២ របាក្សត្រ 16:1-14
២ របាក្សត្រ 16:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីសាមសិបប្រាំមួយ ក្នុងរជ្ជកាលព្រះបាទអេសា ព្រះបាទប្អាសា ជាស្តេចអ៊ីស្រាអែល បានឡើងមកទាស់នឹងពួកយូដា ស្ដេចសង់ក្រុងរ៉ាម៉ា ដើម្បីកុំឲ្យអ្នកណាចេញចូលទឹកដី របស់ព្រះបាទអេសា ជាស្តេចយូដា។ ដូច្នេះ ព្រះបាទអេសាយកប្រាក់ និងមាសចេញពីឃ្លាំងរបស់ព្រះវិហាររបស់ព្រះយេហូវ៉ា និងពីក្នុងព្រះរាជដំណាក់ផ្ញើទៅឯព្រះបាទបេន-ហាដាដ ជាស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយទូលថា៖ «នេះជាសញ្ញារវាងទូលបង្គំនឹងព្រះករុណា ដូចជាបិតាទូលបង្គំ និងបិតាទ្រង់ដែរ ឥឡូវនេះ ទូលបង្គំផ្ញើប្រាក់ និងមាសមកថ្វាយទ្រង់ សូមទ្រង់ទៅផ្តាច់សញ្ញាដែលទ្រង់បានតាំងនឹងប្អាសាជាស្តេចពួកអ៊ីស្រាអែលចេញ ដើម្បីឲ្យគេថយចេញពីទូលបង្គំទៅ»។ ព្រះបាទបេន-ហាដាដក៏ស្តាប់តាមព្រះបាទអេសា ទ្រង់ចាត់ពួកមេលើពលទ័ពរបស់ទ្រង់ ឲ្យទៅច្បាំងនឹងអស់ទាំងទីក្រុងនៃពួកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-ម៉ែម ព្រមទាំងទីក្រុងដែលសម្រាប់ជាឃ្លាំងទាំងប៉ុន្មាន នៅក្នុងស្រុកណែបថាលីផង។ ពេលព្រះបាទប្អាសាបានឮហើយ ទ្រង់ក៏ឈប់សង់ក្រុងរ៉ាម៉ា ចោលការទាំងនោះទៅ។ រួចព្រះបាទអេសាបាននាំពួកយូដាទាំងអស់ចេញទៅ យកថ្ម និងឈើទាំងប៉ុន្មានពីរ៉ាម៉ា ដែលប្អាសាកំពុងតែសង់ទីក្រុងនោះ ទៅសង់ក្រុងកេបា និងមីសប៉ាវិញ។ នៅពេលនោះ ហាណានី ជាគ្រូទាយ លោកចូលគាល់ព្រះបាទអេសា ជាស្តេចយូដា ទូលថា៖ «ដោយព្រោះទ្រង់បានពឹងដល់ស្តេចស៊ីរី មិនបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ នោះពួកពលទ័ពរបស់ស្តេចស៊ីរី បានរួចពីកណ្ដាប់ព្រះហស្តរបស់ទ្រង់ហើយ។ ឯពួកសាសន៍អេធីអូពី និងពួកលីប៊ី តើគេមិនមែនជាពួកពលយ៉ាងធំ មានទាំងរទេះចម្បាំង និងពលសេះសន្ធឹកទេឬ? ប៉ុន្តែ ដោយព្រោះទ្រង់បានពឹងដល់ព្រះយេហូវ៉ា បានជាព្រះប្រគល់គេមកក្នុងកណ្ដាប់ព្រះហស្តព្រះករុណាវិញ។ ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីសម្ដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់។ ដ្បិតពីនេះទៅមុខ នឹងមានចម្បាំងជានិច្ច»។ ព្រះបាទអេសាមានសេចក្ដីក្រេវក្រោធនឹងគ្រូទាយ ហើយទ្រង់ចាប់ដាក់គុក ព្រោះទ្រង់មានសេចក្ដីឃោរឃៅជាខ្លាំងដោយព្រោះដំណើរនោះ នៅគ្រានោះ ព្រះបាទអេសាក៏សង្កត់សង្កិនប្រជារាស្ត្រខ្លះដែរ។ កិច្ចការទាំងប៉ុន្មានរបស់ព្រះបាទអេសា ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅ ដែលថ្លែងពីពួកស្តេចយូដា និងអ៊ីស្រាអែលហើយ។ ក្នុងឆ្នាំទីសាមសិបប្រាំបួននៃរាជ្យព្រះបាទអេសា ទ្រង់ចាប់ប្រឈួនត្រង់ព្រះបាទាមានអាការៈធ្ងន់ធ្ងរ ប៉ុន្តែ ក្នុងការប្រឈួននោះ ទ្រង់មិនបានស្វែងរកព្រះយេហូវ៉ាទេ គឺបានពឹងដល់ពួកគ្រូពេទ្យវិញ។ ព្រះបាទអេសាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គឺបានសុគតនៅឆ្នាំទីសែសិបមួយ ក្នុងរាជ្យរបស់ព្រះអង្គ។ គេបញ្ចុះសពនៅក្នុងផ្នូររបស់ទ្រង់ ដែលបានដាប់ទុកសម្រាប់ទ្រង់នៅក្នុងក្រុងដាវីឌ ក៏តម្កល់សពនៅទីដែលបានអប់ ហើយមានពេញដោយគ្រឿងក្រអូបផ្សេងៗ ដែលពួកផ្សំគ្រឿងក្រអូបបានធ្វើ តាមវិជ្ជារបស់គេ ហើយគេថ្វាយព្រះភ្លើងដល់ទ្រង់ ជាការគោរពដល់ទ្រង់។
២ របាក្សត្រ 16:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីសាមសិបប្រាំមួយនៃរជ្ជកាលព្រះបាទអេសា ព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដា អាចចេញចូលបាន។ ព្រះបាទអេសាយកមាស ប្រាក់ ពីក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងឃ្លាំងព្រះរាជវាំង ហើយចាត់គេឲ្យយកទៅថ្វាយព្រះបាទបេន-ហាដាឌ ជាស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ដោយទូលថា៖ «ទូលបង្គំសូមចងសម្ពន្ធមិត្តជាមួយព្រះករុណា ដូចបិតារបស់ទូលបង្គំបានចងជាមួយបិតារបស់ព្រះករុណាដែរ។ ទូលបង្គំសូមផ្ញើមាស និងប្រាក់នេះ មកថ្វាយព្រះករុណា។ សូមព្រះករុណាផ្ដាច់ចំណងសម្ពន្ធមិត្តជាមួយបាសា ជាស្ដេចស្រុកអ៊ីស្រាអែលទៅ ដើម្បីកុំឲ្យស្ដេចនោះឡើងមកវាយទូលបង្គំទៀត»។ ព្រះបាទបេនហាដាឌយល់ព្រមតាមសំណូមពររបស់ព្រះបាទអេសា ហើយចាត់មេទ័ពឲ្យទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រាអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-ម៉ែម និងក្រុងទាំងប៉ុន្មាន ព្រមទាំងកន្លែងផ្ទុកស្បៀង នៅស្រុកណែបថាលី។ កាលព្រះបាទបាសាជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា គឺទ្រង់ផ្អាកកិច្ចការទាំងអស់។ ពេលនោះ ព្រះបាទអេសាបានកេណ្ឌជនជាតិយូដាទាំងមូល ឲ្យជញ្ជូនថ្ម និងឈើ ដែលព្រះបាទបាសាប្រើប្រាស់សម្រាប់សង់កំពែងក្រុងរ៉ាម៉ា។ ស្ដេចយកថ្ម និងឈើទាំងនោះទៅសង់កំពែងក្រុងកេបា និងក្រុងមីសប៉ា។ នៅគ្រានោះ លោកហាណានី ជាគ្រូទាយ ចូលទៅគាល់ព្រះបាទអេសា ស្ដេចស្រុកយូដា ទូលថា៖ «ដោយព្រះករុណាពឹងផ្អែកលើស្ដេចស្រុកស៊ីរី គឺពុំបានពឹងផ្អែកលើព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាទេនោះ កងទ័ពរបស់ស្ដេចស្រុកស៊ីរីបានគេចផុតពីកណ្ដាប់ដៃរបស់ព្រះករុណា។ កាលជនជាតិអេត្យូពី និងជនជាតិលីប៊ី លើកទ័ពមកជាមួយគ្នា ទោះបីពួកគេមានពលទ័ព រទេះចម្បាំង និងទ័ពសេះ ច្រើនឥតគណនាក្ដី ក៏ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាដែរ ដ្បិតព្រះករុណាបានពឹងផ្អែកលើព្រះអង្គ។ ព្រះអម្ចាស់រំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ព្រះអង្គ យ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ព្រះករុណាប្រព្រឹត្តដោយគ្មានវិចារណញ្ញាណ។ ដូច្នេះ ចាប់ពីពេលនេះទៅ ព្រះករុណាជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។ ព្រះបាទអេសាខ្ញាល់នឹងគ្រូទាយជាខ្លាំង ទ្រង់ក៏ឲ្យគេយកលោកទៅឃុំឃាំង ដ្បិតពាក្យរបស់លោកបានធ្វើឲ្យទ្រង់ក្រេវក្រោធ។ ក្នុងពេលជាមួយគ្នានោះ ព្រះបាទអេសាសង្កត់សង្កិនប្រជាជនមួយចំនួន។ រាជកិច្ចផ្សេងៗរបស់ព្រះបាទអេសា ចាប់ពីដើម រហូតដល់ចុងបញ្ចប់ មានកត់ត្រាទុកនៅក្នុងក្រាំងរបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រាអែល។ នៅឆ្នាំទីសាមសិបប្រាំបួននៃរជ្ជកាលរបស់ស្ដេច ទ្រង់កើតរោគាយ៉ាងធ្ងន់នៅព្រះបាទា ប៉ុន្តែ ទោះបីទ្រង់ប្រឈួនយ៉ាងនេះក្ដី ក៏ទ្រង់ពុំបានទូលអង្វរសូមព្រះអម្ចាស់ជួយដែរ គឺទ្រង់បែរជារកគ្រូពេទ្យព្យាបាលទៅវិញ។ ព្រះបាទអេសាសោយទិវង្គត ទៅជួបជុំនឹងពួកអយ្យកោ នៅឆ្នាំទីសែសិបមួយនៃរជ្ជកាលរបស់ស្ដេច។ គេយកសពទៅបញ្ចុះក្នុងផ្នូរមួយ ដែលទ្រង់បានឲ្យគេជីកនៅបុរីព្រះបាទដាវីឌ។ គេតម្កល់សពរបស់ស្ដេចលើគ្រែមួយ ដោយមានអប់គ្រឿងក្រអូបដែលរៀបចំឡើង តាមក្បួនតម្រារបស់អ្នកអប់សព ហើយគេក៏បានដុតគ្រឿងក្រអូបយ៉ាងច្រើន ដើម្បីទុកជាគារវកិច្ចចំពោះស្ដេច។
២ របាក្សត្រ 16:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលដល់ឆ្នាំទី៣៦ ក្នុងរាជ្យអេសា នោះប្អាសា ជាស្តេចអ៊ីស្រាអែល ក៏ឡើងមកទាស់នឹងពួកយូដា ទ្រង់សង់ក្រុងរ៉ាម៉ា ដើម្បីឃាត់មិនឲ្យអ្នកណាចេញចូលទៅឯអេសា ជាស្តេចយូដាឡើយ ដូច្នេះ អេសាទ្រង់យកប្រាក់នឹងមាស ចេញពីឃ្លាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ា នឹងពីក្នុងព្រះរាជដំណាក់ ផ្ញើទៅឯបេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ដែលនៅឯក្រុងដាម៉ាស ដោយបន្ទូលថា ទូលបង្គំ នឹងទ្រង់បានចុះសញ្ញានឹងគ្នាហើយ ដូចជាបិតាទូលបង្គំ នឹងព្រះបិតានៃទ្រង់ដែរ ឥឡូវនេះ មើល