២ របាក្សត្រ 16:1-10

២ របាក្សត្រ 16:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទី​សាម​សិប​ប្រាំ​មួយ ក្នុង​រជ្ជកាល​ព្រះ​បាទ​អេសា ព្រះ​បាទ​ប្អាសា ជា​ស្តេច​អ៊ីស្រា‌អែល បាន​ឡើង​មក​ទាស់​នឹង​ពួក​យូដា ស្ដេច​សង់​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ចេញ​ចូល​ទឹក​ដី របស់​ព្រះ​បាទ​អេសា ជា​ស្តេច​យូដា។ ដូច្នេះ ព្រះបាទ​អេសា​យក​ប្រាក់ និង​មាស​ចេញ​ពី​ឃ្លាំង​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ពី​ក្នុង​ព្រះ‌រាជ‌ដំណាក់​ផ្ញើ​ទៅ​ឯ​ព្រះបាទ​បេន-ហាដាដ ជា​ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ទូល​ថា៖ «នេះ​ជា​សញ្ញា​រវាង​ទូល​បង្គំ​នឹង​ព្រះករុណា ដូច​ជា​បិតា​ទូល‌បង្គំ និង​បិតា​ទ្រង់​ដែរ ឥឡូវ​នេះ ទូល‌បង្គំ​ផ្ញើ​ប្រាក់ និង​មាស​មក​ថ្វាយ​ទ្រង់ សូម​ទ្រង់​ទៅ​ផ្តាច់​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​ប្អាសា​ជា​ស្តេច​ពួក​អ៊ីស្រា‌អែល​ចេញ ដើម្បី​ឲ្យ​គេ​ថយ​ចេញ​ពី​ទូល‌បង្គំ​ទៅ»។ ព្រះបាទ​បេន-ហាដាដ​ក៏​ស្តាប់​តាម​ព្រះបាទ​អេសា ទ្រង់​ចាត់​ពួក​មេ​លើ​ពល‌ទ័ព​របស់​ទ្រង់ ឲ្យ​ទៅ​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ពួក​អ៊ីស្រា‌អែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ និង​ក្រុង​អេបិល-ម៉ែម ព្រម​ទាំង​ទី​ក្រុង​ដែល​សម្រាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ណែប‌ថា‌លី​ផង។ ពេល​ព្រះបាទ​ប្អាសា​បាន​ឮ​ហើយ ទ្រង់​ក៏​ឈប់​សង់​ក្រុង​រ៉ាម៉ា ចោល​ការ​ទាំង​នោះ​ទៅ។ រួច​ព្រះបាទ​អេសា​បាន​នាំ​ពួក​យូដា​ទាំង​អស់​ចេញ​ទៅ យក​ថ្ម និង​ឈើ​ទាំង​ប៉ុន្មាន​ពី​រ៉ាម៉ា ដែល​ប្អាសា​កំពុង​តែ​សង់​ទី​ក្រុង​នោះ ទៅ​សង់​ក្រុង​កេបា និង​មីស‌ប៉ា​វិញ។ នៅ​ពេល​នោះ ហាណា‌នី ជា​គ្រូ​ទាយ លោក​ចូល​គាល់​ព្រះបាទ​អេសា ជា​ស្តេច​យូដា ទូល​ថា៖ «ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ស្តេច​ស៊ីរី មិន​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ នោះ​ពួក​ពល‌ទ័ព​របស់​ស្តេច​ស៊ីរី បាន​រួច​ពី​កណ្ដាប់​ព្រះ‌ហស្ត​របស់​ទ្រង់​ហើយ។ ឯ​ពួក​សាសន៍​អេធី‌អូពី និង​ពួក​លីប៊ី តើ​គេ​មិន​មែន​ជា​ពួក​ពល​យ៉ាង​ធំ មាន​ទាំង​រទេះ​ចម្បាំង និង​ពល​សេះ​សន្ធឹក​ទេ​ឬ? ប៉ុន្តែ ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​ព្រះ​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​ព្រះ‌ករុណា​វិញ។ ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​សម្ដែង​ព្រះ‌ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់។ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​ចម្បាំង​ជា‌និច្ច»។ ព្រះបាទ​អេសា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​នឹង​គ្រូទាយ ហើយ​ទ្រង់​ចាប់​ដាក់​គុក ព្រោះ​ទ្រង់​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង​ដោយ​ព្រោះ​ដំណើរ​នោះ នៅ​គ្រា​នោះ ព្រះបាទ​អេសា​ក៏​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​ខ្លះ​ដែរ។

២ របាក្សត្រ 16:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អេ‌សា ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំ‌វិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​របស់​ព្រះ‌បាទ​អេ‌សា ជា​ស្ដេច​ស្រុក​យូដា អាច​ចេញ​ចូល​បាន។ ព្រះ‌បាទ​អេ‌សា​យក​មាស ប្រាក់ ពី​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌វាំង ហើយ​ចាត់​គេ​ឲ្យ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​បេន-‌ហាដាឌ ជា​ស្ដេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស ដោយ​ទូល​ថា៖ «ទូលបង្គំ​សូម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ព្រះ‌ករុណា ដូច​បិតា​របស់​ទូលបង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះ‌ករុណា​ដែរ។ ទូលបង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​ផ្ដាច់​ចំណង​សម្ពន្ធ‌មិត្ត​ជា​មួយ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​កុំ​ឲ្យ​ស្ដេច​នោះ​ឡើង​មក​វាយ​ទូលបង្គំ​ទៀត»។ ព្រះ‌បាទ​បេន‌ហាដាឌ​យល់​ព្រម​តាម​សំណូម​ពរ​របស់​ព្រះ‌បាទ​អេ‌សា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រា‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌ម៉ែម និង​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​កន្លែង​ផ្ទុក​ស្បៀង នៅ​ស្រុក​ណែប‌ថាលី។ កាល​ព្រះ‌បាទ​បាសា​ជ្រាប​ពី​ដំណឹង​នេះ ទ្រង់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា គឺ​ទ្រង់​ផ្អាក​កិច្ចការ​ទាំង​អស់។ ពេល​នោះ ព្រះ‌បាទ​អេ‌សា​បាន​កេណ្ឌ​ជន‌ជាតិ​យូដា​ទាំង​មូល ឲ្យ​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះ‌បាទ​បាសា​ប្រើ‌ប្រាស់​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ស្ដេច​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា និង​ក្រុង​មីស‌ប៉ា។ នៅ​គ្រា​នោះ លោក​ហាណា‌នី ជា​គ្រូ​ទាយ ចូល​ទៅ​គាល់​ព្រះ‌បាទ​អេ‌សា ស្ដេច​ស្រុក​យូដា ទូល​ថា៖ «ដោយ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​ស្ដេច​ស្រុក​ស៊ីរី គឺ​ពុំ​បាន​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ទេ​នោះ កង‌ទ័ព​របស់​ស្ដេច​ស្រុក​ស៊ីរី​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា។ កាល​ជន‌ជាតិ​អេត្យូ‌ពី និង​ជន‌ជាតិ​លីប៊ី លើក​ទ័ព​មក​ជា​មួយ​គ្នា ទោះ​បី​ពួក​គេ​មាន​ពល​ទ័ព រទេះ​ចម្បាំង និង​ទ័ព​សេះ ច្រើន​ឥត​គណនា​ក្ដី ក៏​ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ដែរ ដ្បិត​ព្រះ‌ករុណា​បាន​ពឹង​ផ្អែក​លើ​ព្រះអង្គ។ ព្រះ‌អម្ចាស់​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ព្រះ‌ករុណា​ប្រព្រឹត្ត​ដោយ​គ្មាន​វិចារណ‌ញ្ញាណ។ ដូច្នេះ ចាប់​ពី​ពេល​នេះ​ទៅ ព្រះ‌ករុណា​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជានិច្ច»។ ព្រះ‌បាទ​អេ‌សា​ខ្ញាល់​នឹង​គ្រូ​ទាយ​ជា​ខ្លាំង ទ្រង់​ក៏​ឲ្យ​គេ​យក​លោក​ទៅ​ឃុំ‌ឃាំង ដ្បិត​ពាក្យ​របស់​លោក​បាន​ធ្វើ​ឲ្យ​ទ្រង់​ក្រេវ‌ក្រោធ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ព្រះ‌បាទ​អេ‌សា​សង្កត់‌សង្កិន​ប្រជា‌ជន​មួយ​ចំនួន។

២ របាក្សត្រ 16:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ដល់​ឆ្នាំ​ទី​៣៦ ក្នុង​រាជ្យ​អេសា នោះ​ប្អាសា ជា​ស្តេច​អ៊ីស្រាអែល ក៏​ឡើង​មក​ទាស់​នឹង​ពួក​យូដា ទ្រង់​សង់​ក្រុង​រ៉ាម៉ា ដើម្បី​ឃាត់​មិន​ឲ្យ​អ្នក​ណា​ចេញ​ចូល​ទៅ​ឯ​អេសា ជា​ស្តេច​យូដា​ឡើយ ដូច្នេះ អេសា​ទ្រង់​យក​ប្រាក់នឹង​មាស ចេញ​ពី​ឃ្លាំង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ពី​ក្នុង​ព្រះ‌រាជ‌ដំណាក់ ផ្ញើ​ទៅ​ឯ​បេន-ហា‌ដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ឯ​ក្រុង​ដាម៉ាស ដោយ​បន្ទូល​ថា ទូលបង្គំ នឹង​ទ្រង់​បាន​ចុះ​សញ្ញា​នឹង​គ្នា​ហើយ ដូច​ជា​បិតា​ទូលបង្គំ នឹង​ព្រះ‌បិតា​នៃ​ទ្រង់​ដែរ ឥឡូវ​នេះ មើល ទូលបង្គំ​ផ្ញើ​ប្រាក់នឹង​មាស​មក​ថ្វាយ​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​ប្អាសា ជា​ស្តេច​ពួក​អ៊ីស្រាអែល​ចេញ ដើម្បី​ឲ្យ​គេ​ថយ​ចេញ​ពី​ទូលបង្គំ​ទៅ បេន-ហា‌ដាឌ់​ក៏​ស្តាប់​តាម​ស្តេច​អេសា ទ្រង់​ចាត់​ពួក​មេ​លើ​ពល‌ទ័ព​របស់​ទ្រង់ ឲ្យ​ទៅ​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ពួក​អ៊ីស្រាអែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ នឹង​ក្រុង​អេបិល-ម៉ែម ព្រម​ទាំង​ទី​ក្រុង​ដែល​សំរាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ណែប‌ថាលី​ផង លុះ​កាល​ប្អាសា​បាន​ឮ​ហើយ នោះ​ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ឈប់​ចោល​ការ​ទាំង​នោះ​ទៅ រួច​ស្តេច​អេសា​ទ្រង់​នាំ​ពួក​យូដា​ទាំង​អស់​ចេញ​ទៅ យក​ថ្មនឹង​ឈើ​ទាំង​ប៉ុន្មាន​ពី​រ៉ាម៉ា ដែល​ប្អាសា​កំពុង​តែ​សង់​ទី​ក្រុង​នោះ​ទៅ​សង់​ក្រុង​កេបា នឹង​មីសប៉ា​វិញ។ នៅ​វេលា​នោះ ហាណានី ជា​អ្នក​មើល‌ឆុត លោក​មក​ឯ​អេសា ជា​ស្តេច​យូដា​ទូល​ថា ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ស្តេច​ស៊ីរី មិន​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ នោះ​ពួក​ពល‌ទ័ព​របស់​ស្តេច​ស៊ីរី បាន​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​ទ្រង់​ហើយ ឯ​ពួក​សាសន៍​អេធី‌អូពី នឹង​ពួក​លីប៊ី តើ​គេ​មិន​មែន​ជា​ពួក​ពល​យ៉ាង​ធំ មាន​ទាំង​រទេះ​ចំបាំង នឹង​ពល​សេះ​សន្ធឹក​ទេ​ឬ​អី ប៉ុន្តែដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​ព្រះ‌ករុណា​វិញ ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំដែង​ព្រះ‌ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ទ្រង់ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់ហើយ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​ចេះ​តែ​មាន​ចំបាំង​ជានិច្ច នោះ​អេសា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​នឹង​អ្នក​មើល‌ឆុត ហើយ​ទ្រង់​ចាប់​ដាក់​គុក ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង​ដោយ​ព្រោះ​ដំណើរ​នោះ នៅ​គ្រា​នោះ អេសា​ក៏​សង្កត់‌សង្កិន​រាស្ត្រ​ខ្លះ​ដែរ។