១ ធីម៉ូថេ 6:3-9
១ ធីម៉ូថេ 6:3-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នកណាបង្រៀនសេចក្ដីអ្វីផ្សេងទៀត ហើយមិនយល់ព្រមតាមពាក្យសម្ដីដែលត្រឹមត្រូវ ក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងជាសេចក្ដីបង្រៀនស្របតាមការគោរពប្រតិបត្តិដល់ព្រះទេ អ្នកនោះជាមនុស្សអួតបំប៉ោង ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតការឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ និងការសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ ជាជម្លោះឥតប្រយោជន៍របស់មនុស្សខូចគំនិត គ្មានសេចក្ដីពិត ដោយស្មានថា ការគោរពប្រតិបត្តិដល់ព្រះ ជាមធ្យោបាយនាំឲ្យបានកម្រៃ។ ប៉ុន្ដែ ការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ នោះពិតជាកម្រៃមួយយ៉ាងធំមែន។ ដ្បិតយើងមិនបានយកអ្វីចូលមកក្នុងលោកនេះទេ ហើយយើងក៏មិនអាចយកអ្វីចេញពីលោកនេះទៅបានដែរ។ ប៉ុន្ដែ ប្រសិនបើមានអាហារទទួលទាន និងសម្លៀកបំពាក់ នោះល្មមឲ្យយើងស្កប់ចិត្តហើយ។ ឯអស់អ្នកដែលចង់ធ្វើជាអ្នកមាន តែងធ្លាក់ទៅក្នុងការល្បួង ហើយជាប់អន្ទាក់ ព្រមទាំងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅជាច្រើន ដែលនាំឲ្យមានទុក្ខទោស ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាសអន្តរាយ។
១ ធីម៉ូថេ 6:3-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេង ហើយមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង និងមិនយកចិត្តទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេនោះ អ្នកនោះជាមនុស្សអួតបំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែកញែក និងឈ្លោះប្រកែកអំពីពាក្យពេចន៍។ ការទាំងនេះបង្កឲ្យតែមានការច្រណែនឈ្នានីស ការបាក់បែក ការជេរប្រមាថ ការមិនទុកចិត្តគ្នា និងនាំឲ្យអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថា ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ជាមធ្យោបាយរកទ្រព្យសម្បត្តិ។ ចំពោះអ្នកដែលចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពិតជាមធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្តិមែន! ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅដែរ!។ ដូច្នេះ ប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់ នោះយើងស្កប់ចិត្តហើយ។ រីឯអស់អ្នកដែលចង់មានចង់បានតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្តប៉ងប្រាថ្នា លេលា និងចង្រៃជាច្រើន ដែលពន្លិចមនុស្សឲ្យវិនាសអន្តរាយ
១ ធីម៉ូថេ 6:3-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកណាបង្រៀនពីសេចក្ដីអ្វីផ្សេងទៀត ហើយមិនយល់ព្រមតាមពាក្យសំដីដែលត្រឹមត្រូវ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងជាសេចក្ដីបង្រៀនដែលត្រឹមត្រូវ តាមសេចក្ដីគោរពប្រតិបត្តិដល់ព្រះទេ អ្នកនោះឈ្មោះថាមានចិត្តធំ ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតសេចក្ដីឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ នឹងសេចក្ដីសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ ជាសេចក្ដីជំលោះឥតប្រយោជន៍របស់មនុស្សខូចគំនិត ហើយឥតស្គាល់សេចក្ដីពិត ដោយស្មានថា ការគោរពប្រតិបត្តិដល់ព្រះជាផ្លូវឲ្យបានកំរៃ តែការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយនេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ តែបើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