១ ធីម៉ូថេ 6:1-10
១ ធីម៉ូថេ 6:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សម្រាប់អស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើ ត្រូវគោរពចៅហ្វាយរបស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យគេប្រមាថដល់ព្រះនាមរបស់ព្រះ និងសេចក្ដីបង្រៀននេះឡើយ។ អស់អ្នកដែលមានចៅហ្វាយជាអ្នកជឿ មិនត្រូវមានចិត្តមើលងាយ ដោយហេតុថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើចៅហ្វាយទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ព្រោះអស់អ្នកដែលទទួលការបម្រើដ៏ល្អរបស់គេ គឺជាពួកអ្នកជឿ និងជាបងប្អូនស្ងួនភ្ងា។ ត្រូវបង្រៀន ហើយដាស់តឿនសេចក្ដីទាំងនេះដល់គេចុះ។ ប្រសិនបើអ្នកណាបង្រៀនសេចក្ដីអ្វីផ្សេងទៀត ហើយមិនយល់ព្រមតាមពាក្យសម្ដីដែលត្រឹមត្រូវ ក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងជាសេចក្ដីបង្រៀនស្របតាមការគោរពប្រតិបត្តិដល់ព្រះទេ អ្នកនោះជាមនុស្សអួតបំប៉ោង ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតការឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ និងការសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ ជាជម្លោះឥតប្រយោជន៍របស់មនុស្សខូចគំនិត គ្មានសេចក្ដីពិត ដោយស្មានថា ការគោរពប្រតិបត្តិដល់ព្រះ ជាមធ្យោបាយនាំឲ្យបានកម្រៃ។ ប៉ុន្ដែ ការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ នោះពិតជាកម្រៃមួយយ៉ាងធំមែន។ ដ្បិតយើងមិនបានយកអ្វីចូលមកក្នុងលោកនេះទេ ហើយយើងក៏មិនអាចយកអ្វីចេញពីលោកនេះទៅបានដែរ។ ប៉ុន្ដែ ប្រសិនបើមានអាហារទទួលទាន និងសម្លៀកបំពាក់ នោះល្មមឲ្យយើងស្កប់ចិត្តហើយ។ ឯអស់អ្នកដែលចង់ធ្វើជាអ្នកមាន តែងធ្លាក់ទៅក្នុងការល្បួង ហើយជាប់អន្ទាក់ ព្រមទាំងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅជាច្រើន ដែលនាំឲ្យមានទុក្ខទោស ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាសអន្តរាយ។ ដ្បិតការដែលស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយដោយការលោភចង់បានប្រាក់ អ្នកខ្លះក៏បានវង្វេងចេញពីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយការឈឺចាប់ជាច្រើន។
១ ធីម៉ូថេ 6:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះបងប្អូនដែលជាទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់ព្រះនាមនៃព្រះជាម្ចាស់ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងឡើយ។ បងប្អូនទាំងឡាយណាមានម្ចាស់ជាអ្នកជឿ មិនត្រូវធ្វេសប្រហែសក្នុងការគោរពគាត់ ដោយយល់ថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើម្ចាស់ទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ដោយយល់ថា អ្នកដែលទទួលការបម្រើដ៏ល្អនេះ គឺជាអ្នកជឿ និងជាបងប្អូនដ៏ជាទីស្រឡាញ់។ អ្នកត្រូវបង្រៀន និងដាស់តឿនគេតាមសេចក្ដីទាំងនេះ។ ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេង ហើយមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង និងមិនយកចិត្តទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេនោះ អ្នកនោះជាមនុស្សអួតបំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែកញែក និងឈ្លោះប្រកែកអំពីពាក្យពេចន៍។ ការទាំងនេះបង្កឲ្យតែមានការច្រណែនឈ្នានីស ការបាក់បែក ការជេរប្រមាថ ការមិនទុកចិត្តគ្នា និងនាំឲ្យអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថា ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ជាមធ្យោបាយរកទ្រព្យសម្បត្តិ។ ចំពោះអ្នកដែលចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពិតជាមធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្តិមែន! ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅដែរ!។ ដូច្នេះ ប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់ នោះយើងស្កប់ចិត្តហើយ។ រីឯអស់អ្នកដែលចង់មានចង់បានតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្តប៉ងប្រាថ្នា លេលា និងចង្រៃជាច្រើន ដែលពន្លិចមនុស្សឲ្យវិនាសអន្តរាយ ដ្បិតការស្រឡាញ់ប្រាក់ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឲ្យស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងឲ្យវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។
១ ធីម៉ូថេ 6:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯអស់អ្នកទាំងប៉ុន្មាន ដែលនៅក្រោមនឹមជាបាវបំរើគេ នោះត្រូវរាប់ចៅហ្វាយខ្លួន ទុកជាគួរនឹងគោរពប្រតិបត្តិគ្រប់យ៉ាងចុះ ដើម្បីកុំឲ្យគេប្រមាថដល់ព្រះនាមព្រះ នឹងសេចក្ដីបង្រៀននេះឡើយ ហើយអ្នកណាដែលមានចៅហ្វាយជាអ្នកជឿ នោះមិនត្រូវមានចិត្តមើលងាយដល់ចៅហ្វាយនោះ ដោយព្រោះជាបងប្អូនគ្នាទេ តែស៊ូបំរើវិញ ដោយព្រោះចៅហ្វាយនោះជាអ្នកជឿ ហើយជាស្ងួនភ្ងាដែរ ជាអ្នកដែលចំរើនឡើង ដោយការបំរើយ៉ាងល្អនោះឯង ចូរឲ្យអ្នកបង្រៀនសេចក្ដីទាំងនេះ ហើយទូន្មានគេចុះ។ បើអ្នកណាបង្រៀនពីសេចក្ដីអ្វីផ្សេងទៀត ហើយមិនយល់ព្រមតាមពាក្យសំដីដែលត្រឹមត្រូវ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងជាសេចក្ដីបង្រៀនដែលត្រឹមត្រូវ តាមសេចក្ដីគោរពប្រតិបត្តិដល់ព្រះទេ អ្នកនោះឈ្មោះថាមានចិត្តធំ ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតសេចក្ដីឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ នឹងសេចក្ដីសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ ជាសេចក្ដីជំលោះឥតប្រយោជន៍របស់មនុស្សខូចគំនិត ហើយឥតស្គាល់សេចក្ដីពិត ដោយស្មានថា ការគោរពប្រតិបត្តិដល់ព្រះជាផ្លូវឲ្យបានកំរៃ តែការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយនេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ តែបើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន។