២ របាក្សត្រ 14:1-15

២ របាក្សត្រ 14:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​អ័ប៊ីយ៉ា​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អេសា​ជា​បុត្រា ឡើង​សោយ‌រាជ្យជំនួស​បិតា ហើយ​នៅ​ក្នុង​រាជ្យ​របស់​ទ្រង់ នោះ​ស្រុក​បាន​ស្ងៀម​ស្ងប់​អស់​ដប់​ឆ្នាំ។ ឯ​ព្រះ‌បាទ​អេសា​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់។ ដ្បិត​ទ្រង់​បំបាត់​អស់​ទាំង​អាស‌នា​ដទៃ និង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​អស់ ក៏​បំបាក់​បំបែក​ស្ដូប​ដែល​សម្រាប់​គោរព ហើយ​កាប់​រំលំ​បង្គោល​សក្ការៈ ។ ទ្រង់​ក៏​បង្គាប់​ដល់​ពួក​យូដា ឲ្យ​គេ​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែរ ទ្រង់​បំបាត់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន និង​រូប​ព្រះ‌អាទិត្យ​ពី​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា នោះ​នគរ​បាន​ស្ងៀម​ស្ងប់នៅ​ចំពោះ​ទ្រង់។ គ្រា​នោះ ទ្រង់​សង់​ទី​ក្រុង​មាន​បន្ទាយ​នៅ​ក្នុង​ស្រុក​យូដា ដ្បិត​ស្រុក​បាន​ស្ងៀម​ស្ងប់ ឥត​មាន​ចម្បាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​នោះ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត។ ដូច្នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ពួក​យូដា​ថា៖ «ចូរ​យើង​សង់​ទី​ក្រុង​ទាំង​នេះ ហើយ​ធ្វើ​កំផែង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ប៉ម ទ្វារ និង​រនុក​ផង ក្នុង​ពេល​ដែល​គ្មាន​អ្វី​ឃាត់​ឃាំង​នៅ​មុខ​យើង​ក្នុង​ស្រុក ដ្បិត​យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំ‌វិញ»។ ដូច្នេះ គេ​ក៏​សង់ ហើយ​ចេះ​តែ​ចម្រើន​ឡើង។ អេសា​មាន​ពួក​ពល‌ទ័ព​ដែល​កាន់​ខែល និង​លំពែង​បី​សែន​នាក់ ជា​ពួក​យូដា ហើយ​ពីរ​សែន​ប្រាំបី​ម៉ឺន​នាក់ ជា​ពួក​បេនយ៉ាមីន ដែល​កាន់​ខែល និង​បាញ់​ធ្នូ សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន។ នៅ​គ្រា​នោះ សេរ៉ាស ជា​សាសន៍​អេធី‌អូពី បាន​លើក​ទ័ព​មួយ​លាន​នាក់ និង​រទេះ​ចម្បាំងបីរយ ចេញ​មក​ទាស់​នឹង​ពួក​យូដា ក៏​មក​ដល់​ក្រុង​ម៉ារី‌សា។ ដូច្នេះ ព្រះ​បាទ​អេសាក៏​ចេញ​ទៅ​ត​ទល់​នឹង​គេ ក៏​តម្រៀប​គ្នា ដើម្បី​ច្បាំង​នៅ​ក្នុង​ច្រក​ភ្នំ​សេផា‌ថា ត្រង់​ក្រុង​ម៉ារី‌សា។ ព្រះបាទ​អេសា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ការ​ជួយ​ឲ្យ​មាន​ជ័យ‌ជម្នះ​ដល់​ពួក​មាន​គ្នា​ច្រើន ឬ​ដល់​ពួក​កំសោយ នោះ​ស្រេច​នៅ​លើ​ព្រះ‌អង្គ​ទេ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង គឺ​ដោយ​នៅ​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ព្រះ‌អង្គ​ឡើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​វាយ​ពួក​សាសន៍​អេធី‌អូពី នៅ​ចំពោះ​អេសា និង​ពួក​សាសន៍​យូដា ឲ្យពួក​សាសន៍​អេធី‌អូពី បាក់​ទ័ព​រត់​ទៅ។ រួច​អេសា និង​ពួក​ពល​ដែល​នៅ​ជា‌មួយ ក៏​ដេញ​តាម​ទៅរហូត​ដល់​ក្រុង​កេរ៉ា ហើយ​ពួក​សាសន៍​អេធី‌អូពី ដួល​ស្លាប់​ជា​ច្រើន បាន​ជា​គេ​ងើប​ឡើង ឲ្យ​មាន​កម្លាំង​ទៀត​មិន​បាន ព្រោះ​គេ​ត្រូវ​បាក់​បែក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ចំពោះ​ពល‌ទ័ព​របស់​ព្រះ‌អង្គ។ កង​ទ័ព​យូដា ក៏​រឹប​អូស​យក​បាន​ជ័យ‌ភណ្ឌ​យ៉ាង​សន្ធឹក។ វាយ​អស់​ទាំង​ទី​ក្រុង នៅ​ជុំ‌វិញ​ក្រុង​កេរ៉ា​ដែរ ព្រោះ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​ព្រះ‌យេហូវ៉ា បាន​គ្រប​សង្កត់​លើ​ពួក​ក្រុង​ទាំង​នោះ ពួក​យូដា​ក៏​ប្លន់​ទី​ក្រុង​ទាំង​នោះ យក​បាន​របស់​យ៉ាង​សន្ធឹក ហើយ​វាយ​ទាំង​រោង​សត្វ នាំ​យក​បាន​ចៀម​ជា​បរិបូរ ព្រម​ទាំង​អូដ្ឋ​ផង រួច​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

២ របាក្សត្រ 14:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌បាទ​អប៊ី‌យ៉ា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អេ‌សា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ដប់​ឆ្នាំ។ ព្រះ‌បាទ​អេ‌សា​ប្រព្រឹត្ត​អំពើ​សុចរិត និង​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច។ ស្ដេច​បាន​លុប​បំបាត់​អាសនៈ​របស់​សាសន៍​ដទៃ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ ស្ដេច​បាន​វាយ​បំបាក់​រូប​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា។ ស្ដេច​បាន​ប្រាប់​ជន‌ជាតិ​យូដា​ឲ្យ​ស្វែង​រកព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន ព្រម​ទាំង​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​របស់​ព្រះអង្គ​ផង។ ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ។ ស្ដេច​បាន​សង់​ក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា ព្រោះ​ស្រុក​បាន​សាន្ត​ត្រាណ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ស្រុក​គ្មាន​សង្គ្រាម​ទេ ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​សុខ​សន្តិ‌ភាព។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​យូដា​ថា៖ «ចូរ​នាំ​គ្នា​សង់​ក្រុង​ទាំង​នេះ ហើយ​ធ្វើ​កំពែង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ប៉ម ទ្វារ និង​រនុក ក្នុង​ពេល​ដែល​ស្រុក​នៅ​សុខ‌សាន្ត‌ត្រាណ។ យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ព្រោះ​តែ​យើង​ស្វែង​រក​ហើយ ទើប​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យើង​បាន​សុខ‌សាន្ត គ្រប់​ទិស‌ទី»។ ដូច្នេះ ពួក​គេ​សង់​ក្រុង​នានា​បាន​សម្រេច​ជា​ស្ថាពរ។ ព្រះ‌បាទ​អេ‌សា​មាន​ទ័ព​ចំនួន ៣០០ ០០០​នាក់ ដែល​ជា​អ្នក​ស្រុក​យូដា ប្រដាប់​ដោយ​ខែល​ធំ និង​លំពែង ហើយ​២៨០ ០០០នាក់​ទៀត ជា​អ្នក​ស្រុក​បេន‌យ៉ាមីន ប្រដាប់​ដោយ​ខែល​តូច និង​ជំនាញ​ខាង​បាញ់​ធ្នូ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច។ នៅ​គ្រា​នោះ ព្រះ‌បាទ​សេ‌រ៉ាស ជា​ស្ដេច​ស្រុក​អេត្យូ‌ពី