២ របាក្សត្រ 1:1-17

២ របាក្សត្រ 1:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ មាន​អំណាច​ក្នុង​រាជ្យ​របស់​ខ្លួន​កាន់​តែ​មាំ‌មួន​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់ស្ដេច​គង់​នៅ​ជា‌មួយ ព្រម​ទាំង​លើក​តម្កើង​ស្ដេច​ឡើង​យ៉ាង​ក្រៃ‌លែង។ ព្រះបាទ​សាឡូម៉ូន​បាន​កោះហៅ​ពួក​អ៊ីស្រា‌អែល ពួក​មេ‌ទ័ព​ធំ​តូច ពួក​ចៅ‌ក្រម និង​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក​គេ។ រួច​ទ្រង់ និង​ក្រុម​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ទៅ​ឯ​ទី​ខ្ពស់ ដែល​នៅ​ត្រង់​ក្រុង​គីបៀន ដ្បិត​ត្រសាល​ជំនុំ​នៃ​ព្រះ ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។ (ប៉ុន្តែ ព្រះ​បាទ​ដាវីឌ​បាន​យក​ហិប​នៃ​ព្រះ​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​កន្លែង​ដែល​ទ្រង់​បាន​រៀបចំទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​មួយ សម្រាប់​ឲ្យ​ហិប​នោះ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ)។ រីឯ​អាស‌នា​លង្ហិន ដែល​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ​បាន​ធ្វើ ក៏​នៅ​មុខ​រោង​ឧបោ‌សថ​របស់​ព្រះ‌យេហូវ៉ា ត្រង់​គីបៀន ហើយ​ព្រះបាទ​សាឡូម៉ូន និង​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​បាន​សង្វាត​រក​អាស‌នា​នោះ។ ទ្រង់​ឡើង​ទៅ​ថ្វាយ​តង្វាយ​ដុត​អស់​មួយ​ពាន់ នៅ​លើ​អាស‌នា​លង្ហិន ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ត្រសាល​ជំនុំ​នោះ។ ក្នុង​ពេល​យប់​នោះ ព្រះ​បាន​លេច​មក​ឲ្យ​ព្រះបាទ​សាឡូម៉ូន​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​សូម​ចុះ តើ​ចង់​ឲ្យ​យើង​ឲ្យ​អ្វី​ដល់​អ្នក?» ព្រះបាទ​សាឡូម៉ូន​ទូល​ឆ្លើយ​ថា៖ «ទ្រង់​បាន​សម្ដែង​សេចក្ដី​សប្បុរស​ជា​ច្រើន​ដល់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទូល‌បង្គំ ក៏​បាន​តាំង​ទូល‌បង្គំ​ឡើង​ជា​ស្តេច​ជំនួស​បិតា​ហើយ។ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ បាន​តាំង​ខ្ជាប់‌ខ្ជួន ដ្បិត​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង ជា​ស្តេច​លើ​សាសន៍​មួយ​មាន​គ្នា​ច្រើន​ដូច​ជា​ធូលី​នៅ​ផែនដី ។ ដូច្នេះ សូម​ប្រោស‌ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា និង​យោបល់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ចេញ​ចូល​នាំ​មុខ​បណ្ដា‌ជន​នេះ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​គ្នា​ច្រើន​យ៉ាង​នេះ​បាន?»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ដោយ​ព្រោះ​អ្នក​បាន​ប្រាថ្នា​ដូច្នេះ នៅ​ក្នុង​ចិត្ត ហើយ​មិន​បាន​សូម​ឲ្យ​បាន​ទ្រព្យ‌សម្បត្តិ ឬ​ធន‌ធាន ឬ​កិត្តិ‌យស ឬ​ការ​ប្រហារ​ជីវិត​នៃ​ពួក​អ្នក​ដែល​ស្អប់​អ្នក ក៏​មិន​បាន​សូម​អាយុ​ឲ្យ​យឺន‌យូរ​ឡើយ គឺ​បាន​សូម​ឲ្យ​មាន​ប្រាជ្ញា និង​យោបល់ ដើម្បី​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង ដែល​យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ។ ដូច្នេះ យើង​នឹង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​យោបល់ ថែម​ទាំង​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ ធន‌ធាន និង​កិត្តិ‌យស​ទៀត ទោះ​បី​ពីមុន ហើយ​ទៅ​មុខ​ទៀត គឺ​គ្មាន​ស្តេច​ណា​បាន​ដូច​នេះ​ឡើយ ក៏​មិន​មាន​ដែរ»។ ដូច្នេះ ព្រះបាទ​សាឡូម៉ូន​ក៏​យាង​ចេញ​ពី ទី​ខ្ពស់ នៅ​ត្រង់​គីបៀន គឺ​ពី​មុខ​ត្រសាល​ជំនុំ មក​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ព្រះ‌អង្គ​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល។ ព្រះបាទ​សាឡូម៉ូន​ប្រមូល​បាន​រទេះ​ចម្បាំង និង​ពល​សេះ មាន​រទេះ​មួយ​ពាន់​បួន​រយ និង​ពល​សេះ​មួយ​ម៉ឺន​ពីរ​ពាន់ ក៏​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ដែល​សម្រាប់​រទេះ​ចម្បាំង ហើយ​នៅ​ជា‌មួយ​ស្តេច​ក្នុង​ក្រុង​យេរូ‌សាឡិម។ ស្ដេច​ធ្វើ​ឲ្យ​ក្រុង​នោះ​មាន​ប្រាក់ និង​មាស​សម្បូរ​ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​សម្បូរ​ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប​ដែរ។ ឯ​សេះ​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​សាឡូម៉ូន នោះ​សុទ្ធ​តែ​មក​ពី​ស្រុក​អេស៊ីព្ទ ពួក​ជំនួញ​របស់​ស្តេច គេ​ទៅ​ទិញ ដឹក‌នាំ​មក​ទាំង​ហ្វូងៗ តាម​តម្លៃ។ គេ​បាន​នាំ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​មក មួយ​តម្លៃ​ជា​ប្រាក់​ប្រាំមួយ​រយ​សេកែល ហើយ​សេះ​មួយ​តម្លៃ​ជា​ប្រាក់​មួយ​រយ​ហាសិប គេ​ក៏​ដឹក​រទេះ​មក​យ៉ាង​នោះ ឲ្យ​ដល់​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត និង​ស្តេច​ស្រុក​ស៊ីរី​ដែរ។

២ របាក្សត្រ 1:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច គង់​នៅ​ជា​មួយ ហើយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​បាន​ខ្ពង់‌ខ្ពស់​ថ្កុំ‌ថ្កើង​បំផុត។ ព្រះ‌បាទ​សាឡូម៉ូន​កោះ​ហៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ពួក​មេ​កង មេ​ក្រុម ចៅ‌ក្រម អ្នក​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ និង​មេ​ក្រុម​គ្រួសារ។ ព្រះ‌បាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទៅ​កាន់​កន្លែង​សក្ការៈ​ទួល​ខ្ពស់​នៅ​គីបៀន ដ្បិត​ព្រះ‌ពន្លា​ជួប​ព្រះ‌ជាម្ចាស់ ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ បាន​សង់​នៅ​វាល​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។ រីឯ​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌បាទ​ដាវីឌ​ដង្ហែ​ពី​ក្រុង​គាយ៉ាត់-‌យារីម មក​តម្កល់​នៅ​កន្លែង​ដែល​ស្ដេច​ត្រៀម​ទុក ក្នុង​ពន្លា​នៅ​ក្រុង​យេរូ‌សាឡឹម។ អាសនៈ​លង្ហិន​ដែល​លោក​បេតសា‌លាល ជា​កូន​របស់​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហើរ បាន​ធ្វើ ក៏​ស្ថិត​នៅ​មុខ​ព្រះ‌ពន្លា​នៅ​គីបៀន​ដែរ។ នៅ​ទី​នោះ ព្រះ‌បាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទូល​សួរ​ព្រះ‌អម្ចាស់។ ព្រះ‌បាទ​សាឡូម៉ូន​ឡើង​ទៅ​កាន់​អាសនៈ​លង្ហិន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​ពន្លា​ជួប​ជា​មួយ​ព្រះអង្គ ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំនួន​មួយ​ពាន់។ នៅ​យប់​នោះ ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ»។ ព្រះ‌បាទ​សាឡូម៉ូន​ទូល​ព្រះ‌ជាម្ចាស់​វិញ​ថា៖ «ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង​ចំពោះ​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​ឲ្យ​ទូលបង្គំ​ឡើង​គ្រង​រាជ្យ​ត​ពី​បិតា​ទៀត។ បពិត្រ​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ ព្រះអង្គ​សម្រេច​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ​ហើយ ដ្បិត​ព្រះអង្គ​បាន​តែង‌តាំង​ទូលបង្គំ​ឲ្យ​គ្រង​រាជ្យ​លើ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា ដូច​ធូលី។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​ឲ្យ​ទូលបង្គំ​ចេះ​ដឹក​នាំ​ប្រជា‌រាស្ត្រ​នេះ។ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដ៏​ច្រើន​របស់​ព្រះអង្គ​បាន?»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «អ្នក​មិន​បាន​ទូល​សូម​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ភាព​ថ្កុំ‌ថ្កើង​រុងរឿង ឬ​ឲ្យ​បច្ចា‌មិត្ត​របស់​អ្នក​ត្រូវ​ស្លាប់ ហើយ​ក៏​មិន​បាន​ទូល​សូម​ឲ្យ​មាន​អាយុ​វែង​ដែរ តែ​អ្នក​ទូល​សូម​ឲ្យ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដែល​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ។ ដោយ​អ្នក​មាន​បំណង​ដូច្នេះ យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង។ លើស​ពី​នេះ យើង​ក៏​ផ្ដល់​ឲ្យ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ភាព​ថ្កុំ‌ថ្កើង​រុងរឿង គ្មាន​ស្ដេច​ណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី»។ ព្រះ‌បាទ​សាឡូម៉ូន​យាង​ពី​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ នៅ​គីបៀន គឺ​ត្រង់​ពន្លា​ជួប​ព្រះ‌អម្ចាស់ វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌បាទ​សាឡូម៉ូន​ប្រមូល​រទេះ​ចម្បាំង និង​ពល​ទ័ព​សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចម្បាំង​ចំនួន​មួយ​ពាន់​បួន​រយ និង​ពល​ទ័ព​សេះ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ ស្ដេច​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ស្ដេច ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ស្ដេច​បម្រុង​សម្រាប់​ទ័ព​ទាំង​នោះ។ ព្រះ‌រាជា​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​មាន​ប្រាក់ មាស សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌ ដូច​ដើម​រាំង​ដែល​ដុះ​នៅ​តាម​វាល​ទំនាប។ ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​គីលី‌គា មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។ ពួក​គេ​នាំ​រទេះ​មក​ពី​ស្រុក​អេស៊ីប រទេះ​មួយ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ​រយ​ហា‌សិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ​ទៅ​លក់​ថ្វាយ​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​ហេត និង​ស្ដេច​នៃ​ជន‌ជាតិ​ស៊ីរី​ដែរ។

២ របាក្សត្រ 1:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ដាវីឌ ទ្រង់​មាន​អំណាច​ក្នុង​រាជ្យ​ទ្រង់​កាន់​តែ​មាំ‌មួន​ឡើង ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​បាន​គង់​នៅ​ជា​មួយ ព្រម​ទាំង​លើក​ដំកើង​ទ្រង់​ឡើង​យ៉ាង​ក្រៃ‌លែង សាឡូម៉ូន​ក៏​មាន​បន្ទូល​នឹង​បណ្តា​ពួក​អ៊ីស្រាអែល ពួក​មេ‌ទ័ព​ធំ​តូច ពួក​ចៅ‌ក្រម នឹង​ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក​គេ រួច​ទ្រង់ នឹង​ពួក​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ទៅ​ឯ​ទី​ខ្ពស់ ដែល​នៅ​ត្រង់​ក្រុង​គីបៀន ដ្បិត​ត្រសាល​ជំនុំ​នៃ​ព្រះ ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន បាន​នៅ​ទី​នោះ តែ​ឯ​ហឹប​នៃ​ព្រះ នោះ​ដាវីឌ​បាន​នាំ​យក​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀបចំ​ទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​១ សំរាប់​ឲ្យ​ហឹប​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ រីឯ​អាសនា​លង្ហិន ដែល​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ​បាន​ធ្វើ នោះ​ក៏​នៅ​មុខ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ត្រង់​គីបៀន ហើយ​សាឡូម៉ូន នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា​បាន​សង្វាត​រក​អាសនា​នោះ ទ្រង់​ឡើង​ទៅ​ថ្វាយ​ដង្វាយ​ដុត​អស់​១​ពាន់ នៅ​លើ​អាសនា​លង្ហិន ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ត្រសាល​ជំនុំ​នោះ។ ក្នុង​ពេល​យប់​នោះ ព្រះ‌ទ្រង់​លេច​មក​ឯ​សាឡូម៉ូន​មាន​បន្ទូល​ថា ចូរ​ឲ្យ​ឯង​សូម​ចុះ តើ​ចង់​ឲ្យ​អញ​ឲ្យ​អ្វី​ដល់​ឯង សាឡូម៉ូន​ទ្រង់​ឆ្លើយ​ថា ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ជា​ធំ ដល់​ដាវីឌ ជា​បិតា​ទូលបង្គំ ក៏​បាន​តាំង​ទូលបង្គំ​ឡើង ជា​ស្តេច​ជំនួស​បិតា​ហើយ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ បាន​តាំង​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង ជា​ស្តេច​លើ​សាសន៍១​មាន​គ្នា​ច្រើន​ដូច​ជា​ផង់​ធូលី​នៅ​ផែនដី ដូច្នេះ សូម​ប្រោស‌ប្រទាន ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា នឹង​យោបល់ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ចេញ​ចូល​នាំ​មុខ​បណ្តាជន​នេះ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​គ្រប់‌គ្រង លើ​រាស្ត្រ​របស់​ទ្រង់ ដែល​មាន​ច្រើន​ទាំង​ម៉្លេះ​នេះ​បាន ព្រះ‌ទ្រង់​មាន​បន្ទូល​តប​ថា ដោយ​ព្រោះ​ឯង​បាន​ប្រាថ្នា​ដូច្នេះ នៅ​ក្នុង​ចិត្ត ហើយ​មិន​បាន​សូម​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ឬ​ធន‌ធាន ឬ​កិត្តិយស ឬ​ការ​ប្រហារ​ជីវិត​នៃ​ពួក​អ្នក​ដែល​ស្អប់​ឯង ក៏​មិន​បាន​សូម​អាយុ​ឲ្យ​យឺន‌យូរ​ឡើយ គឺ​បាន​សូម​ឲ្យ​មាន​ប្រាជ្ញា នឹង​យោបល់​វិញ ដើម្បី​នឹង​គ្រប់‌គ្រង​លើ​រាស្ត្រ​អញ ដែល​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ ដូច្នេះ អញ​ឲ្យ​ឯង​មាន​ប្រាជ្ញា នឹង​យោបល់​ហើយ ថែម​ទាំង​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ ធន‌ធាន នឹង​កិត្តិយស​ទៀត​ផង ដល់​ម៉្លេះ​បាន​ជា​មុន​ឯង មិន​ដែល​មាន​ស្តេច​ណា បាន​យ៉ាង​នោះ​ឡើយ ហើយ​ក្រោយ​ឯង​ទៅ​មុខ​ទៀត ក៏​មិន​មាន​ដែរ ដូច្នេះ សាឡូម៉ូន​ទ្រង់​ក៏​វិល​ត្រឡប់​ពី​ទី​ខ្ពស់ នៅ​ត្រង់​គីបៀន គឺ​ពី​មុខ​ត្រសាល​ជំនុំ មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល។ សាឡូម៉ូន​ទ្រង់​ប្រមូល​បាន​រទេះ​ចំបាំង នឹង​ពល​សេះ មាន​រទេះ​១​ពាន់​៤​រយ នឹង​ពល​សេះ​១​ម៉ឺន​២​ពាន់ ក៏​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ដែល​សំរាប់​រទេះ​ចំបាំង ហើយ​នៅ​ជា​មួយ​នឹង​ស្តេច ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​ក្រុង​នោះ ទ្រង់​ធ្វើ​ឲ្យ​មាន​ប្រាក់ នឹង​មាស​សម្បូរ ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តាត្រៅ​សម្បូរ ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប​ដែរ ឯ​សេះ​ទាំង​ប៉ុន្មាន​របស់​សាឡូម៉ូន នោះ​សុទ្ធ​តែ​មក​ពី​ស្រុក​អេស៊ីព្ទ ពួក​ជំនួញ​របស់​ស្តេច គេ​ទៅ​ទិញ ដឹក‌នាំ​មក​ទាំង​ហ្វូងៗ តាម​ដំឡៃ គេ​ក៏​នាំ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​មក ១​ដំឡៃ​ជា​ប្រាក់​៦០០​រៀល ហើយ​សេះ​១​ដំឡៃ​ជា​ប្រាក់​១៥០​រៀល គេ​ក៏​ដឹក​រទេះ​មក​យ៉ាង​នោះ ឲ្យ​ដល់​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត នឹង​ស្តេច​ស្រុក​ស៊ីរី​ដែរ។