១ ធីម៉ូថេ 6:6-19

១ ធីម៉ូថេ 6:6-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់​ស្កល់ នោះ​ពិត​ជា​កម្រៃ​មួយ​យ៉ាង​ធំ​មែន។ ដ្បិត​យើង​មិន​បាន​យក​អ្វីចូល​មក​ក្នុង​លោក​នេះ​ទេ ហើយ​យើង​ក៏មិន​អាច​យក​អ្វី​ចេញពី​លោក​នេះ​ទៅ​បាន​ដែរ។ ប៉ុន្ដែ ប្រសិន‌បើ​មាន​អាហារ​ទទួល​ទាន និង​សម្លៀក​បំពាក់ នោះ​ល្មម​ឲ្យ​យើង​ស្កប់​ចិត្ត​ហើយ។ ឯ​អស់​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​មាន តែង​ធ្លាក់​ទៅ​ក្នុង​ការ​ល្បួង ហើយ​ជាប់​អន្ទាក់ ព្រម​ទាំង​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ល្ងង់​ខ្លៅ​ជា​ច្រើន ដែល​នាំ​ឲ្យ​មាន​ទុក្ខ​ទោស ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស​អន្តរាយ។ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​ដោយ​ការ​លោភ​ចង់​បាន​ប្រាក់ អ្នក​ខ្លះ​ក៏​បាន​វង្វេង​ចេញ​ពី​ជំនឿ ទាំង​ចាក់​ទម្លុះ​ខ្លួន​គេ ដោយ​ការ​ឈឺ​ចាប់​ជា​ច្រើន។ ប៉ុន្តែ ចំពោះ​អ្នក​វិញ ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់ និង​ចិត្ត​ស្លូតបូត​វិញ។ ចូរ​ត​យុទ្ធ​ឲ្យ​បាន​ល្អខាង​ជំនឿ ចូរចាប់​ជីវិត​អស់​កល្ប​ជានិច្ចឲ្យ​ជាប់ ជា​ជីវិត​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ប្រកាស​យ៉ាង​ល្អ​នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន។ ខ្ញុំ​ដាស់​តឿន​អ្នក​នៅ​ចំពោះ​ព្រះ ដែល​ទ្រង់​ប្រទាន​ជីវិត​ដល់​អ្វីៗ​ទាំង​អស់ ហើយ​នៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត់​ថា ចូរ​កាន់​តាម​ព្រះឱវាទ​ឲ្យ​បាន​ល្អ ហើយ​ឥត​កន្លែង​បន្ទោស​បាន រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើងលេច​មក ដែល​ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​វេលា​កំណត់ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ពរ ជា​អធិបតី​តែ​មួយ​គត់ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច និង​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ មាន​តែ​ព្រះ‌អង្គ​មួយ​គត់​ដែល​មាន​ព្រះ​ជន្ម​មិន​ចេះ​សាប​សូន្យ ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែលមិន​អាច​ចូល​ទៅ​ជិត​បាន គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ‌អង្គ​ឡើយ ក៏​មិន​អាច​មើល​ឃើញ​ព្រះ‌អង្គ​ដែរ សូម​លើក​តម្កើងព្រះ​កិត្តិនាម និង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច។ អាម៉ែន។ ចូរ​ដាស់​តឿន​ពួក​អ្នក​មាន​នៅ​លោកីយ៍​នេះ កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​សង្ឃឹម​លើ​ទ្រព្យ‌សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ តែ​ត្រូវ​សង្ឃឹម​លើ​ព្រះដែល​ទ្រង់​ប្រទានអ្វីៗ​ទាំង​អស់​មក​យើង​យ៉ាង​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ។ ត្រូវ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើល្អ ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ ជា​មនុស្ស​មាន​ចិត្ត​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ចែក​រំលែក​ផង។ ធ្វើ​ដូច្នេះ គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្ដិ ដែល​ជា​គ្រឹះ​ដ៏​ល្អ ទុក​សម្រាប់​ខ្លួន​នៅ​ពេល​អនាគត ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​ដ៏​ពិត​ប្រាកដ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 6