បាន​លើក​ទ័ព​ចំនួន​មួយ​លាន​នាក់ ព្រម​ទាំង​រទេះ​ចម្បាំង​បី​រយ​គ្រឿង មក​ច្បាំង​នឹង​កង‌ទ័ព​យូដា ហើយ​មក​ដល់​ក្រុង​ម៉ារី‌សា។ ព្រះ‌បាទ​អេ‌សា​លើក​ទ័ព​ចេញ​មក​តទល់​នឹង​ពួក​គេ ហើយ​កង‌ទ័ព​ទាំង​ពីរ​រៀប​ក្បួន​ទ័ព​ប្រយុទ្ធ​គ្នា នៅ​ជ្រលង​ភ្នំ​សេផា‌ថា ជិត​ក្រុង​ម៉ារី‌សា។ ព្រះ‌បាទ​អេ‌សា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច ដោយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​អាច​ជួយ​អ្នក​ទន់​ខ្សោយ ឲ្យ​ត‌តាំង​នឹង​អ្នក​ខ្លាំង​ពូកែ។ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ផង! ដ្បិត​មាន​តែ​ព្រះអង្គ​ទេ ដែល​យើង​ខ្ញុំ​ពឹង​ផ្អែក យើង​ខ្ញុំ​ចេញ​មក​ច្បាំង​នឹង​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ក្នុង​ព្រះ‌នាម​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​នៃ​យើង​ខ្ញុំ សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ព្រះអង្គ​បាន​ឡើយ!»។ ព្រះ‌អម្ចាស់​បាន​វាយ​ជន‌ជាតិ​អេត្យូ‌ពី​ឲ្យ​បាក់​ទ័ព រត់​នៅ​ចំពោះ​មុខ​ព្រះ‌បាទ​អេ‌សា និង​កង‌ទ័ព​យូដា។ ព្រះ‌បាទ​អេ‌សា និង​ពល​ទាហាន​ដែល​នៅ​ជា​មួយ បាន​ដេញ​តាម​ពួក​គេ​រហូត​ដល់​កេរ៉ា។ ទាហាន​អេត្យូ‌ពី​ដួល​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ ដ្បិត​កង‌ទ័ព​នេះ​ត្រូវ​អន្តរាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​នៅ​មុខ​ប្រជា‌ជន​របស់​ព្រះអង្គ។ កង‌ទ័ព​របស់​ព្រះ‌បាទ​អេ‌សា​រឹប​អូស​យក​បាន​ជយ‌ភណ្ឌ​យ៉ាង​ច្រើន។ កង‌ទ័ព​យូដា​ក៏​បាន​វាយ​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ក្រុង​កេរ៉ា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​នោះ​ភ័យ​ខ្លាច​ជា​ខ្លាំង។ កង‌ទ័ព​យូដា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ក្រុង​ទាំង​នោះ ព្រោះ​មាន​ជយ‌ភណ្ឌ​យ៉ាង​ច្រើន។ ពួក​គេ​បាន​វាយ​លុក​ជំរំ​របស់​គង្វាល​ហ្វូង​សត្វ ហើយ​រឹប​អូស​យក​ចៀម និង​អូដ្ឋ​យ៉ាង​ច្រើន។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

២ របាក្សត្រ 14:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ័ប៊ីយ៉ា​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អេសា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ ជំនួស​ព្រះ‌បិតា ហើយ​នៅ​ក្នុង​រាជ្យ​របស់​ទ្រង់ នោះ​ស្រុក​បាន​ស្ងៀម​ស្ងប់​អស់​១០​ឆ្នាំ។ ឯ​អេសា​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បំបាត់​អស់​ទាំង​អាសនា​ដទៃ នឹង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​សូន្យ​ចេញ ក៏​បំបាក់​បំបែក​បង្គោល​ថ្ម​ដែល​សំរាប់​គោរព ហើយ​កាប់​រំលំ​រូប​ព្រះ​បង់ ទ្រង់​ក៏​បង្គាប់​ដល់​ពួក​យូដា ឲ្យ​គេ​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដែរ ទ្រង់​បំបាត់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នឹង​រូប​ព្រះ‌អាទិត្យ ពី​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ចេញ នោះ​នគរ​បាន​ស្ងៀម​ស្ងប់ នៅ​ចំពោះ​ទ្រង់ គ្រា​នោះ​ទ្រង់​សង់​ទី​ក្រុង​មាន​បន្ទាយ នៅ​ក្នុង​ស្រុក​យូដា ដ្បិត​ស្រុក​បាន​ស្ងៀម​ស្ងប់ ឥត​មាន​ចំបាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​នោះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត ដូច្នេះ ទ្រង់​មាន​បន្ទូល​នឹង​ពួក​យូដា​ថា ចូរ​យើង​សង់​ទី​ក្រុង​ទាំង​នេះ​ឡើង ហើយ​ធ្វើ​កំផែង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ប៉ម ទ្វារ នឹង​រនុក​ផង ក្នុង​ពេល​ដែល​គ្មាន​អ្វី​ឃាត់‌ឃាំង​នៅ​មុខ​យើង​ក្នុង​ស្រុក​ឡើយ ដ្បិត​យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង អើ យើង​រាល់​គ្នា​បាន​ស្វែង​រក​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំវិញ ដូច្នេះ គេ​ក៏​សង់​ឡើង ហើយ​បាន​ចំរើន​ផង អេសា​ទ្រង់​មាន​ពួក​ពល‌ទ័ព ដែល​កាន់​ខែលនឹង​លំពែង​៣​សែន​នាក់ ជា​ពួក​យូដា ហើយ​២​សែន​៨​ម៉ឺន​នាក់ ជា​ពួក​បេន‌យ៉ាមីន ដែល​កាន់​ខែលហើយ​បាញ់​ធ្នូ សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន។ នៅ​គ្រា​នោះ សេរ៉ាស ជា​សាសន៍​អេធី‌អូពី ទ្រង់​បាន​លើក​ទ័ព​១​លាន​នាក់ នឹង​រទេះ​ចំបាំង​៣០០ ចេញ​មក​ទាស់​នឹង​ពួក​យូដា ក៏​មក​ដល់​ក្រុង​ម៉ារីសា ដូច្នេះ អេសា​ទ្រង់​ចេញ​ទៅ​ត​ទល់​នឹង​គេ ក៏​ដំរៀប​គ្នា ដើម្បី​ច្បាំង​នៅ​ក្នុង​ច្រក​ភ្នំ​សេផា‌ថា ត្រង់​ក្រុង​ម៉ារីសា ឯ​អេសា​ទ្រង់​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ការ​ជួយ​ឲ្យ​មាន​ជ័យ‌ជំនះ ដល់​ពួក​មាន​គ្នា​ច្រើន ឬ​ដល់​ពួក​កំសោយ នោះ​ស្រេច​នៅ​លើ​ទ្រង់​ទេ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង គឺ​ដោយ​នៅ​តែ​ព្រះ‌នាម​ទ្រង់​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ទ្រង់​ឡើយ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​ពួក​អេធី‌អូពី នៅ​ចំពោះ​អេសា នឹង​ពួក​យូដា ឲ្យ​គេ​បាក់​ទ័ព​រត់​ទៅ រួច​អេសានឹង​ពួក​ពល​ដែល​នៅ​ជា​មួយ ក៏​ដេញ​តាម​ទៅ រហូត​ដល់​ក្រុង​កេរ៉ា ហើយ​ពួក​អេធី‌អូពី គេ​ដួល​ស្លាប់​ជា​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​គេ​ងើប​ឡើង ឲ្យ​មាន​កំឡាំង​ទៀត​មិន​បាន ពី​ព្រោះ​គេ​ត្រូវ​បាក់​បែក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ចំពោះ​ពល‌ទ័ព​របស់​ទ្រង់ ពួក​ខាង​អេសា​ក៏​ចាប់​យក​បាន​របឹប​យ៉ាង​សន្ធឹក ហើយ​វាយ​អស់​ទាំង​ទី​ក្រុង នៅ​ជុំវិញ​ក្រុង​កេរ៉ា​ដែរ ពី​ព្រោះ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​ព្រះ‌យេហូវ៉ា បាន​គ្រប​សង្កត់​លើ​ពួក​ក្រុង​ទាំង​នោះ ពួក​យូដា​ក៏​ប្លន់​ទី​ក្រុង​ទាំង​នោះ យក​បាន​របស់​យ៉ាង​សន្ធឹក ហើយ​វាយ​ទាំង​រោង​សត្វ នាំ​យក​បាន​ចៀម​ជា​បរិបូរ ព្រម​ទាំង​អូដ្ឋ​ផង រួច​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។