២ របាក្សត្រ 14:1-5

២ របាក្សត្រ 14:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​អ័ប៊ីយ៉ា​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អេសា​ជា​បុត្រា ឡើង​សោយ‌រាជ្យជំនួស​បិតា ហើយ​នៅ​ក្នុង​រាជ្យ​របស់​ទ្រង់ នោះ​ស្រុក​បាន​ស្ងៀម​ស្ងប់​អស់​ដប់​ឆ្នាំ។ ឯ​ព្រះ‌បាទ​អេសា​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់។ ដ្បិត​ទ្រង់​បំបាត់​អស់​ទាំង​អាស‌នា​ដទៃ និង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​អស់ ក៏​បំបាក់​បំបែក​ស្ដូប​ដែល​សម្រាប់​គោរព ហើយ​កាប់​រំលំ​បង្គោល​សក្ការៈ ។ ទ្រង់​ក៏​បង្គាប់​ដល់​ពួក​យូដា ឲ្យ​គេ​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែរ ទ្រង់​បំបាត់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន និង​រូប​ព្រះ‌អាទិត្យ​ពី​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា នោះ​នគរ​បាន​ស្ងៀម​ស្ងប់នៅ​ចំពោះ​ទ្រង់។

២ របាក្សត្រ 14:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌បាទ​អប៊ី‌យ៉ា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អេ‌សា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ដប់​ឆ្នាំ។ ព្រះ‌បាទ​អេ‌សា​ប្រព្រឹត្ត​អំពើ​សុចរិត និង​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច។ ស្ដេច​បាន​លុប​បំបាត់​អាសនៈ​របស់​សាសន៍​ដទៃ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ ស្ដេច​បាន​វាយ​បំបាក់​រូប​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា។ ស្ដេច​បាន​ប្រាប់​ជន‌ជាតិ​យូដា​ឲ្យ​ស្វែង​រកព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន ព្រម​ទាំង​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​របស់​ព្រះអង្គ​ផង។ ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ។

២ របាក្សត្រ 14:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ័ប៊ីយ៉ា​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អេសា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ ជំនួស​ព្រះ‌បិតា ហើយ​នៅ​ក្នុង​រាជ្យ​របស់​ទ្រង់ នោះ​ស្រុក​បាន​ស្ងៀម​ស្ងប់​អស់​១០​ឆ្នាំ។ ឯ​អេសា​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បំបាត់​អស់​ទាំង​អាសនា​ដទៃ នឹង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​សូន្យ​ចេញ ក៏​បំបាក់​បំបែក​បង្គោល​ថ្ម​ដែល​សំរាប់​គោរព ហើយ​កាប់​រំលំ​រូប​ព្រះ​បង់ ទ្រង់​ក៏​បង្គាប់​ដល់​ពួក​យូដា ឲ្យ​គេ​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដែរ ទ្រង់​បំបាត់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នឹង​រូប​ព្រះ‌អាទិត្យ ពី​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ចេញ នោះ​នគរ​បាន​ស្ងៀម​ស្ងប់ នៅ​ចំពោះ​ទ្រង់