ទូលបង្គំផ្ញើប្រាក់នឹងមាសមកថ្វាយទ្រង់ សូមឲ្យទ្រង់ទៅផ្តាច់សញ្ញាដែលទ្រង់បានតាំងនឹងប្អាសា ជាស្តេចពួកអ៊ីស្រាអែលចេញ ដើម្បីឲ្យគេថយចេញពីទូលបង្គំទៅ បេន-ហាដាឌ់ក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកមេលើពលទ័ពរបស់ទ្រង់ ឲ្យទៅច្បាំងនឹងអស់ទាំងទីក្រុងនៃពួកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ នឹងក្រុងអេបិល-ម៉ែម ព្រមទាំងទីក្រុងដែលសំរាប់ជាឃ្លាំងទាំងប៉ុន្មាន នៅក្នុងស្រុកណែបថាលីផង លុះកាលប្អាសាបានឮហើយ នោះទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ឈប់ចោលការទាំងនោះទៅ រួចស្តេចអេសាទ្រង់នាំពួកយូដាទាំងអស់ចេញទៅ យកថ្មនឹងឈើទាំងប៉ុន្មានពីរ៉ាម៉ា ដែលប្អាសាកំពុងតែសង់ទីក្រុងនោះទៅសង់ក្រុងកេបា នឹងមីសប៉ាវិញ។ នៅវេលានោះ ហាណានី ជាអ្នកមើលឆុត លោកមកឯអេសា ជាស្តេចយូដាទូលថា ដោយព្រោះទ្រង់បានពឹងដល់ស្តេចស៊ីរី មិនបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ នោះពួកពលទ័ពរបស់ស្តេចស៊ីរី បានរួចពីកណ្តាប់ព្រះហស្តទ្រង់ហើយ ឯពួកសាសន៍អេធីអូពី នឹងពួកលីប៊ី តើគេមិនមែនជាពួកពលយ៉ាងធំ មានទាំងរទេះចំបាំង នឹងពលសេះសន្ធឹកទេឬអី ប៉ុន្តែដោយព្រោះទ្រង់បានពឹងដល់ព្រះយេហូវ៉ា បានជាព្រះទ្រង់ប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តព្រះករុណាវិញ ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់ហើយ ដ្បិតពីនេះទៅមុខ នឹងចេះតែមានចំបាំងជានិច្ច នោះអេសាមានសេចក្ដីក្រេវក្រោធនឹងអ្នកមើលឆុត ហើយទ្រង់ចាប់ដាក់គុក ពីព្រោះទ្រង់មានសេចក្ដីឃោរឃៅជាខ្លាំងដោយព្រោះដំណើរនោះ នៅគ្រានោះ អេសាក៏សង្កត់សង្កិនរាស្ត្រខ្លះដែរ។ ហើយមើល ដំណើរទាំងប៉ុន្មានពីអេសា ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅ ដែលថ្លែងពីពួកស្តេចយូដា នឹងអ៊ីស្រាអែលហើយ រីឯក្នុងឆ្នាំទី៣៩នៃរាជ្យអេសា នោះទ្រង់ចាប់ប្រឈួនត្រង់ព្រះបាទ មានអាការៈដ៏ធ្ងន់ ប៉ុន្តែក្នុងការប្រឈួននោះ ទ្រង់មិនបានស្វែងរកព្រះយេហូវ៉ាទេ គឺបានរកពឹងដល់ពួកគ្រូពេទ្យវិញ អេសាក៏ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ទៅ គឺបានសុគតនៅឆ្នាំទី៤១ ក្នុងរាជ្យរបស់ទ្រង់ គេបញ្ចុះសព នៅក្នុងផ្នូររបស់ទ្រង់ ដែលបានដាប់ទុកសំរាប់ទ្រង់នៅក្នុងក្រុងដាវីឌ ក៏ដំកល់សពនៅទីដែលបានអប់ ហើយមានពេញដោយគ្រឿងក្រអូបផ្សេងៗ ដែលពួកផ្សំគ្រឿងក្រអូបបានធ្វើ តាមវិជ្ជារបស់គេ ហើយគេថ្វាយព្រះភ្លើងដល់ទ្រង់ ជាការយ៉ាងធំ។