រ៉ាម៉ូត-កាឡាត ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ។ រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកាយ៉ា​មក ក៏​ប្រាប់​គាត់​ថា មើល ពួក​ហោរា​ទាំង​អស់​សុទ្ធ​តែ​ទាយ​ល្អ ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ដែរ តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ​នៃ​ខ្ញុំ​ទ្រង់​មាន​បន្ទូល​មក នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ​ឯង រួច​កាល​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា មីកាយ៉ា​អើយ តើ​ត្រូវ​ឲ្យ​យើង​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គាត់​ទូល​ឡក​ថា សូម​យាង​ទៅ ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ​នឹង​ប្រគល់​គេ​មក ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ រួច​ស្តេច​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្តី​ឯង​ប៉ុន្មាន​ដង​ហើយ ឲ្យ​បាន​និយាយ​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​ឃើញ​ពួក​អ៊ីស្រាអែល​ខ្ចាត់​ខ្ចាយ​ទៅ នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម ដែល​គ្មាន​អ្នក​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា ពួក​ទាំង​នេះ​គ្មាន​ចៅហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្ដី​សុខ​ចុះ ដូច្នេះ ស្តេច​អ៊ីស្រាអែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា តើ​ទូលបង្គំ​មិន​បាន​ទូល​ដល់​ទ្រង់​ទេ​ឬ​អី​ថា វា​មិន​ដែល​ទាយ​ល្អ​ពី​ទូលបង្គំ​ឡើយ គឺ​ទាយ​តែ​អាក្រក់​ម្យ៉ាង​ប៉ុណ្ណោះ នោះ​មីកាយ៉ា​ទូល​ថា ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូលបង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ​ទាំង​ខាង​ស្តាំនឹង​ខាង​ឆ្វេង​ផង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​ណា​នឹង​ចង់​ទៅ បបួល​ឲ្យ​អ័ហាប់ ជា​ស្តេច​អ៊ីស្រាអែល ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ រួច​មាន​វិញ្ញាណ​១​ចេញ​មក ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា ទូលបង្គំ​ចង់​ទៅ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ថា ចុះ​ឯង​នឹង​ធ្វើ​យ៉ាង​ណា​ទៅ វិញ្ញាណ​នោះ​ទូល​ថា ទូលបង្គំ​នឹង​ទៅ​ធ្វើ​ជា​វិញ្ញាណ​ភូត‌កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ចុះ ឯង​នឹង​បបួល​វា​ឲ្យ​សំរេច​បាន ដូច្នេះ មើល​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដាក់​វិញ្ញាណ​ភូត‌កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល សំដែង​ពី​សេចក្ដី​អន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា។ លំដាប់​នោះ សេដេគា ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកាយ៉ា សួរ​ថា ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពី​អញ ទៅ​មាន​បន្ទូល​នឹង​ឯង​តាម​ផ្លូវ​ណា នោះ​មីកាយ៉ា​ឆ្លើយ​ថា ចាំ​មើល នៅ​ថ្ងៃ​នោះ ឯង​នឹង​បាន​ឃើញ​ច្បាស់ ក្នុង​កាល​ដែល​ឯង​រត់​ទៅ ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង ស្តេច​អ៊ីស្រាអែល​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​មីកាយ៉ា​ទៅ​ឯ​អាំម៉ូន ជា​ចៅហ្វាយ​ទី​ក្រុង នឹង​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រា​វិញ​ទៅ ហើយ​ប្រាប់​គេ​ថា ស្តេច​ទ្រង់​បង្គាប់​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​នៅ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ងនឹង​ទឹក​ដ៏​វេទនា ទាល់​តែ​ដល់​វេលា​អញ​មក​វិញ ដោយ​សុខ‌សាន្ត មីកាយ៉ា​ទូល​ថា បើ​សិន​ណា​ជា​ទ្រង់​ដែល​យាង​មក​វិញ​ដោយ​សុខ‌សាន្ត​ពិត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​បន្ទូល​ដោយ‌សារ​ទូលបង្គំ​ទេ រួច​គាត់​ថែម​ពាក្យ​នេះ​ថា ឱ​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ។ ដូច្នេះ ស្តេច​អ៊ីស្រាអែល នឹង​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​ឡើង​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត ឯ​ស្តេច​អ៊ីស្រាអែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា ទូលបង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​ព្រះ‌អង្គ សូម​ឲ្យ​ព្រះ‌ករុណា​ទ្រង់​គ្រឿង​ព្រះ‌ពស្ត្រ‌រាជ្យ​របស់​ទ្រង់​វិញ ស្តេច​អ៊ីស្រាអែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចំបាំង​ទ្រង់​ថា កុំ​ឲ្យ​ត​នឹង​អ្នក​ណា ទោះ​តូចឬ​ធំ​ក្តី ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រាអែល​១​ប៉ុណ្ណោះ ដូច្នេះ កាល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​យ៉ូសា‌ផាត គេ​ក៏​នឹក​ថា នេះ​ជា​ស្តេច​អ៊ីស្រាអែល​ហើយ គេ​ក៏​បែរ​ទៅ​បំរុង​ត​នឹង​ទ្រង់ តែ​យ៉ូសា‌ផាត​ទ្រង់​ស្រែក​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ជួយ បណ្តាល​ឲ្យ​គេ​ថយ​ចេញ​ពី​ទ្រង់​ទៅ កាល​ពួក​មេ‌ទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រាអែល​ទេ នោះ​ក៏​លែង​តាម​ត​ទៅ តែ​មាន​មនុស្ស​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រាអែល ត្រង់​ប្រឡោះ​អាវ​ក្រោះ​នៃ​ទ្រង់ ដូច្នេះ ទ្រង់​មាន​បន្ទូល​បង្គាប់​ដល់​អ្នក​បរ​ព្រះ‌រាជ‌រថ​ទ្រង់​ថា ចូរ​ញាក់​បង្ហៀរ​ត្រឡប់​រថ​នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ ដ្បិត​យើង​មាន​របួស​ជា​ទំងន់ នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែស្តេច​អ៊ីស្រាអែល​ទ្រង់​ផ្អែក​អង្គ នៅ​ក្នុង​ព្រះ‌រាជ‌រថ​ទ្រង់ តស៊ូ​នឹង​ពួក​ស៊ីរី ដរាប​ដល់​ល្ងាច លុះ​ដល់​ពេល​ប្រហែល​ជា​ថ្ងៃ​លិច នោះ​ទ្រង់​ក៏​សុគត​ទៅ។