១ ធីម៉ូថេ 6:6-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​អ្នក​ដែល​ចេះ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ពិត​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ ដើម្បី​រក​ទ្រព្យ​សម្បត្តិ​មែន! ដ្បិត​យើង​ពុំ​បាន​យក​អ្វី​ចូល​មក​ក្នុង​លោក​នេះ ហើយ​យើង​ក៏​ពុំ​អាច​យក​អ្វី​ចេញ​ពី​លោក​នេះ​ទៅ​ដែរ!។ ដូច្នេះ ប្រសិន​បើ​យើង​មាន​ម្ហូប​អាហារ មាន​សម្លៀក‌បំពាក់ នោះ​យើង​ស្កប់​ចិត្ត​ហើយ។ រីឯ​អស់​អ្នក​ដែល​ចង់​មាន​ចង់​បាន​តែងតែ​ចាញ់​ការ​ល្បួង ជាប់​អន្ទាក់ ដោយ​ចិត្ត​ប៉ង‌ប្រាថ្នា លេលា និង​ចង្រៃ​ជា​ច្រើន ដែល​ពន្លិច​មនុស្ស​ឲ្យ​វិនាស​អន្តរាយ ដ្បិត​ការ​ស្រឡាញ់​ប្រាក់​ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ ដោយ​បណ្ដោយ​ខ្លួន​ឲ្យ​ស្រឡាញ់​ប្រាក់​ដូច្នេះ បងប្អូន​ខ្លះ​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​ជំនឿ ព្រម​ទាំង​ធ្វើ​បាប​ខ្លួន​ឯង​ឲ្យ​វេទនា ឈឺ​ផ្សា​ជា​ច្រើន​ថែម​ទៀត​ផង។ ចំពោះ​អ្នក​វិញ អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់​អើយ ត្រូវ​គេច​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការ​ទាំង​នេះ។ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ត​អត់‌ធ្មត់ ចិត្ត​ស្លូត​បូត។ ត្រូវ​ពុះ‌ពារ​តយុទ្ធ​សម្រាប់​ជំនឿ​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​ឈោង​ចាប់​យក​ជីវិត​អស់‌កល្ប​ជានិច្ច ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​មក​ឲ្យ​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​នេះ ដូច​អ្នក​បាន​ទទួល​ស្គាល់ ក្នុង​ពេល​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន ដែល​ជា​សាក្សី។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ដែល​ប្រទាន​ឲ្យ​អ្វីៗ​ទាំង​អស់​មាន​ជីវិត និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះគ្រិស្ត‌យេស៊ូ ដែល​បាន​ផ្ដល់​សក្ខីភាព​ដោយ​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​មុខ​លោក​ប៉ុនទាស-‌ពីឡាត ខ្ញុំ​សុំ​ដាស់​តឿន​អ្នក​ថា ចូរ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ឥត​កំហុស រហូត​ដល់​ពេល​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក នៅ​ពេល​កំណត់​ដែល​ព្រះ‌ជាម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ។ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សុភមង្គល មាន​តែ​ព្រះអង្គ​មួយ​គត់ ដែល​ជា​ព្រះ‌អធិបតី ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ ធំ​លើស​មហា‌ក្សត្រ​នានា ជា​ព្រះ‌អម្ចាស់​ធំ​លើស​អម្ចាស់​នានា មាន​តែ​ព្រះអង្គ​មួយ​គត់​ដែល​មាន ព្រះ‌ជន្ម​អមតៈ ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ ដែល​គ្មាន​នរណា អាច​ចូល​ជិត​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​បាន​ឃើញ និង​អាច​ឃើញ​ព្រះអង្គ​ដែរ សូម​លើក​តម្កើង​ព្រះ‌កិត្តិនាម និង​ព្រះ‌ចេស្ដា របស់​ព្រះអង្គ​អស់‌កល្ប​ជានិច្ច! អាម៉ែន!។ ចូរ​ដាស់​តឿន​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ កុំ​ឲ្យ​អួត​ខ្លួន និង​យក​ទ្រព្យ​សម្បត្តិ​ដែល​មិន​ទៀង​ធ្វើ​ជា​ទី​សង្ឃឹម​ឡើយ គឺ​ត្រូវ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ដែល​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូណ៌ សម្រាប់​ឲ្យ​យើង​ប្រើ‌ប្រាស់​នោះ​វិញ។ ត្រូវ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​ល្អ ឲ្យ​គេ​ធ្វើ​ជា​អ្នក​មាន​ផ្នែក​ខាង​បុណ្យ​ទាន ឲ្យ​គេ​មាន​ចិត្ត​ទូលាយ ចេះ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀតៗ ធ្វើ​ដូច្នេះ គេ​នឹង​សន្សំ​សម្បត្តិ​ដ៏​ល្អ​គង់‌វង្ស​សម្រាប់​លោក​ខាង​មុខ ដើម្បី​ទទួល​ជីវិត​ដ៏​ពិត​ប្រាកដ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 6

១ ធីម៉ូថេ 6:6-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់‌ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ តែ​បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀក‌បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុក‌ស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្តេស​ផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន‌វិនាស នឹង​សេចក្ដី​អន្តរ‌ធាន​វិញ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង‌លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន។ តែ ឱ​អ្នក​សំណប់​នៃ​ព្រះ​អើយ ចូរ​ឲ្យ​អ្នក​រត់​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នោះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់‌ខ្ជួន នឹង​សេចក្ដី​សំឡូត​វិញ ចូរ​ខំ​ប្រឹង​តស៊ូ ដោយ​ការ​ត​យ៉ាង​ល្អ​នៃ​សេចក្ដី​ជំនឿ ចូរ​តោង​ចាប់​ជីវិត​អស់​‌កល្ប​ជានិច្ច​ឲ្យ​ខ្ជាប់ ដែល​ព្រះ​បាន​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​នៅ​មុខ​សាក្សី​ជា​ច្រើន​ដែរ ខ្ញុំ​ផ្តាំ​មក​អ្នក នៅ​ចំពោះ​ព្រះ ដែល​ទ្រង់​ប្រទាន​ជីវិត​ដល់​គ្រប់​ទាំង​អស់ ហើយ​នៅ​ចំពោះ​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត់​ថា ឲ្យ​អ្នក​កាន់​តាម​បញ្ញត្ត​បែប​ដែល​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ដរាប​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​លេច​មក ដែល​ព្រះ​នឹង​សំដែង​ឲ្យ​ឃើញ​ទ្រង់ ក្នុង​វេលា​កំណត់ គឺ​ជា​ស្តេច​ចក្រ​តែ​១​ព្រះ‌អង្គ​ដ៏​មាន​ពរ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ក៏​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​មិន​ចេះ​សុគត ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែល​រក​ចូល​ទៅ​ជិត​មិន​បាន គ្មាន​មនុស្ស​ណា​ដែល​ឃើញ​ទ្រង់​ឡើយ ក៏​មើល​ទ្រង់​មិន​ឃើញ​ផង សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះ‌នាម នឹង​ព្រះ‌ចេស្តា នៅ​អស់​‌កល្ប​ជានិច្ច អាម៉ែន។ ចូរ​ហាម‌ប្រាម ដល់​ពួក​អ្នក​មាន នៅ​លោកីយ​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ នឹង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង យ៉ាង​នោះ​ឯង ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច។

ចែក​រំលែក
អាន ១ ធីម៉ូថេ 6