១ ធីម៉ូថេ 6:7-12
១ ធីម៉ូថេ 6:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតយើងមិនបានយកអ្វីចូលមកក្នុងលោកនេះទេ ហើយយើងក៏មិនអាចយកអ្វីចេញពីលោកនេះទៅបានដែរ។ ប៉ុន្ដែ ប្រសិនបើមានអាហារទទួលទាន និងសម្លៀកបំពាក់ នោះល្មមឲ្យយើងស្កប់ចិត្តហើយ។ ឯអស់អ្នកដែលចង់ធ្វើជាអ្នកមាន តែងធ្លាក់ទៅក្នុងការល្បួង ហើយជាប់អន្ទាក់ ព្រមទាំងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅជាច្រើន ដែលនាំឲ្យមានទុក្ខទោស ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាសអន្តរាយ។ ដ្បិតការដែលស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយដោយការលោភចង់បានប្រាក់ អ្នកខ្លះក៏បានវង្វេងចេញពីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយការឈឺចាប់ជាច្រើន។ ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។ ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។
១ ធីម៉ូថេ 6:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅដែរ!។ ដូច្នេះ ប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់ នោះយើងស្កប់ចិត្តហើយ។ រីឯអស់អ្នកដែលចង់មានចង់បានតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្តប៉ងប្រាថ្នា លេលា និងចង្រៃជាច្រើន ដែលពន្លិចមនុស្សឲ្យវិនាសអន្តរាយ ដ្បិតការស្រឡាញ់ប្រាក់ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឲ្យស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងឲ្យវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។ ចំពោះអ្នកវិញ អ្នកបម្រើរបស់ព្រះជាម្ចាស់អើយ ត្រូវគេចចេញឲ្យឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ ចិត្តស្លូតបូត។ ត្រូវពុះពារតយុទ្ធសម្រាប់ជំនឿឲ្យបានល្អប្រសើរ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នកមកឲ្យទទួលជីវិតអស់កល្បជានិច្ចនេះ ដូចអ្នកបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើន ដែលជាសាក្សី។
១ ធីម៉ូថេ 6:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយនេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ តែបើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន។ តែ ឱអ្នកសំណប់នៃព្រះអើយ ចូរឲ្យអ្នករត់ចៀសចេញពីសេចក្ដីទាំងនោះ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីគោរពប្រតិបត្តិដល់ព្រះ សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីសំឡូតវិញ ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្ដីជំនឿ ចូរតោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់ ដែលព្រះបានហៅអ្នកមកទទួល ហើយអ្នកក៏បានធ្វើបន្ទាល់យ៉ាងល្អនៅមុខសាក្សីជាច្រើនដែរ